ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ងាក​មក​ផ្តោតលើ​យុវជន​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​

លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការ​ទូទៅ​ក្លឹប​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​បង្ហើប​ថា​ក្លិប​របស់លោក កំពុង​បន្សាំ​កីឡាករ​យុវជន​លើ​ទីលាន​ប្រកួត ដើម្បី​ចូលរួម​គោលដៅ SEA Games 2023 របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

ឆ្លងកាត់​៣​ប្រកួត​កន្លង​មក​ហើយ ដែល​យុវជន ២​រូប​ត្រូវបាន លោក ប្រាក់ សុវណ្ណារ៉ា ដាក់​ឲ្យ​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង នៅក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដែល​ការណ៍​នេះ​លោក​បាន​បង្ហើប​ពី​មូលហេតុ​ច្បាស់លាស់ គឺ​ដើម្បី​ឲ្យ​យុវជន​ទាំងនេះ​បាន​លេង និង​ជាពិសេស​អាច​មាន​ឱកាស​ជាមួយ​ក្រុម​ជម្រើសជាតិ​នាពេល​អនាគត ជាមួយនឹង​ឈុត​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ ត្រៀម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ​២០២៣​។ កីឡាករ​ទាំង​២​នាក់​នោះ​គឺ​មិត្ត សំអែល លេខ​៨២ និង ទូច ណៃ​ឃីម លេខ​១៤​។

​លោក ប្រាក់ សុវណ្ណារ៉ា បាន​លើកឡើងថា « គោលដៅ​របស់​ថ្នាក់ដឹកនាំ​របស់​ក្លិប​គឺ​សំដៅ​ទៅលើ​យុវជន ជាពិសេស​កីឡាករ​ដែលមាន​អាយុ​ត្រូវ​ជាមួយនឹង​ឆ្នាំ​២០២៣ ដែល​យើង​មាន​សិទ្ធ​ជា​ម្ចាស់ផ្ទះ ហើយ​កីឡាករ ម៉េ​ត សំអែល គឺ​ទើប​តែមាន​អាយុ​១៧​ឆ្នាំ​ទេ យើង​ឃើញស្រាប់​ហើយ​ទោះបីជា​គាត់​ក្មេង​តែ​សមត្ថភាព​នៃ​ការលេង​របស់គាត់​គឺ​មិន​ចាញ់​ចាស់ៗ សង្ឃឹមថា ១​ឆ្នាំទៅ ២​ឆ្នាំ​ទៀត គាត់​នឹង​ល្អ​មែនទែន ព្រោះនេះ​ក៏​ជា​គោលដៅ​មួយ​ដែល​បើ​យើង​ចង់​ឲ្យ​ជម្រើសជាតិ​យើង​ខ្លាំង​ឆ្នាំ​២០២៣ ទាល់តែ​យើង​ហ៊ាន​នឹងដាក់​កីឡាករ​ក្មេងៗ​ដែល​ត្រូវ​អាយុ ជាពិសេស​ដូចជា មិត្ត សំអែល កីឡាករ ទូច ណៃ​ឃីម សុទ្ធតែ​អាយុ​ត្រូវ​ឆ្នាំ​២០២៣ ហើយ​គាត់​បង្ហាញ​បានល្អ​ពេញ​តង់​។​»

អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា រូបនេះ​បាន​បន្ត​ថា «​យើង​មានការ​ព្រួយបារម្ភ​តិចតួច​ពី​ប្រព័ន្ធ​លេង​ដោយសារ​គាត់​លេង​នៅ​តំបន់​ដែល​មិន​គ្រោះថ្នាក់ តែ​រឿង​ដែល​សំខាន់​គឺ​យើង​គោរព​ទៅតាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​ដែល​គាត់​ធ្វើ​អ្វីៗ​ដើម្បី​ជួយ​ដល់​ក្រុម​ជម្រើសជាតិ​រីកចម្រើន នេះ​គឺជា​គោលដៅ​សំខាន់​របស់​ក្លឹប​ទាំងមូល​។​»

សូម​បញ្ជាក់​ថា លទ្ធផល ៣​ប្រកួត​កន្លងមក​រប​ស់ ក្លឹប​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រកួត​ឈ្នះ​បាន​១​លើក ហើយ​បរាជ័យ​២​លើក មាន​៣​ពិន្ទុ​ក្នុង​ដៃ ឈរ​លេខ​រៀង​ទី​១០ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ចំនួន​១៤​ក្រុម​។ ចំណែក​ប្រកួត​បន្ទាប់​ក្រុម​ប៉ូលីស ត្រូវ​ប៉ះ​ក្រុម​ក្រសួងការពារជាតិ នៅ​ម៉ោង៣និង៣០នាទី រសៀល​ ​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ លើទីលាន​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114