ព័ត៍មានទាន់​ហេតុការណ៏
Search

ការដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​មិន​យក​ប្រាក់ ក្នុង​ឱកាស​ចូលឆ្នាំថ្មី មិនមែន​ដើម្បី​សន្លឹកឆ្នោត​នោះ​ទេ តែ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​

ភ្នំពេញ​ ៖ អភិបាល នៃ​គណៈ​អភិបាល​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​លើកឡើងថា ការដាក់​ឲ្យ​ដំណើរការ រថយន្តក្រុង​សាធារណៈ ដឹក​ប្រជាពលរដ្ឋ ទៅ​ស្រុកកំណើត នៅតាម​បណ្តា​ខេត្ត​នានា ដោយ​មិន​យកប្រាក់ ក្នុងឱកាស​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ មិនមែន​ធ្វើ​ដើម្បី​យកចំណេញ​សន្លឹក​ឆ្នោត​នោះទេ តែ​ជាការ​ចែករំលែក ក្នុងការ​ចំណាយ របស់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក៏ដូចជា​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ។​

ការលើកឡើង​របស់​អភិបាល​រាជធានី​បែបនេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ ជូន​ដំណើរ​ និង​ពិនិត្យ​ទីតាំង​ចំណតរថយន្ត​ក្រុង សម្រាប់​ដឹក​ប្រជាពលរដ្ឋ នៅ​ទីលាន​ប្រជាធិបតេយ្យ មុខ​ឃ្លាំង​សាំង ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩​នេះ។​

លោក ឃួ​ង ស្រេង បានលើកឡើង​បន្តទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់ រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ ចំនួន​១២០​គ្រឿង ដោយ​ដាក់​គោលដៅ នៅជាប់​ផ្លូវជាតិ​ធំៗ មួយចំនួន ដើម្បី​ងាយស្រួល ធ្វើដំណើរ​ទៅតាម​បណ្ដា​ខេត្ត​នានា ​ដែល​បានរៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោក​ថា សម្រាប់​ថ្ងៃទី​១​នេះ មាន​ប្រជាពលរដ្ឋ​ច្រើន បាន​ទៅ​ទទួល​សេវា​ការ​ជិះ​រថយន្តក្រុង ជាមួយ​នឹង​ទឹកមុខ​សប្បាយរីករាយ និង​ការ​ថ្លែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា។

សម្រាប់​ការងារ​ខាងលើនេះ មាន​មជ្ឈដ្ឋាន​មួយចំនួន បាន​រិះគន់​ទៅលើ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស សម្ដេច​តេ​ជោ​ ថា ​នេះ​ជា​សកម្មភាព គ្រាន់តែ​ជាការ កេងចំណេញ​សន្លឹកឆ្នោត​តែប៉ុណ្ណោះ។

ចំពោះ​ការរិះគន់​នេះ ត្រូវបាន​ លោក ឃួ​ង ស្រេង បញ្ជាក់ថា ការដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ ដឹក​ប្រជាពលរដ្ឋ ទៅ​ស្រុកកំណើត នៅតាម​បណ្តា​ខេត្ត​នានា ដោយ​មិន​យកប្រាក់ ក្នុង​ឱកាស​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ មិនមែន​ធ្វើ​ដើម្បី​យកចំណេញ​សន្លឹកឆ្នោត​នោះទេ តែ​ជាការ​ចែក​រំលែក ក្នុងការ​ចំណាយ របស់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក៏ដូចជា​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ប្រជាពលរដ្ឋ។ បើ​ដើម្បី​តែ​សន្លឹកឆ្នោត សម្ដេច​តេ​ជោ មិនមែន​បន្ត​សកម្មភាព ផ្តល់​សេវា រថយន្តក្រុង​សាធារណៈ ជូន​ប្រជាពលរដ្ឋ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះទេ​។ ជាក់ស្ដែង ​នៅក្នុង​ឆ្នាំ​២០១៩​នេះ ពុំមាន​ព្រឹត្តិការណ៍​បោះឆ្នោត​អ្វី​ឡើយ តែ​រាជរដ្ឋាភិបាល នៅតែ​គិតគូរ​បម្រើ​ជូន​ប្រជាពលរដ្ឋ​ដដែល។​

គួររំលឹកថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​បញ្ចេញ​រថ​យន្ត​ក្រុង ចំនួន​១២០​គ្រឿង សម្រាប់​ដឹកជញ្ជូន​បងប្អូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ដ និង​ពី​បណ្តា​ខេត្ត មក​រាជ​ធានី​ភ្នំពេញ​វិញ ជិះ​ដោយ​មិន​បង់ប្រាក់ (free) ដោយ​ចេញដំណើរ​ចាប់ពី​ម៉ោង៥​និង​៣០​នាទី​ព្រឹក រីឯ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រើប្រាស់​រថយន្តក្រុង​ចំនួន ១១៥​គ្រឿង និង​កាណូត​ដឹក​អ្នកដំណើរ ចំនួន​៤​គ្រឿង ដើម្បី​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ តាម​រយៈ​ពេល​៧​ថ្ងៃ​ ចាប់​ពីថ្ងៃ​១២​ ដល់ ១៨ ​ខែ​មេសា ​ឆ្នាំ​២០១៩ ដោយ​មិន​គិត​ប្រាក់​ដូចគ្នា​ផងដែរ​។​

គួរ​បញ្ជាក់ថា ទីតាំង​ចេញដំណើរ ទៅតាម​បណ្តា​រាជធានី​ខេត្ត ដែល​រដ្ឋបាល​រាជ​ភ្នំពេញ​រៀបចំ មាន​ដូច​ខាង​ក្រោម​ ៖

ផ្លូវជាតិ លេខ១ ផ្លូវជាតិ លេខ២ ផ្លូវជាតិ លេខ៣ ផ្លូវជាតិ លេខ៤ ផ្លូវជាតិ លេខ៥ ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និង ផ្លូវជាតិ លេខ៨ ដែរ​នឹង​ចាប់ផ្តើម​ចេញ​ដំណើរ ចាប់ផ្តើម នៅថ្ងៃ​ទី១២ ខែមេសា តែម្តង ហើយក្នុងនោះ ផ្លូវជាតិ លេខ១ ភ្នំពេញ កណ្តាល ស្វាយ រៀង ចំនួន៥គ្រឿង ភ្នំពេញ កណ្ដាល ព្រៃវែង ចំនួន៥​គ្រឿង សរុប​ចំនួន​១០​គ្រឿង។ ផ្លូវជាតិ លេខ២ ភ្នំពេញ ទៅ តាកែវ ចំនួន៥ គ្រឿង។ ផ្លូវជាតិ លេខ៣ ភ្នំពេញ ទៅ កែប ចំនួន៥គ្រឿង ភ្នំពេញ ទៅកំពត ចំនួន៥គ្រឿង សរុប ចំនួន១០គ្រឿង។ ផ្លូវជាតិ លេខ៤ ភ្នំពេញ ទៅ កំពង់ស្ពឺ ចំនួន៣គ្រឿង ភ្នំពេញ ទៅ ក្រុងព្រះសីហនុ ចំនួន៧គ្រឿង សរុប ចំនួន១០គ្រឿង។​

ផ្លូវជាតិ លេខ៥ ភ្នំពេញ ទៅ កំពង់ឆ្នាំង ចំនួន៥​គ្រឿង ភ្នំពេញ ទៅ ពោធិ៍សាត់ ចំនួន១០គ្រឿង ភ្នំពេញ ទៅ បាត់ដំបង ចំនួន១៥គ្រឿង ភ្នំពេញ ទៅ បន្ទាយមានជ័យ​១៥​គ្រឿង សរុប​ចំនួន​៤៥ គ្រឿង។ ផ្លូវជាតិ លេខ៦ ភ្នំពេញ ទៅ កំពង់ធំ ចំនួន៥​គ្រឿង ភ្នំពេញ ទៅ សៀមរាប ចំនួន១៥គ្រឿង សរុប ចំនួន២០គ្រឿង សម្រាប់ ផ្លូវជាតិ លេខ៦។ ផ្លូវជាតិ លេខ៦ និង ផ្លូវជាតិ លេខ៧ ពី ភ្នំពេញ ទៅ កំពង់ចាម ចំនួន៥គ្រឿង ភ្នំពេញ ទៅ ត្បូងឃ្មុំ ចំនួន៥គ្រឿង សរុប ចំនួន១០គ្រឿង។ ផ្លូវជាតិ លេខ៧ និង ផ្លូវជាតិ លេខ៨ ភ្នំពេញ ទៅ ក្រចេះ ចំនួន៥គ្រឿង ភ្នំពេញ ទៅ ស្ទឹងត្រែង ចំនួន៥ គ្រឿង សរុបចំនួន១០គ្រឿង។​

​ដូច្នេះ យើង មានទាំងអស់ចំនួន១២០គ្រឿង សម្រាប់ការជូនដំណើររបស់ប្រជាពលរដ្ឋរបស់យើង ចេញទៅចូលឆ្នាំ ហើយនឹងត្រឡប់ចូលក្រុងភ្នំពេញវិញ។ ពួកគាត់ អាចធ្វើដំណើរ ជ្រើសរើស តាម ផ្លូវនេះ​។ ដូច្នេះ ខ្ញុំគិតថា ចូលឆ្នាំ​នេះ មាន​ភាព​សប្បាយ​រីករាយ​របស់​ប្រជាជន​របស់​យើង ក្នុង​ការ​ធ្វើ ដំណើរ »៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114