ព័ត៍មានទាន់​ហេតុការណ៏
Search

ស​ម្តេ​ច​វិបុល​សេនា​ភក្តី​ប្រធានព្រឹទ្ធសភា​ ជូនពរ​ដល់​ជនរួមជាតិ ដោយ​ជឿជាក់​ថា ឆ្នាំ​ថ្មី​នេះ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ នឹង​នាំមក​នូវ​សេចក្ដី​រីកចម្រើន​ថែមទៀត​

ភ្នំពេញ ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ ​បាន​ផ្ញើ​សារ​ជូនពរ​ដល់​ជនរួមជាតិ​ទាំងអស់​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ ​ប្រកបដោយ​មេត្តា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ​ប្រពៃណីជាតិ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ពុទ្ធសករាជ​ ២៥៦៣​។​

នៅក្នុង​សារលិខិត​បានបញ្ជាក់​ថា ថ្ងៃ​១០​កើត ថ្ងៃ​១១​កើត និង​ថ្ងៃ​១២​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក​ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃអាទិត្យ​ទី​១៤ ថ្ងៃ​ចន្ទ​ទី​១៥ ​និង​ថ្ងៃ​អង្គារ ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ គឺ​ជា​ទិវា​ដ៏​មហោឡារិក​ដែល​ប្រជាជាតិ យើង​ទាំងមូល​រួមគ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ដោយ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង តាម​ទំនៀមទម្លាប់​ជា​កេរ្តិ៍​ដំណែល​ដ៏​ពិសិដ្ឋ​ពី​បុព្វបុរស​ នៃ​យើង​។

ក្នុងឱកាស​មហាសង្ក្រាន្ត​ទាំងបី​ថៃ្ង​នេះ ​ប្រជារាស្ត្រ​យើង​រៀបចំ​រណ្ដាប់​គ្រឿង​សក្ការបូជា​ ​អុជ​ប្រទីប​ជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ​ ​និង​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី​។ ពិធី​នេះ​ជា​ឱកាស​ឱ្យ​ប្រជារាស្ត្រ​យើង​រួមគ្នា​ជម្រុះ​ចោល​ឲ្យ​​ជ្រះស្រឡះ​នូវ​ភាព​អពមង្គល​ឧបទ្រពចង្រៃ​ ​និង​មន្ទិល​ហ្មងសៅ​ផងទាំងពួង​ក្នុង​ឆ្នាំ​ចាស់ ហើយ​តាំងចិត្ត​ថ្មី​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ ​ប្រកបដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ជា​ពិសេស​តាំងចិត្ត​ធ្វើបុណ្យ​ទាន​សាង​កុសល ដើម្បី​សុខ​សិរី​សួស្ដី សុភមង្គល វិបុល​សុខ​គ្រប់ប្រការ​តរៀង​ទៅ​។

សម្ដេច​ប្រធាន​ព្រឹទ្ធសភា​ សូម​ចូលរួម​អបអរសាទរ​ទិវា​ដ៏​វិសេសវិសាល​នេះ ​ជាមួយនឹង​ប្រជាជាតិ​យើង​ទាំងមូល​ក្នុង​ក្តីសង្ឃឹម​ជឿជាក់​លើ​គោលដៅ​ នៃ​ការកសាង​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ រីក​ចម្រើន​សម្បូរ​សប្បាយ​ក្នុង​សុខ​សន្តិភាព ស្ថិរភាព វិបុលភាព​ ​និង​ឯកភាព​ជាតិ ដូច​សម័យ​មហានគរ​ដែល​កម្ពុជា​ធ្លាប់បាន​ថ្កុំថ្កើង រុងរឿង និង​ល្បីល្បាញ​។ អាស្រ័យ​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​ជា​អតិបរមា​របស់​កម្លាំង​មហា​សាមគ្គី​ជាតិ​ដ៏​រឹងមាំ​ ​ព្រមជាមួយ​ការឧបត្ថម្ភ គាំទ្រ​របស់​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ​ ​និង​អង្គការ​អន្តរជាតិ​នានា​ ​ប្រជាជាតិ​យើង​ជម្នះ​បាន​នូវ​ឧបសគ្គ​ ​និង​ការលំបាក​តូចធំ​ផង​ទាំង​ឡាយ​ប្រកបដោយ​ជោគជ័យ​។​ ​យើង​បំពេញ បានល្អ​នូវ​ភារកិច្ច​ការពារ​សន្ដិភាព និង​ការអភិវឌ្ឍ​ការពារ​ឯករាជ្យ អធិបតេយ្យ​ ​និង​បូរណភាព​ដែនដី​ ​ជាពិសេស​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ ​មាន​កំណើន​ខ្ពស់​ជា​បន្តបន្ទាប់ ហើយ​ប្រជាពលរដ្ឋ​ទាំងមូល​សុទ្ធតែ​ទទួលបាន​គុណប្រយោជន៍​ដោយ​សមធម៌ និង​តម្លាភាព​។ ប្រជាជាតិ​យើង សូម​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់បំផុត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រាជរដ្ឋាភិបាល​ ដែលមាន​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន ជា​ប្រមុខ​ដ៏​ឆ្នើម បាន​បំពេញ​តួនាទី ប្រកបដោយ​ការទទួលខុសត្រូវ​ ហើយ​បាន​នាំមក​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ និង​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ឡើង​។ ព្រឹទ្ធសភា​នីតិកាល​ទី​៤ ​ដែល​ប្រសូត្រ​ចេញពី​ការ​បោះឆ្នោត​ជា​អសកល កាលពី​ថ្ងៃទី​២៩ ​ខែមករា​ ​ឆ្នាំ​២០១៨ បាន​បន្ត រួមចំណែក​ពូន​ជ្រំ​ប្រជា​ធិបតេយ្យ​ភាវូបនីយកម្ម​សង្គម​ថ្នាក់ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​និង​ឲ្យ​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ​ ​និង​វិសហមជ្ឈការ​កាន់តែ​ទូលំទូលាយ សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ​លើក​កម្ពស់​ការគ្រប់គ្រង​សេដ្ឋកិច្ចសង្គម​ ​ធានា​ការពារ​យុត្តិធម៌​ ​និង​ការគោរព សិទ្ធិមនុស្ស ដើម្បី​ភាព​រីក​លូតលាស់ និង​ភាពសុខដុមរមនា​យូរអង្វែង​នៃ សង្គមជាតិ​យើង​។​ក្រោម​ដំបូល នៃ​រដ្ឋធម្មនុញ្ញ និង​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះ​មហាក្ស​ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ព្រះរាជា​ណា​-​ចក្រ​កម្ពុជា​បន្ត​អនុវត្ត​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

ទូលព្រះបង្គំ​ ​ខ្ញុំព្រះករុណា ខ្ញុំ​ ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​ ​ព្រះ​បារមី​ទេវតា​រក្សា​ព្រះ​មហា​ស្វេតច្ឆត្រ​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ ​និង​ទេវតា​ឆ្នាំ​ថ្មី ជាពិសេស​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​ស​ម្តេ​ច​ព្រះ​ ​នរោត្តម សីហនុ​ព្រះ​បរម រត ន​កោដ្ឋ សូម​ទ្រង់​ព្រះ ​មេត្តា​ជួយ​ប្រោះព្រំ​ ​ប្រទាន​ពរជ័យ ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​ ​សីហមុនី​ ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង ស​ម្តេ​ច ព្រះមហាក្ស​ត្រី​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ ​ជាទី​គោរព​សក្ការៈ សូម​ព្រះអង្គ មាន ព្រះ​ជន្មាយុ​យឺនយូរ ព្រះ​សុខ​ភាពល្អ​បរិបូណ៌ ព្រះកាយ​-​ពល​មាំមួន​ ​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​ ​ដើម្បី​គង់ប្រថាប់​នៅ​ជា​ម្លប់​ដ៏ ត្រជាក់ត្រជំ សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ជានិច្ច​និរន្ត​ត​រៀង​ទៅ​។ ​ក្នុង​ទិវា​ដ៏​មហា​នក្ខត្តឫក្ស​នេះ​ ​ទូលព្រះបង្គំ​ ​ខ្ញុំព្រះករុណា ខ្ញុំ​ ​សូម​សម្ដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ប្រទេស​ជា​មិត្តភ័ក្ដិ​ជិត​ឆ្ងាយ ស្ថាប័ន អង្គការ​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​បាន​លើកទឹកចិត្ត និង​ជួយឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិ​ ​និង​ប្រជាជន​កម្ពុជា​។ ទូលព្រះបង្គំ​ ​ខ្ញុំព្រះករុណា ខ្ញុំ​ ​សូម​ប្រសិទ្ធពរ បវរ​មហា​ប្រសើរ ថ្វាយ​ស​ម្តេ​ច​ព្រះមហា​សង្ឃរាជ​ទាំង ពីរ​គណៈ ប្រគេន​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ ​ថ្វាយ និង​ជូន​ សម្ដេច​ព្រះអង្គម្ចាស់​ អ្នក​អង្គម្ចាស់ ឯកឧត្ដម លោក​ជំទាវ លោក​ឧកញ៉ា លោក លោកស្រី នាង​កញ្ញា មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ និយោជក និយោជិត កម្មករ កសិករ ពាណិជ្ជករ អាជីវករ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ ​និង​ជនរួមជាតិ នៅក្រៅ​ប្រទេស សូម​បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ សូម​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​ធុ​ង្សៈ​ទេវី ជួយ​អភិបាល​គ្រប់គ្រង​ថែរក្សា និង​ប្រសិទ្ធពរជ័យ​ ​សិរី​សួស្ដី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ឲ្យ​មាន​សមាន​ចិត្តជា​កុសល​ ​យោគយល់​គ្នា​ ​សន្ដោស​ប្រណី សាមគ្គី រួមសុខ​ រួមទុក្ខ ​ជា​មហា​គ្រួសារ​តែមួយ ​នៅលើ​ទឹកដី​មាតុភូមិ​អង្គរ​ជាទី​ស្នេហា​ ដោយ​ក្តី​សុខក្សេមក្សាន្ត កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​តរៀង​ទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114