ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​កូរ៉េខាងជើង ​រុះរើ​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ការទូត

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​កូរ៉េខាងជើង​បាន​ជំនួស​តំណែង​ប្រមុខរដ្ឋ​របស់ខ្លួន​ដែល​តំណាង​ឲ្យ​ក្រុង​ព្យុងយ៉ាង​ក្នុងការ​ចូលរួម​ជា​អន្តរជាតិ​ជាមួយ​បុរស​ម្នាក់​ដែល​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស។

KCNA បាន​និយាយថា លោក Kim Yong Nam ដែល​កាន់តំណែង​នេះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ​គឺ​ត្រូវបាន​ជំនួស​ដោយ​លោក Choe Ryong Hae អំឡុង​សម័យប្រជុំ​លើក​ទី​១​នៃ​សមាជ​ប្រជាជន​កំពូល​លើក​ទី​១៤​ដែល​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

ជា​មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រី​ដែល​បម្រើ​ការងារ​បានយូ​រ​ជាងគេ​បំផុត​នៅ​ទីក្រុង​ព្យុងយ៉ាង​, លោក Kim អាយុ​៩១​ឆ្នាំ​បានបង្ហាញ​ខ្លួន​នៅក្នុង​ឆាក​អន្តរជាតិ​ជាច្រើនលើក​កាលពី​ឆ្នាំមុន​រួមទាំង​ក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​នៃ​សហរដ្ឋអាមេរិក ចិន​និង​កូរ៉េខាងត្បូង​ក៏ដូចជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ទីក្រុង Pyeongchang ផងដែរ​។​

មុខតំណែង​ជា​ផ្លូវការ​របស់លោក​គឺប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​កំពូល​។​
​អ្នក​ជំនួស​ឈ្មោះ Choe ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ដៃស្តាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​គឺ​បានកើត​នៅ​ឆ្នាំ​១៩៥០​ដែល​នេះ​បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​ជំនាន់​មួយ​នៅក្នុង​ភាពជា​អ្នកដឹកនាំ​របស់​ប្រទេស​កូរ៉េខាងជើង​។​

គាត់​គឺជា​មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រី​បី​រូប​ដែល​រង​ការដាក់ទណ្ឌកម្ម​ដោយ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​ជុំវិញ​ការចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​។​

នៅ​កន្លែង​ផ្សេងទៀត អ្នកចរចា​នុយក្លេអ៊ែរ​កំពូល​លោក Kim Yong Chol និង​អ្នក​ដទៃទៀត​ដែល​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​ក្រុង​ព្យុងយ៉ាង​ជាមួយ​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​គឺ​ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​កិច្ចការរដ្ឋ​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Ri Yong Ho និង​អនុរដ្ឋមន្ត្រី​ការបរទេស​លោកស្រី Choe Son Hui ក៏ត្រូវ​បាន​ដំឡើង​ឋានៈ​ទៅកាន់​ស្ថាប័ន​សម្រេចចិត្ត​កំពូល​រប​ស់​កូរ៉េខាងជើង​ផងដែរ​។​

ហើយ​នាយករដ្ឋមន្ត្រី​ទីក្រុង​ព្យុងយ៉ាង​លោក Pak Pong Ju ត្រូវបាន​ជំនួស​ដោយ​លោក Kim Jae Ryong ដែលជា​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​ពលករ​កំពុង​កាន់អំណាច​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114