ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រតិភូ​មកពី​មហាវិទ្យាល័យ​ការពារជាតិ​កេ​ន​យ៉ា មក សុំ បទពិសោធន៍ នៃ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ពី​កម្ពុជា

ភ្នំពេញ​ ៖ ប្រតិភូ​មកពី​មហាវិទ្យាល័យ​ការពារជាតិ​កេ​ន​យ៉ា ដែល​ជា​ប្រទេស​ធំ​មួយ​នៅក្នុង​ទ្វីបអាហ្វ្រិក បានមក សុំ បទពិសោធន៍ នៃ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ពី​មន្ត្រីជាន់ខ្ពស់​មកពី​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ (TTRI) ដែលជា​ស្ថាប័ន​អប់រំ​ចំណុះ​ក្រោម​ក្រសួងពាណិជ្ជកម្ម យកទៅ អនុវត្ត ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ជាតិ​។

នៅក្នុង​កិច្ចប្រជុំ ដែល​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក សួន វិជ្ជា ប្រធាន TTRI បាន​ជម្រាប​ជូន​ប្រតិភូ​ប្រទេស​កេ​ន​យ៉ា ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ A.K Ikenye អំពី​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ព្រមទាំង​កិច្ចប្រឹងប្រែង​របស់​ក្រសួង ក្នុងការ​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

មន្ត្រីជាន់ខ្ពស់​ទាំងពីរ​រូប បាន​បន្ត​ជម្រាប​ជូន​ប្រតិភូ​កេ​ន​យ៉ា អំពី​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​, កាលានុវត្តភាព​ធុរកិច្ច​, គោ​លន​យោ​យ​វិនិយោគ និង​គោលការណ៍​លើកទឹកចិត្ត​ផ្សេងៗ ផ្តល់​ជូន​ដោយ​រាជរដ្ឋាភិបាល​, តំបន់​សេដ្ឋកិច្ច​ពិសេស និង​គម្រោង Plus One, ស្ថិរភាព​រូបិយ​ប័ណ្ណ​ជាតិ ព្រមទាំង​ភាព​អនុគ្រោះ​ពន្ធ (EBA និង​MFN/GSP) លើ​នាំ​ការ​ចូល​ទំនិញ ដែល​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​ជា​ដៃគូ​ចំនួន ៣២ នៅក្នុង​ពិភពលោក​។

​បន្ថែម​លើ​នោះ មន្ត្រីជាន់ខ្ពស់​កម្ពុជា​ទាំងពីរ ក៏បាន​ស្នើ​ប្រតិភូ​កេ​ន​យ៉ា ជួយ​កៀងគរ​ធុរជន ឲ្យ​ចូល​មក​បណ្តាក់​ទុន​លើ​វិស័យ​សំខាន់ៗ​មាន​ដូច​ជា​ កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, ឧស្សាហកម្ម​កែច្នៃ​ផលិតផល​ម្ហូបអាហារ​, ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​, ការ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​, បច្ចេក​ព័ត៌មានវិទ្យា​, រ៉ែ និង​ថាមពល​, ការអប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាដើម​។

ជា​ការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍ A.K Ikenye និង​ប្រតិភូ បាន​ថ្លែងអំណរគុណ​មន្ត្រី​កម្ពុជា ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ ស្តីពី​បទពិសោធន៍​រប​ស់​កម្ពុជា លើ​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​កាលានុវត្តភាព​ធុរកិច្ច និង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រតិភូ​កេ​ន​យ៉ា បានបង្ហាញ​ជំនឿ​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​លើក​នេះ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់​ស្អិតល្មួត​ថែមទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114