ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ប្រកាស​មិន​គាំទ្រ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​ត្រៀម​វិធានការ​ពីរ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​សង្គម​កម្ពុជា​

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ប្រកាស​មិន​គាំទ្រ​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ ឬ​គ្រឿង​ស្រវឹង​ជា​សាធារណៈ និង​បានលើកឡើង​នូវ​វិធានការ​ចំពោះ​មុខ​ចំនួន​ពីរ ដើម្បី​ចូលរួម​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន ដែល​កើតចេញពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​មក​លើ​សង្គម​កម្ពុជា ជាពិសេស​យុវជន​-​យុវនារី ដែល​ជា​សសរទ្រូង ​នៃ​ប្រទេសជាតិ​។​

​ការប្រកាស​របស់ លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​តំណាង​គណបក្ស​នយោបាយ ដែលជា​សមាជិក​-​សមាជិកា ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ប្រមាណ​ជាង​៤០​រូប នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មេសា ឆ្នាំ​២០១៩ ជុំវិញ​ប្រធានបទ «​ផលប៉ះពាល់​ នៃ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​ជំហរ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ការមិន​ទទួលយក​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ស្រា​បៀរ សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ និង​វិធានការ​ចំនួន​ពីរ​ដែល​ក្រសួង​ត្រៀម​អនុវត្តន៍​ដូចជា ​៖
(១)​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម លើ​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​ដាក់ជូន​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច។
(២)​រៀបចំ​ប្រកាស​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម ដោយ​អនុលោម​តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​គុណភាព និង​សុវត្ថិភាព​ផលិតផល​ទំនិញ និង​សេវា​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​បន្ត​ជម្រាបជូន​អង្គប្រជុំ អំពី​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ការចុះ​អប់រំ​ច្បាប់ និង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ អំពី​ការផ្សាយពាណិជ្ជកម្ម​ដែលមាន​លក្ខណៈ​ភូតកុហក ឬ​ឆបោក ព្រមទាំង​ផលប៉ះពាល់​ នៃ​ការសេព​គ្រឿង​ស្រវឹង ក៏ដូចជា​ដំណើរការ​ចងក្រង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​សំខាន់ៗ សម្រាប់​បម្រើការ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ជាពិសេស​ការពារ​អត្ថ​ប្រយោជន៍​ប្រជាពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់​ទំនិញ និង​វិស័យ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​ស្នើសុំ​ឯកឧត្ដម​លោកជំទាវ មេត្តា​ជួយ​គាំទ្រ​កិច្ចការ​របស់​ក្រសួងពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្នុងការ​អនុវត្ត​តួនាទី និង​កាតព្វកិច្ច​ថ្មី ដោយ​អនុលោម​តាមច្បាប់ ​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង នៅពេល​ច្បាប់​ទាំងបី​នេះ​ត្ រូវបាន​អនុម័ត​ចប់សព្វគ្រប់ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង នៅក្នុង​ប្រទេសជាតិ​រប​ស់​យើង​»។​

​ទន្ទឹមគ្នា​នោះដែរ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ថ្លែងអំណរគុណ​ដល់ សមាជិក​-​សមាជិកា​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ទាំងអស់ ដែល​បានផ្ដល់​វេទិកា​ជូន​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធ្វើ​បទ​បង្ហាញ ក៏ដូចជា​ចូលរួម​ផ្តល់នូវ​ធាតុ​ចូល​ល្អៗ (​មតិ​រិះគន់​ក្នុងន័យ​ស្ថាបនា​) ជូន​ក្រសួង ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ចាត់វិធានការ​ឆ្លើយតប​ចាំបាច់ នាពេល​អនាគត​៕