ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​និវត្តជន​ និង​អតីត​មន្ត្រី​រាជការ​ ក្នុង​ខេត្ត​ព្រៃវែង

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ និង​សួរសុខទុក្ខ​ដល់​បងប្អូន​និវត្តជន ​និង​អតីត​មន្ត្រីរាជការ​ក្នុង​ខេត្តព្រៃវែង​ ប្រមាណ​៤,៥៧៧​នាក់​។​

ក្នុងឱកាស​នោះដែរ ឯកឧត្ដម ជា សុ​មេធី អភិបាលខេត្ត​បាន​រាយការណ៍​អំពី​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​ខេត្ត​បាន​ពង្រឹង​ជាប់​ជាប្រចាំ​ ដោយ​បាន​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​/ឃុំ​មាន​សុវត្ថិភាព​ល្អ​ប្រសើរ​។ ជាមួយ​នោះ​ ខេត្ត​ ក៏បាន​យកចិត្តទុកដាក់​ការចាត់តាំង​ការអនុវត្ត​នៅ​គ្រប់​មូល​ដ្ឋាន​ និង​ចិត្ត​វិធានការ​នានា ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ និង​លុបបំបាត់​នូវ​រាល់​សកម្មភាព​អសកម្ម​មួយ​ចំនួន​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។

ឯកឧត្ដម​ក៏បាន​បន្តទៀតថា ចំពោះ​បញ្ហា​ផ្នែក​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ក៏​ត្រូវ​បាន​គាំទ្រ​ និង​យកចិត្តទុកដាក់​ខ្ពស់​ពី​រដ្ឋាភិបាល បាន​រៀបចំ​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​បន្តបន្ទាប់​ដោយ​សំដៅ​លើកស្ទួយ​សុខមាលភាព​មនុស្ស​ចាស់​ឲ្យ​បានល្អ​ប្រសើរឡើង ​ក្នុងនោះ​មាន ការ​ផ្ដល់​នូវ​របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល​កងកម្លាំងប្រដាប់អាវុធ កម្មករ​និយោជិត​ការ​បង្កើត​មូលនិធិ​ជន​ពិការ​របប​គោលនយោបាយ​ចំពោះ​ជន​ពិការ​ក្រីក្រ​នៅ​តាម​សហគមន៍ គោលនយោបាយ​ស្ដីពី​សុវត្ថិភាព​សង្គម​សម្រាប់​កងកម្លាំងប្រដាប់អាវុធ និង​នគរបាល​ត្រៀម​ចូលនិវត្តន៍​តាម​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ រដ្ឋបាល​ខេត្ត​ ដែល​តែងតែ​ការ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​និវត្តជន​មន្ត្រីរាជការ​ចូលនិវត្តន៍​ទាំងអស់​កន្លងមក​។​

សម្ដេច​ក្រឡាហោម​ក៏បាន​បន្តទៀតថា​ តាមរយៈ​ពិធី​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ បងប្អូន​និវត្តជន អតីតយុទ្ធជន និង​អតីតមន្ត្រី​រាជការ​ទាំង​អស់ សម្ដេច​ក៏​សំដែង​នូវ​ការដឹងគុណ​ចំពោះ​វីរភាព​កន្លងមក​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ និង​ហ៊ាន​បូជាជីវិត​ដើម្បី​បុព្វហេតុ​ការពារជាតិ ការពារ​ទឹកដី និង​ប្រជាជន​មិនឲ្យ​សត្រូវ​ចូល​រំលោភ និង​ឈ្លានពាន​បូរណភាព​ទឹកដី ព្រមទាំង​រក្សា​បាន​នូវ​សុខ​សន្តិភាព​ស្ថិរភាព​សង្គម ​ដើម្បី​ប្រជាជន យុវជន​ជំនាន់​ក្រោយ​បាន រស់នៅក្នុង​សុខសន្តិភាព​រហូតដល់​ពេលនេះ។

សម្ដេច ​សូម​ឲ្យ​រួមគ្នា​ ដើម្បី​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​មនុស្ស​ចាស់​ទាំង​ផ្នែក​សម្ភារៈ ​និង​ស្មារតី​ ដើម្បី​ឲ្យ​ពួកគាត់​បាន​សុខ​ភាពល្អ​អាយុ​យឺនយូរ ​និង​មាន​សុភមង្គល​នៅ​ក្នុង​គ្រួសារ​។ ក្នុង​នោះ​ សម្ដេច ​ក៏​បន្ថែម​ប្រាក់ឧបត្ថម្ភ​លើ​ប្រាក់ខែ​របស់​បងប្អូន និវត្តជន និង​អតីត​មន្ត្រីរាជការ​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ នោះ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114