ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ បង្ហាញ​ពី​ទស្សនៈ​ក្រោយ​រក្សា​សំណាញ់​ទី​មិន​ឲ្យ​គូប្រកួត​ទាត់​ចូល​បាន​

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង កំពុងតែ​ឈរ​កំពូល​តារាង​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ខណៈ​ក្រុម​មួយ​នេះ​ជា​ក្រុម​តែ​១​គត់​ដែល​អាច​រក្សា​សំណាញ់​ទី​មិនឱ្យ​គូប្រកួត​ទាត់​ប​ញ្ជូ​ល​បាន គិត​ត្រឹម​សប្ដាហ៍​ទី​៣ ថ្មីៗ​នេះ​។

​អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ ដែលជា​តួ​អង្គរ​ដែល​រក្សា​សំណាញ់​ទី​មិន​ឲ្យ​គូប្រកួត​ទាត់​បញ្ចូល​ទី​ចំនួន​៣​ប្រកួត​មកនេះ​ថា​ «​សម្រាប់​ខ្ញុំ​គឺ​សប្បាយចិត្ត ដែល​ពុំ​មានការ​ទាត់​បញ្ចូល​ទី​ពី​គូប្រកួត​ហើយ​យើង​ក៏​រៀបចំ​ការប្រកួត​បាន​ល្អ​»​។ សម្រាប់​លទ្ធផល​៣​ប្រកួត​កន្លងមក​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​លើ​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២​ទល់​០, សូល​ទី​ឡូ​អង្គរ ១​ទល់​០ និង គិរីវង់​សុខ​សែន​ជ័យ ២​ទល់​០​។

​អ្នកចាំទី​វ័យ​២៤​ឆ្នាំ​ខាងលើ​បាន​បន្ថែម​ទៀត​ថា «បើ​ថា​ចឹ​ង​ក៏​ថា​បាន សម្រាប់​ការប្រកួត​យើង​នឹង​ត្រៀម​រៀបចំ​សម្រាប់​ក្រុម​តូច និង​ក្រុម​ធំ​។ ចឹ​ង​បើ​យើង​របូត​គ្រាប់​បាល់​ពេល​ជួប​ក្រុម​តូច ពេល​ប៉ះ​ក្រុម​ធំ​យើង​អាច​នឹងមាន​បញ្ហា ខ្ញុំ​ក៏​សប្បាយចិត្ត​ពេល​ឃើញ​ខ្សែការពារ​សហការគ្នា​បានល្អ​»​។ យ៉ាងណាក្តី​កីឡាករ​រូបនេះ​បាន​ថ្លែងអំណរគុណ​ដល់​គ្រូបង្វឹក​ក៏ដូចជា​មិត្ត​រួម​ក្រុម​ដែល​បានរួម​សហការគ្នា​ដើម្បី​ក្រុម​ទាំងមូល​។

អ្នកចាំទី អាំ សុវណ្ណារ៉ា បានលើកឡើង​ពី​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ឡើងវិញ​ខណៈ​ការ​បង្ហាញខ្លួន​លើក​ចុងក្រោយ​របស់​គេ​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​។ « សម្រាប់​ខ្ញុំ​អត់​ទាន់​គិតដល់​ចំណុច​ហ្នឹង​ទេ សំខាន់​គឺ​ជួយ​ក្លិប​ខ្ញុំ​សិន ព្រោះ​អ្វី​អ្នកចាំទី​ជម្រើសជាតិ​គឺមាន​កាយសម្បទា​ល្អ និង​មាន​សមត្ថភាព​ច្រើន ចឹ​ង​អ្វី​សំខាន់​គឺ​ផ្តោតអារម្មណ៍​ជួយ​ក្លិប​សិន​»​។

គិត​ត្រឹម​ពេលនេះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​៩​ពិន្ទុ​ក្នុង​ដៃ​ច្រើន​ជាង​គេ បើ​ធៀប​នឹង​សមាជិក​ទាំង​១៤​ក្រុម​។ ចំណែក​ប្រកួត​បន្ទាប់​វិញ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្នុង​សប្ដាហ៍​ទី​៤​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114