ព័ត៍មានទាន់​ហេតុការណ៏
Search

ជើង​ខ្លាំង​ខាង​ឆក់​កាបូប​នៅ​ភ្នំពេញ​ចំនួន​២​នាក់ មក​ឆក់​ភ្ញៀវ​ទេសចរណ៍​នៅ​សៀមរាប ត្រូវ​នគរបាល​ក្របួច​ជាប់

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចោរឆក់​កាបូប​ជើង​ខ្លាំង​នៅ​ភ្នំពេញ​ចំនួន​២​នាក់​បាន​ធ្វើ​សកម្មភាព ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​នៅ​កណ្តាល​ក្រុង​សៀមរាប បានសម្រេច​រួច​ប្រុង​គេចខ្លួន​។​

ប៉ុន្តែ​ត្រូវ​បាន កម្លាំង​នគរបាល​ចម្រុះ​នៃ​ខេត្តសៀមរាប បាន​សហការ​គ្នា​ដេញ​ប្រផាប់​ចាប់​ប្រផីង​បាន​ដោយ​ជោគជ័យ​។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ប៊េ​តុង​ក្បែរ​ស្ពាន​អាង​ក្រពើ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ដោយ​ទទួលបាន​ព័ត៌មាន​ពី​ជនរងគ្រោះ​ឈ្មោះ Adriana sislova ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ឆេ​កូ​ស្លូ​វា​គី ថា​មាន​ចោរឆក់​កាបូប ទើប​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​ទេសចរណ៍ កម្លាំង​នគរបាល​ការពារ​នឹង​អន្តរាគមន៍ បានធ្វើការ​ល្បាត​ប្រទាក់ក្រឡា​គ្នា តាម​គោលដៅ​ដែល​បានកំណត់ រហូតដល់​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ករណី​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​។ លោក​បន្ត​ថា ​ដំណើរ​រឿង នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​៣០​នាទី ពេល​ដែល​ជនរងគ្រោះ​នឹង​មិត្ត​ភ័ក្ត្រ​ចំនួន​បី​នាក់​ទៀត កំពុង​ដើរ​នៅ​ចំណុច​ផ្លូវ​ប៊េ​តុង​ក្បែរ​ស្ពាន​អាង​ក្រពើ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ជិះ​ឆក់​ឆក់​កាបូបស្ពាយ​ពណ៌​ខ្មៅ​ពី​ដៃ​ជនរងគ្រោះ​ខាងលើ​ក្នុង​នោះ​មាន ១.​កូន​កាបូបដៃ​ដាក់​លុយ​ពណ៌​ស​ចំនួន​០១​។ ២.​កាត​ធនាគារ​ចំនួន​០១​សន្លឹក​។ ៣.​កាត​ធានារ៉ាប់រង​ធ្វើដំណើរ​ចំនួន​សន្លឹក​។ ​៤.​អត្តសញ្ញាណប័ណ្ណ​ជនរងគ្រោះ​ចំនួន​០១​សន្លឹក​។ ៥.​ប្រាក់​អាមេរិក​ចំនួន​១០០​ដុល្លារ នឹង​ប្រាក់​អឺរ៉ុប​ចំនួន​៤០​អឺរ៉ូ​។​៦.​ប័ណ្ណបើកបរ​ជនរងគ្រោះ​ចំនួន​០១​សន្លឹក ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​បាន​រួច ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​រត់គេច ពេល​ដែល​សមត្ថកិច្ច​បា​ន​ទទួល​ព័ត៌មាន​រួចមក កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​ទេសចរណ៍ កម្លាំង​នគរបាល​ការពារ​នឹង​អន្តរាគមន៍ បាន​ធ្វើ​ការ​ល្បាត​ប្រទាក់ក្រឡា​គ្នា តាម​គោលដៅ​ដែល​បាន​កំណត់ រហូតដល់​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​បាន​ជនសង្ស័យ​ទាំងពីរ​នាក់​នៅ​ចំណុច​ផ្លូវបំបែក​តាភុល​មុខ​ហាង​លក់​ទូរស័ព្ទ​ចំរើន​ស៊ីន​ហ័​រ ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​ ជនសង្ស័យ​មានឈ្មោះ ម៉ី សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ចារ​យ៉ូ​វ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ មុខរបរ​ជាងភ្លើង​និង​ឈ្មោះ វុទ្ធី បញ្ញាវុធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ប៉ាល័យ ឃុំ​ប៉ា​ល័យ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ ជាងភ្លើង​។ ទាំងពីរ​នាក់​ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​សុ​គី​ឡេ​ត​(suzuki Let)​ពណ៌​ក្រហម​លាយ​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ​។

លោក​បន្ថែម​ថា កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើ​ការ​សួរនាំ​ជនសង្ស័យ​ទាំងពីរ បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​បាន​ចូល​ខេត្តសៀមរាប​នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៩ ហើយ​បាន​យក​ប្រាក់​ដែល​សល់​ពី​ការ​លួច​ឆក់​ទ្រព្យសម្បត្តិ​គេ​បាន​ចូលគ្នា​ទិញ​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​លួច​ឆក់​ខាងលើ ហើយ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ក្នុង​នៅក្នុង​រាជធានី​ភ្នំពេញ​ចំនួន​០៤​លើក​កន្លងមក​។ នៅក្នុង​ខេត្តសៀមរាប​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ឆក់​កាបូប​ចំនួន​ពីរ​លើក -​លើក​ទី​១.​ថ្ងៃទី​០៨,០៩ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី ចំណុច​ផ្លូវជាតិ​លេខ​៦ ជិត​កា​រ៉ា​ស់​សាំង​តេ​លា ខាងកើត​ផ្សារ​លើ​។​ លើក​ទី​២.​ជាក់ស្តែង​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​៣០​នាទី ចំណុច​ផ្លូវ​ប៊េ​តុង​ក្បែរ​ស្ពាន​អា​ក្រពើ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។ ជ​នស​ង្ស័យ​ទាំងពីរ​ពុំ​មាន​ផ្ទុក​សារធាតុ​ញៀន​ទេ​។

ចំពោះ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ដកហូត​ពី​ជនសង្ស័យ​ប្រគល់​ជូន​ទៅ​ជនរងគ្រោះ​វិញ​។​ បច្ចុប្បន្ន​ករណីនេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114