ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេងប្រុស​ម្នាក់ ​​បាន​លង់ទឹក​ស្លាប់ នៅ​ស្រះ​ទឹក​ខាងក្រោយ​សាលារៀន​គ្រី​ន​វ៉េ​

​ឧ​ត្ត​រ​មានជ័យ​ ៖ មាន​ករណី​លង់ទឹក​ស្លាប់​ ក្មេង​ប្រុស​០១​នាក់ នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣០​នាទី នៅ​ចំណុច​ស្រះ​ទឹក ខាងក្រោយ​សាលារៀន​គ្រី​ន​វ៉េ ស្ថិតនៅ​ភូមិ​ពុរ សង្កាត់​សំរោង​ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ​ឈ្មោះ ប៉ុក រ៉ា​នុត​ ភេទ​ប្រុស អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុរ​សង្កាត់​សំរោង ក្រុង​សំរោង។​

ក្រោយពី​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ​ក្រុង បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​ និង ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ដល់​កន្លែងកើតហេតុ ​ធ្វើការ​ត្រួតពិនិត្យ​សាក​សព។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ថានភាព​កន្លែង​កើតហេតុ ស្ថិតនៅក្នុង​ស្រះ​ទឹក ទំហំ​១៣​ម គុណ ៤០​ម​ ជម្រៅ​៣​ម ក្រោយ​សាលារៀន​គ្រី​ន​វ៉េ​ ហើយ​ស្ថានភាព​សាកសព ស្លៀក​ខោ​ខោវប៊យ​ខើច​ជើង ពាក់​អាវយឺត​ដៃខ្លី​ ពណ៌​ទឹកក្រូច នៅ​លើ​ក្បាល និង​រាងកាយ ពុំមាន​ស្លាក​ស្នាមរបួស​ទេ តែ​មាន​ចេញ​លាមក​បន្តិច។​

បើតាម​ការបំភ្លឺ​ពី ឈ្មោះ ប៉ក់ សា​ណា​ភេទ​ស្រី អាយុ​១១​ឆ្នាំ (​ជា​បងស្រី​របស់​សាកសព​) បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១៣​និង​០០​នាទី ជនរងគ្រោះ ​បាន​ដើរ​ទៅ​លេង​នៅ​ក្រោយ​សាលារៀន​គ្រី​ន​វ៉េ ជាមួយ​ក្មេងៗ​ ក្នុងភូមិ​ជាច្រើន ហើយ​បាន​ចុះ​លេង​ទឹកស្រះ​លុះ​នៅ​ម៉ោង​ប្រហែល​១៦​និង​០០​នាទី ពេល​ក្មេងៗ​ដទៃ​ទៅផ្ទះ​វិញ​អស់ រូប​ខ្លួន​ពុំ​បាន​ឃើញ​ប្អូនប្រុស​ទេ គឺ​ឃើញ​តែ​ស្បែក​ជើង​នៅ​មាត់​ស្រះ។ ពេលនោះ​រូប​ខ្លួន​ក៏​ដើរ​ទៅ​ផ្ទះ​វិញ ដោយ​មិនបាន​ចាប់អារម្មណ៍​អ្វី​ឡើយ រហូត​ដ​លើ​ម៉ោង​ប្រហែល​១៧​និង​០០​នាទី ពេល​ម្តាយ​សួររក​ប្អូន ទើប​ខ្លួន​ឆ្លើយ​ប្រាប់ថា ឃើញ​តែ​ស្បែកជើង​នៅ​មាត់​ស្រះ ភ្លាមៗ​នោះ​ឪពុកម្ដាយ និង​មាមីង ក៏បាន​ទៅ​ស្រះ​ទឹក​នោះ ហើយ​ចុះ​រាវ​រក​ឃើញ​ប្អូន និង​បាន​លើក​បី​ឡើងគោក តែ​ប្អូនប្រុស​ស្លាប់​បាត់​ទៅ​ហើយ។​

ការសន្និដ្ឋាន​របស់​កម្លាំង​ជំនាញ​សមត្ថកិច្ច ជនរងគ្រោះ​ បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន។​

ក្រោយ​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សាកសព​រួច ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ទៅ​សាច់ញាតិ​ដើម្បី​យកទៅ​ធ្វើបុណ្យ​៕