ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ចំនួន​១១៨​ផ្ទាំង​ កំពុង​ដំឡើង ​ក្នុង​រមណីយដ្ឋាន​អង្គរ​

​សៀមរាប ​៖ អាជ្ញាធរ​ជាតិ​អប្សរា ​កំពុង​ដាក់​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ដែលមាន​ទាំង​អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេស ធ្វើ​ពី​ថ្មភក់​ប្រមាណ​១១៨​ផ្ទាំង​ ដាក់​នៅតាម​ប្រាសាទ​នានា ​ក្នុង​រមណីយដ្ឋាន​អង្គរ​ឲ្យ​រួចរាល់ ​ក្នុង​រយៈពេល​២​ខែ​។

ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ មាន​ព័ត៌មាន​សំខាន់ៗ​ដូចជា ឈ្មោះ​ប្រាសាទ អាយុកាល​សាងសង់​ប្រាសាទ ទិស​ច្រក​ចូល​ប្រាសាទ ស្លាក​អាជ្ញាធរ​ជាតិ​អប្សរា ស្លាក​អង្គការ​យូណេស្កូ ស្លាក​បេតិកភណ្ឌ​ពិភពលោក និង​ស្លាក​អនុសញ្ញា​ក្រុងឡាអេ​ឆ្នាំ​១៩៥៤ សម្រាប់​ការការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ​។​

នាឱកាស​ដាក់​ផ្ទាំង​ស្លាក​សញ្ញា​ឈ្មោះ​ប្រាសាទ ​ទី​១​.នៅ​អង្គរវត្ត នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ នេះ ​លោក សុខ ​សង្វារ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បាន​ឲ្យ​ដឹងថា ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ទាំង​១១៨​នេះ​ មាន​បី​ទំហំ​ផ្សេងគ្នា គឺ​ធំ មធ្យម និង​តូច ដែល​នឹង​ត្រូវ​យកទៅដាក់​នៅតាម​ប្រាសាទ តែ​មិនបាន​ដំឡើង​គ្រប់​ប្រាសាទ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ ដោយហេតុថា ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុងព្រៃ​មិនមាន​ទីតាំង​ដាក់​បាន ហើយ​ក្នុង​មួយ​ប្រាសាទ​អាចមាន​មួយ ពីរ ឬ​បួន​ទៅតាម​ទំហំ​ប្រាសាទ​។ ចំពោះ​ទីតាំង​ដែល​ដំឡើង​ស្លាក​ឈ្មោះ​ប្រាសាទ​វិញ ក្រុមការងារ​បានគិត​ទៅលើ​ចំណុច​៣​គឺ នៅក្បែរ​ច្រកចូល​ទស្សនា​ប្រាសាទ ទីតាំង​ងាយ​មើលឃើញ​របស់​ភ្ញៀវទេសចរ និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល ដូច​ករណី​នៅ​ប្រាសាទអង្គរវត្ត​ស្រាប់​។

លោក​បាន​បន្ថែមថា ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ទាំងអស់ ​នឹង​ជួយផ្ដល់​ភាពងាយស្រួល និង​បទ​ពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ក្នុងការ​ទស្សនា​តំបន់​អង្គរ​ដែល​គ្មាន​មគ្គុទ្ទេសក៍ អាច​ស្គាល់ឈ្មោះ​ប្រាសាទ​បាន​ច្រើន​ដោយ​ខ្លួនឯង ហើយ​ទទួលបាន​នូវ​ព័ត៌មាន​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​កាន់តែ​សប្បាយ និង​ច្បាស់លាស់​ថែមទៀត​។​

​ជា​លើក​ទី​១​.ដែល​បានមក​ទស្សនា​ប្រាសាទ​នៅ​តំបន់​អង្គរ កញ្ញា សូ​លីន​ដា មកពី​ខេត្តកំពង់ស្ពឺ បាន​និយាយថា «​សម្រាប់​អ្នក​មកពី​ឆ្ងាយ ​និង​លើកដំបូង​ដូច​ខ្ញុំ មិនសូវ​ស្គាល់​ប្រាសាទ​ច្រើន​ទេ តែ​ពេល​មាន​ស្លាក​ប្រាប់​ឈ្មោះ​ប្រាសាទ​អ៊ីចឹង ធ្វើ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទាំង​ឈ្មោះ​ប្រាសាទ​ច្បាស់​ហើយ ដឹង​ទាំង​ឆ្នាំ​កសាង​ទៀត ពិសេស​ងាយស្រួល​ដឹងថា ​ខ្ញុំ​នៅ​ទីតាំង​ណា​ផង​»​។​
​មគ្គុទ្ទេសក៍​ភាសា​ចិន លោក ជា សុរ៉ា បាន​ចាប់អារម្មណ៍​ចំពោះ​ការដាក់​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​ថា​នៅ​សៀមរាប​មាន​ប្រាសាទ​ច្រើនណាស់ មគ្គុទ្ទេសក៍​ខ្លះ​ស្គាល់​តែ​ប្រាសាទ​ដែល​នាំ​ភ្ញៀវ​ទៅដល់​ប៉ុណ្ណោះ ឯ​ប្រាសាទតូចៗ ឬ​នៅ​ក្នុងព្រៃ ឬ​កន្លែង​ដែល​មិន​ធ្លាប់​នាំ​ភ្ញៀវ​ទៅ គឺ​មិន​ស្គាល់​ទេ​។ ដូច្នេះ​វា​ជា​សញ្ញាណ​ល្អ​ណាស់​សម្រាប់​មគ្គុទ្ទេសក៍ បាន​ស្គាល់​បន្ថែមទៀត​។ លើសពីនោះ​ភ្ញៀវ​ខ្លះ​ក៏​គាត់​មិន​ស្តាប់​តែ​មគ្គុទ្ទេសក៍​ដែរ ដូច្នេះ​ស្លាក​ឈ្មោះ​នេះ​នឹង​ជួយ​ឲ្យ​ពួកគេ​អាច​ស្វែងរក​ទិន្នន័យ​ពី​ប្រាសាទ​បាន​កាន់តែច្បាស់​នៅ​ទីតាំង​ផ្ទាល់​និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ រីឯ​ភ្ញៀវ​ជាតិ គាត់​ក៏​ដឹង​ច្រើន ស្គាល់​ច្រើន ក្រៅពី​ប្រាសាទអង្គរវត្ត តា​ព្រហ្ម និង​បា​យ័ន្ត​ជាដើម​។​

ក្នុងនាម​ជា​អ្នក​ឆ្លាក់​អក្សរ កាត់​ផ្ទាំង​ស្លាក និង​រៀបចំ​ដំឡើង​ស្លាក​ឈ្មោះ​ប្រាសាទ លោក ហាក់ ហេង ជា​បុគ្គលិក​សិប្បករ​អង្គរ មាន​លំនៅ​ក្នុងភូមិ​ត្រពាំង​សេះ បាន​សម្តែង​ក្តីសប្បាយ​រីក​រយ​ដែល​បានរួម​ចំណែក​កសាង​ស្លាក​សញ្ញា​ឈ្មោះ​តាម​ប្រាសាទ ដើម្បី​ឲ្យ​កូន​ខ្មែរ​និង​បរទេស​ងាយស្រួល​ចំណាំ​ប្រាសាទ​ និង​ស្គាល់ឈ្មោះ​ប្រាសាទ​ច្បាស់​៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114