ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​នាំ​ពាក្យ​ថា សម រង្ស៊ី គ្មាន​តម្លៃ ហើយ​គ្មាន​ការ​ចាំបាច់​ណាមួយ ដើម្បី​ចាត់វិធានការ​នៅក្នុង​ប្រទេស​កូរ៉េ​នោះទេ​

ភ្នំពេញ ​​៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន បាន​អះអាងថា ទណ្ឌិត សម រង្ស៊ី គ្មាន​តម្លៃ ហើយ​គ្មាន​ការចាំបាច់​ណាមួយ ដើម្បី​ចាត់វិធានការ​នៅក្នុង​ប្រទេស​កូរ៉េ​នោះទេ ពីព្រោះ​ការចាត់វិធានការ​លោក សម រង្ស៊ី នៅ​កូរ៉េខាងត្បូង នាំឱ្យមាន​អរិភាព​រវាង​ខ្មែរ និង​ខ្មែរ នៅលើ​ទឹកដី​បរទេស។

លោក ផៃ ស៊ី​ផាន បញ្ជាក់​បែបនេះ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩។ លោក​បញ្ជាក់​យ៉ាង​នេះ​ថា “​ដើម្បី​បញ្ចៀស​ការ​យល់ច្រឡំ ចំពោះ​វិធានការ​ប្រឆាំង​នឹង​ក្រុម ឬ​អង្គការ ដែល​ត្រៀមលក្ខណៈ​ស្វាគមន៍​ទណ្ឌិត សម រង្ស៊ី នៅ​ឯ​នាយសមុទ្រ​នោះ គឺ​រាជរដ្ឋាភិបាល​អាច​មាន​លទ្ធភាព​តាម​ផ្លូវ​ច្បាប់ ក្នុង​កិច្ច​ចាត់វិធានការ​ដោយ​ប្រការ​ណាមួយ​ជា​ចាំបាច់។ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ទន់ភ្លន់ និង​ម៉ឺងម៉ាត់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​មាន​គុណធម៌ និង​សីលធម៌​ខ្ពស់​នោះ ខ្ញុំ​ផ្ទាល់​យល់ឃើញថា គឺ​មិនមាន​តម្លៃ​នៃ​ការចាំបាច់​ណាមួយ ក្នុង​កិច្ច​ចាត់វិធានការ​នោះទេ គឺ​នាំឱ្យមាន​អរិភាព ឬ​រូបភាព​ប្រទូសរ៉ាយ​រវាង​ខ្មែរ និង​ខ្មែរ នៅលើ​ទឹកដី​បរទេស ដែល​សម្តេច​តេ​ជោ លោក​មិន​ចង់ឃើញ ករណី​នេះ​កើតឡើង​នោះ​ឡើយ ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់ និង​កិត្តិយស​ជាតិ។ រាជរដ្ឋាភិបាល​មាន​គោលការណ៍​យ៉ាង​មុតមាំ និង​ច្បាស់លាស់ ក្នុង​កិច្ច​ថែរក្សា​កិត្តិយស និង​មុខមាត់​របស់​កម្ពុជា​”​។​

សូម​បញ្ជាក់​ថា លោក សម រង្ស៊ី ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ហើយ​មាន​ដីកា​តាម​ចាប់ខ្លួន​ពី​សមត្ថកិច្ច​កម្ពុជា​នោះ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ក្វាង​ជូ ប្រទេស​កូរ៉េខាងត្បូង រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩-២០-២១ ខែមេសា ឆ្នាំ​២០១៩ ខាងមុខ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នេះដែរ លោក សម រង្ស៊ី ចូលរួម​ក្នុង​កម្ម​ពិធី​មួយចំនួន​ដូចជា ទី​១. ថ្ងៃទី​១៩ ចូលរួម​សន្និសីទ​កូរ៉េ​-​កម្ពុជា ស្តីពី​ប្រជាធិបតេយ្យ​, សិទ្ធិមនុស្ស​, សន្តិភាព (​ទីក្រុង​ក្វាង​ជូ​ធំ​)​។ ទី​២. ថ្ងៃទី​២០ ចូលរួម​ក្នុង​កម្ម​ពិធី​សមាជ​អ្នក​ប្រជា​ធិ​បតេ​យ្យ ជាមួយ​បណ្តា​អ្នកស្នេហាជាតិ មកពី​ជុំវិញ​សកលលោក​។ ទី​៣. ចូលរួម​ដឹកនាំ​មហា​បាតុកម្ម ភ្លើងទៀន​ជាមួយ​អ្នកគាំទ្រ បក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ​លើ​ប្រធានបទ “​ដំណើរ​ឆ្ពោះទៅមុខ រំដោះ​ប្រជាធិបតេយ្យ​កម្ពុជា​” ហើយ​ចលនា​យុវជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ ក៏​អំពាវនាវ​មាន​ចូលរួម​ឲ្យ​បាន​ច្រើន ក្នុង​បាតុកម្ម​មួយ ដែលមាន​ឈ្មោះថា “​ភ្លើងទៀន​” ផងដែរ​៕