ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជុំវិញ​ខេត្តសៀមរាប សហការ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នៅ​បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម

សៀមរាប​ ៖​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​នាពេល​ខាងមុខនេះ រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត បាន​រៀប​ចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ដើម្បី​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ដោយមាន​កម្មវិធី​សាសនា និង​ល្បែង​ប្រជាប្រិយ​ជាច្រើន សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត នៅ​តំបន់​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​។

លោក​សុខ សង្វារ អគ្គនាយករង និង​ជា​ប្រធាន​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​សម្រាប់​កិច្ចសហការ​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​បញ្ជាក់​ថា រដ្ឋបាល​ខេត្តសៀមរាប ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត នឹង​រៀបចំ​សៀមរាប​សង្ក្រាន្ត ដើម្បី​អបអរសាទរ​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ដោយមាន​កម្មវិធី​សាសនា និង​ល្បែង​ប្រជាប្រិយ​ជាច្រើន​។

លោក​បញ្ជាក់​ថា ក្នុង​កិច្ចសហការ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបន្ទុក​ក្នុង​ការងារ​រៀបចំ “​ភូមិ​ខ្ញុំ​” ក្នុង​គោលបំណង ផ្តល់​ឱកាស​ឲ្យ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ គ្រប់រូប​ចូលរួម​ជួបជុំ​ជាមួយគ្នា​ក្នុង​ន័យ​មហា​គ្រួសារ​ខ្មែរ ដើម្បី​កម្សាន្ត​សប្បាយៗ ក្រោយពី​ការ​ឈប់​សម្រាក​ការងារ និង​ជា​ប្រពៃណី​ក្នុងការ​បណ្តុះ​ស្មារតី​ស្រឡាញ់​រាប់អាន​គ្នា​ក្នុង​ការ​រួបរួមសាមគ្គី​តាមរយៈ​លេងល្បែង​ប្រជាប្រិយ រាំ​កម្សាន្ត និង​ស្វែងយល់​ពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សិល្បៈ កេរដំណែល សម្បត្តិ​បេតិកភណ្ឌ​ជាតិ​-​អន្តរជាតិ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​នៅតាម​ជនបទ​។

“​ភូមិ​ខ្ញុំ​” នឹង​មាន​រៀបចំ​ទស្សនីយភាព​សំខាន់ៗ​ដូចជា ផ្ទះ​អ្នកភូមិ​ដែល​បង្ហាញ​ពី​របៀបរបប​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ដែល​មាន​ដំណាំ​ដាំ​ដុះ​ជុំវិញ​គេហដ្ឋាន ព្រមទាំង​សកម្មភាព​ទុកដាក់​សមិទ្ធផល​ស្រែ​ចំការ ស្ថាបត្យកម្ម​នៃ​សំណង់ផ្ទះ​ខ្មែរ រួម​ទាំង​វប្បធម៌​ប្រពៃណី​របស់​អ្នកភូមិ​តាមរយៈ​ល្បែង​ប្រជាប្រិយ និង​របាំ​ផ្សេងៗ​។ រោង​តម្បាញ​និង​រោង​ចម្លាក់ ដែល​បង្ហាញ​នូវ​របៀប​ធ្វើ​សូត្រ តម្បាញ​សូត្រ​ខ្មែរ រោង​ជាងចម្លាក់ ដែល​មាន​ចម្លាក់​ថ្ម ចម្លាក់​ថ្មកែវ ចម្លាក់​ឈើ ចម្លាក់​ប្រាក់ និង​ស្ពាន់​។​ល​។ និង​ផ្ទះ​សេដ្ឋី អមដោយ​ឆាក​សម្តែង​ដែល​មាន​ការ​រចនា​តុបតែង​លម្អ​យ៉ាង​មាន​ភាព​ទាក់ទាញ​។ កម្មវិធី​សំខាន់ៗ​ដែល​ក្រុមការងារ​បាន​ត្រៀម​មាន​ដូចជា តន្ត្រី​ស្គរ​ដៃ​អ្នកភូមិ របាំ​ឆៃយ៉ាំ របាំ​អប្សរា របាំ​ជូនពរ របាំ​គោះត្រឡោក របាំ​ត្រុដិ តន្ត្រីសម័យ និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ​ទៀត​។

ដោយឡែក ក្រៅពី​ទស្សនី​ភាព​ភូមិ​ខ្ញុំ ក៏​មាន​ទស្សនីយភាព​សប្បាយរីករាយ​ជាច្រើន​ទៀត ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ចូលរួម​សប្បាយរីករាយ​អបអរសាទរ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114