Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអឺរ៉ុបចេញសេចក្ដីថ្លែងការណ៍ចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូប

បានផុស

នៅ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក អ៊ីហ្កូ​ ទ្រីសម៉ាន់ ចេញសេចក្ដីថ្លែងការណ៍ចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូប ដោយលោកមើលឃើញថា ជាមាគ៌ាឆ្ពោះទៅមុខសម្រាប់ទំនាក់ទំនងកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជា១៨រូបត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាព តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រោយត្រូវបានចាប់ខ្លួន អស់រយៈពេល១៥៥ថ្ងៃ ពោលគឺកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន ក្នុងពេលការប្រយុទ្ធលើកទី១ រវាងកម្ពុជា និងថៃ។

លោក អ៊ីហ្កូ​ ទ្រីសម៉ាន់ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៣១ ខែធ្នូនេះ ថា “ការដោះលែងទាហានកម្ពុជាចំនួន១៨នាក់ នៅថ្ងៃនេះគឺជាការវិវត្តដ៏គួរឱ្យរីករាយ និងជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសថៃ”

លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីការអំពាវនាវរបស់សហភាពអឺរ៉ុបឱ្យមានការបន្តអនុវត្តប្រកបដោយសុឆន្ទៈនូវរាល់ការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃ ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជាការរំលឹក ក្នុងកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅឯច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ កន្លងទៅ ភាគីកម្ពុជា និងថៃ បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនេះ ដោយបានឯកភាព និងសម្រេចលើចំណុចជាច្រើន ដែលជារួម បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ និងស្វែងរកនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម