ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ប្រុស​កម្សត់ ស៊ីណា​វ៉ា​ត់​ត្រា ធ្លាយ​ដំណឹង​តៀម​ភ្ជាប់​ពាក្យ​ជាមួយ​សង្សារ​វ័យក្មេង ​នៅ​បាត់ដំបង​

​ភ្នំពេញ ​៖ តារា​ប្រុស​កម្សត់​ ធ្លាប់​មាន​ប្រវត្តិ​ជា​ក្មេង​ដើរ​លក់​នំ​តាម​ផ្សា​ លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា ដែល​គ្រង់​បាន​តំណែង​សម្ដែង​ជា​តួឯក​ល្បី​ បទ ​”​អូន​ដឹង​” ​របស់​តារា​ចម្រៀង ធា រ៉ានី នោះ​ ត្រូវ​បាន​ប្រភព​បង្ហើប​ឲ្យ​ដឹងថា ​ពេលនេះ ​លោក​កំពុង​ត្រៀម​ភ្ជាប់ពាក្យ​ជាមួយ​ម្ចាស់​ចិត្ត​នា​ខែឧសភា​ឆ្នាំ​២០១៩​ខាងមុខនេះ​ពោលគឺ​ក្រោយពេល​បុណ្យចូលឆ្នាំ​ខ្មែរ​រួច​។​

ប្រភព​បាន​បន្តទៀតថា ​អនាគត​ភរិយា​របស់ លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា រូបនេះ ​ត្រូវបាន​គេ​ដឹងថា​គឺជា​កូនក្រមុំ​អ្នកស្រុក​រួម​ខេត្ត​ដូចគ្នា​នៅ​បាត់ដំបង​។ ខណៈដែល​លោក​កំពុង​ត្រៀម​ក្លាយជា​គូ​ដណ្ដឹង​របស់​នារី​វ័យក្មេង​ក៏ពិតមែន ​ប៉ុន្តែ​ លោក ណា​វ៉ា​ត់​ត្រា មិនទាន់មាន​គម្រោង​កំណត់​ច្បាស់លាស់​ក្នុង​ការ​ចូល​រោងការ​ឡើយ​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​ លោក ណា​វ៉ា​ត់​ត្រា បាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​សា​អេឡិចត្រូនិក ​ដោយ​សារភាព​ថា ​​​ខ្លួន​ពិតជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​សង្សារ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​ចំណងស្នេហា​នេះ​មាន​ក្រុមគ្រួសារ​ទាំងសងខាង ​បានដឹង​ឭ​ទៀតផង​។​ អ្វីដែល​ លោក​ត្រៀម​ភ្ជាប់ពាក្យ​នៅពេល​នេះ​ គឺ​ដើម្បី​បំពេញ​បំណង​ម្ដាយ​ដែល​ចង់ឃើញ​លោក​ និង​សង្សារ​ច្បាស់លាស់​ជាមួយគ្នា ​ព្រោះ​ក្នុង​គ្រួសារ​ លោក​ជា​កូនពៅ​តែ​ម្នាក់​គត់​ ដែល​មិនទាន់​រៀបការ​ ខណៈ​បងៗ​មាន​គ្រួសារ​អស់​ទៅ​ហើយ​។​

តារា​ប្រុស​រូបនេះ​បាន​បន្តទៀតថា ចំពោះ​ការកំណត់​រឿង​ចូល​រោងការ​ពេលណា​នោះ​ លោក​ ណា​វ៉ា​ត់​ត្រា មិនទាន់​កំណត់​ដោយសារ​លោក​ចង់​មាន​មុខរបរ​អ្វីមួយ​ឲ្យ​ច្បាស់លាស់ ​ក្រៅពី​សិល្បៈ​សិន ​ទើប​រៀបការ​តាម​ក្រោយ​។ ​ថ្វីត្បិតតែ​ពេលនេះ​ ណា​វ៉ា​ត់​ត្រា​ សារភាព​មាន​ម្ចាស់​ចិត្ត​ហើយ​មែន ​តែ​អ្នក​សម្ដែង​ដែល​កំពុង​ឈានចូល​ប្រឡូក​រកស៊ី​វិស័យ​អចលនទ្រព្យ​នេះ​ថា​ លោក​មាន​ជម្រើស​ស្នេហ៍​ច្រើន​ដែរ​ ជាពិសេស​នារី​នៅ​បរទេស ​ក៏​ធ្លាប់​ទាក់ទង​រាប់អាន​ និង​ស្រលាញ់​ជា​សង្សារ​ ហើយ​ថែម​ទាំង​ចង់​ធានា​ឲ្យ​ទៅ​រស់នៅ​បរទេស​ទៀត​ផង​។​

ជាមួយគ្នានេះ​ លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា បន្ថែមថា ​ដោយ​ការស្រលាញ់​ គឺ​លោក​មិនអាច​ចោល​សង្សារ​នៅ​ក្រុង​បាត់ដំបង​បានឡើយ​ ព្រោះថា​ធ្លាប់មាន​ប្រវត្តិ​កម្សត់កម្រ​ជាមួយគ្នា​ ពិសេស​ស្នេហា​លោក​ត្រូវបាន​ចាស់ទុំ​ទាំងសងខាង​ដឹង​អស់​ទៅហើយ​ ហេតុនេះ​ ទើប​លោក​សម្រេចចិត្ត​ភ្ជាប់​ពាក្យ​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ​និង​ត្រៀម​រៀបការ​នា​ពេល​វេលា​សម​ស្រប​ខាងមុខនេះ​៕