ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ម៉ែន ពិភព ថា​មិន​ភ្លេចគុណ​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​បណ្តុះបណ្តាល​សមត្ថ​ភាព​ដល់​ខ្លួន

​អតីត​ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន កីឡាករ ម៉ែន ពិភព សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានសម្រេច​ក្តី​ស្រ​ម៉ៃ​ក្លាយជា​គ្រូបង្វឹក បើ​ទោះបី​ជា​ខ្លួន​នៅ​វ័យក្មេង និង​មិនទាន់​មាន Licence អ្វី​ក៏ដោយ​។ នេះ​បើតាម​រយៈ​ការផ្តល់​បទសម្ភាសន៍​ជាមួយ​វេ​ប​សាយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​។

អតីត​កីឡាករ​រូបនេះ​បាន​និយាយ​ថា «​ក្តី​ស្រ​ម៉ៃ​របស់ខ្ញុំ​តាំងពីក្មេង​មក​គឺ ខ្ញុំ​ចង់​ក្លាយជា​កីឡាករ​អាជីព និង​ក្លាយជា​គ្រូបង្វឹក​បាល់ទាត់ ចំពោះ​កីឡាករ​អាជីព​ខ្ញុំ​លេង​បាន​រយៈពេល ២​ឆ្នាំ និង​បាន​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ២​លើក ។ មូលហេតុ​ចម្បង​ដែល​ខ្ញុំ​ចាប់យក​អាជីព​ជា​គ្រូបង្វឹក​បាល់ទាត់​នោះ​គឺ កើត​ចេញ​មកពី​ការ​បាក់​ទឹកចិត្ត ក្រោយពី​ទម្រង់​លេង​របស់ខ្ញុំ​មានការ​ធ្លាក់ចុះ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិតថា​មិនអាច​ទៅ​មុខ​ទៀត​បាន មួយវិញទៀត​នោះ​គឺ​ខ្ញុំ​ស្រលាញ់​វិស័យ​បាល់ទាត់​ណាស់ ខ្ញុំ​ចង់​ចូលរួម​លើកស្ទួយ​វិស័យ​បាល់ទាត់​កម្ពុជា​តាមរយៈ​ចំនេះដឹង​បាល់ទាត់​ដែល​ខ្ញុំ​មាន​នាពេល​កន្លងមក​»​។

គ្រូបង្វឹក​ក្រុម​ថ្នាល​នៃ​ក្រុម​ភ្នំពេញ​ក្រោ​ន​អាយុ​ក្រោម​១៦​ឆ្នាំ (U16) រូបនេះ​បាន​បន្ថែមទៀត​ថា « ខ្ញុំ​ពិតជា​អរគុណ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ខ្លាំងណាស់ ព្រោះ​ពីដំបូង​ឡើយ​មិនមាន​អ្នកណា​គេ​ទទួលយក​ខ្ញុំ​នោះទេ​ព្រោះតែ​កាយសម្បទា​របស់ខ្ញុំ ប៉ុន្តែ​ភ្នំពេញ​ក្រោ​ន​បានផ្តល់​ឱកាស​ដល់​ខ្ញុំ​មក​ចូលរួម​ជាមួយ ទាំង​ការហ្វឹកហាត់ ការសិក្សា ចំនីអាហារ ពោលគឺ​អ្វីៗ​គ្រប់យ៉ាង​១០០%​លើ​រូបខ្ញុំ​តាំងពី​ឆ្នាំ​២០១១ រហូតដល់​ពេលបច្ចុប្បន្ន​នេះ លោកពូ​ម្ចាស់​ក្លឹប​គាត់​មានគុណ​លើ​រូបខ្ញុំ ដូច្នេះ​បើទោះបីជា​ខ្ញុំ​មិនអាច​ចូលរួម​ជាមួយ​ក្រុម​ធំ​បាន ក៏​ខ្ញុំ​ចូលរួម​តាមរបៀប​ជាការ​ផ្តល់​បទពិសោធន៍​នេះ​ផងដែរ​»​។

ជា​ចុងក្រោយ​កីឡាករ​ដែលមាន​ប្រភព​មកពី​ខេត្តពោធិ៍សាត់ រូបនេះ​បាន​សំណូមពរ​ទៅកាន់​អ្នក​ដែល​ស្រលាញ់​បាល់ទាត់​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​សូម​ឲ្យ​អ្នក​ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព​ព្យាយាម​បន្ថែមទៀត​ទាំង​ក្នុង និង​ក្រៅ​ទីលាន បញ្ហា​ទាំងអស់​គឺ​មកពី​ខ្លួន​យើង​ផ្ទាល់ នៅពេលដែល​យើង​ធ្លាក់​ទម្រង់​លេង​យើង​ត្រូវតែ​ខិតខំ​ព្យាយាម​ហ្វឹកហាត់ លួច​ហាត់​បន្ថែម​ខ្លួនឯង ស្តាប់​យោបល់​ល្អៗ​ពី​គ្រូបង្វឹក ក៏ដូចជា​អ្នក​នៅ​ជុំវិញខ្លួន ។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​លោកពូ​សំណាង​ដែលជា​ម្ចាស់​ក្លឹប គាត់​តែងតែ​យកចិត្តទុកដាក់​មកលើ​រូបខ្ញុំ និង​ក្មេងៗ​ដែល​ស្រលាញ់​បាល់ទាត់ គាត់​ចាត់ទុក​ពួក​ខ្ញុំ​ជា​គ្រួសារ​របស់គាត់ ខ្ញុំ​សូម​ជូនពរ​គាត់ និង​គ្រួសារ​ឲ្យ​មាន​សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​»​។

គួរ​រំលឹក​ផងដែរ​ថា ម៉ែន ពិភព ទើបតែ​មាន​អាយុ​២០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​រូបគេ​បាន​ចូលរួម​ជាមួយ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​នៅ​ឆ្នាំ​២០១១​មកម្ល៉េះ ដោយ​ចូលធ្វើការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ថ្នាល និង​បាន​បន្ត​អភិវឌ្ឍន៍​ខ្លួន​បន្ថែមទៀត​រហូត​បាន​ចូល​លេង​ក្រុម​ឈុត​ធំ និង​មានឱកាស​បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114