ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រឿងញៀន​ជាង​១០​គីឡូក្រាម ​ត្រូវ​រឹបអូស​ និង​មនុស្ស​ប្រុស​/ស្រី​៣២​នាក់​ មាន​សារធាតុ​ញៀន​នៅ​ក្លឹប​ម៉ៃ​អា​មី​

​ភ្នំពេញ ៖ ការបង្ក្រាប​នៅ​ក្លិប​កម្សាន្ត​ម៉ៃ អា​មី កាលពី​រាត្រី​ថ្ងៃទី​១១​ ខែ​មេសា ឆ្នាំ​២០១៩​កន្លងទៅនេះ យ៉ាងហោចណាស់​គឺមាន​យុវជន​ប្រុស/ស្រី​ចំនួន​៣២​នាក់​ ដែល​ផ្ទុក​សារធាតុ​ញៀន​នៅក្នុង​ខ្លួន ក្នុង​ចំណោម​មនុស្ស​ប្រុស/ស្រី ចំនួន​ជាង​៥០​នាក់​ ដែល​ឃាត់ខ្លួន និង​គ្រឿងញៀន​ច្រើន​ប្រភេទ​ដែល​ផលិត​រួច ​ប្រមាណ​ជាង​១០​គីឡូក្រាម​ ត្រូវបាន​រឹបអូស។​

នេះ​ជា​លទ្ធផល​បណ្ដោះអាសន្ន​ ដែល​សមត្ថកិច្ច​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នកកាសែត។​

ចំពោះ​នរណា​ជា​ម្ចាស់​ក្លឹប​ដែល​ទទួលខុសត្រូវ​អាជីវកម្ម​ខុសច្បាប់​នេះ សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន​ទេ ប៉ុន្តែ​ជាក់ស្ដែង​ទើបតែ​មាន​មេការ​ក្លឹប​៣​នាក់​ប៉ុណ្ណោះ​ ត្រូវ​ឃាត់ខ្លួន ក្នុងនោះ​ មាន​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន។​

បើ​តាម ​លោ​ក ស ថេត ក្លិប​កម្សាន្ត​ម៉ៃ អា​មី​ ក្នុង​ខណ្ឌ​ចំការមន ជា​កន្លែង​លួចលាក់​ផលិត​សារធាតុ​ញៀន​ខុសច្បាប់​ ​ ដោយ​ឃាត់​មនុស្ស​បាន​ចំនួន​៥០​នាក់ ​ក្នុងនោះ​ស្រី​១២​នាក់ និង​ដកហូត​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​មួយចំនួន ​ព្រមទាំង​សារធាតុ​ញៀន​មួយចំនួន​ផងដែរ។​

លោកស្នងការ​បន្តថា​ កិច្ចការ​សម្រេច​ទៅបាន ​ដោយមាន​ការអនុញ្ញាត​ពី ​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ពី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ព្រមទាំង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ដ្ឋា​ន​បឹង​កេងកង។

សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា​ ទីតាំង​មួយ​នេះ អាជ្ញាធរ បាន​ចុះមក​ធ្វើការ​ហាម​ឃាត់​ចំនួន​៣​ដង​មក​ហើយ ថែមទាំង​បាន​បិទ​លែងឲ្យ​ដំណើរការ​ទៀតផង ​តែ​មិន​បានយូរ​ប៉ុន្មាន ​ក៏​បើក​វិញ​ដដែល​។

សូម​បញ្ជាក់​ថា​ ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើក​នេះ ​ប្រហាក់ប្រហែល​នឹង​ការ​បង្ក្រាប​នៅ​រ៉ុក ​របស់​ឧកញ៉ា គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុ​ក​ ផងដែរ។​

ចំពោះ​វត្ថុតាង និង​មនុស្ស​ ជាប់​ពាក់ព័ន្ធ​ទាំងអស់​ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​សម្រេច​តាមច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114