ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គ​នគរបាល​ជាតិ នឹង​ចាត់ការ​ផ្លូវច្បាប់ លើ​ក្រុម​ប៉ូលិស​ខណ្ឌដង្កោ ដែល​ព្រួត​គ្នា​វ៉ៃ​មន្ត្រី ACU

ភ្នំពេញ​ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាង​ថា នឹង​ចាត់វិធានការ​ចំពោះ​ប៉ូលិស​ខណ្ឌដង្កោ​មួយ​ក្រុម ដែល​បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​លើ​ប្រជាពលរដ្ឋ ប​ណា្ត​ល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ នៅក្នុង​វត្ត​ព្រែក​ថ្លឹង ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ កាលពី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ ដោយសារតែ​រឿង​យល់​ច្រឡំ​ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។

ជនរងគ្រោះ​ឈ្មោះ ឃឹម ខុម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ចំណែក​ក្រុមមន្ត្រី​ប៉ូលិស​ដែល​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​មាន​ដូច​ជា ១. លោក​វរសេនីយ៍ទោ នាក់ ណា​រ៉ូ អធិការរង​ទទួល​ការងារ​ចរាចរណ៍​ខណ្ឌដង្កោ​។ ២. លោក​វរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរង​ទទួល​ការងារ​សណ្ដាប់ធ្នាប់​។ ៣. លោក​អនុសេនីយ៍ទោ ម៉េ​ត រតនា មន្ដ្រី​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ប៉ូលិស​មួយចំនួនទៀត​។ សកម្មភាព​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាងខ្លាំង​ចំ​ពោះ​ទង្វើ​ព្រៃផ្សៃ​របស់​ប៉ូលិស​ខណ្ឌដង្កោ ព្រោះ​ខ្លួន​ជា​អ្នក​អនុវត្ត​ច្បាប់ បែរជា​ប្រព្រឹត្ត​អំពើ​បំពាន​ច្បាប់​។

ទាក់ទង​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមេសា ថា អគ្គស្នងការ​នគរបាល​ជាតិ​នឹង​ត្រួតពិនិត្យ​លើ​ករណីនេះ ហើយ​បើ​មាន​ពិតប្រាកដ​មែន នឹង​ដាក់​វិន័យ​នគរបាល ឬ​ចាត់វិធានការ​តាមច្បាប់​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ឲ្យ​តែ​មាន​ពាក្យ​បណ្តឹង​យើង​នឹង​ចាត់ការ​ត្រួតពិនិត្យ​តាម​វិន័យ​នគរបាល ឬក៏​តាមច្បាប់​វិធានការ​តាមច្បាប់​បើ​មាន​ពិតប្រាកដ​ចឹ​ង​មែន​”​។

នៅក្នុង​ពាក្យបណ្ដឹង​របស់លោក ឃឹម ខុម ដែល​បានដាក់​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​បាន​ប្ដឹង​មន្ត្រី​នគរបាល​ជា​អធិការរង​នគរបាល​ខណ្ឌដង្កោ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដង្កោ​ចំនួន​៤​រូប ពីបទ​ប្រើ​អំពើ​ហិង្សា កាលពី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ នៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​លោក ឃឹម ខុម ជា​ជនរងគ្រោះ​បាន​រៀបរាប់​ថា ករណីនេះ​បាន​កើត​ឡើង​នៅវេលា​ម៉ោង​៨ យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។ ជនរងគ្រោះ​បាន​ចោទ​ទៅលើ​មន្ត្រី​នគរបាល​ចំនួន​៥​នាក់ ក្នុង​នោះ​អធិការរង​ម្នាក់​មានឈ្មោះ នាក់ ណា​រ៉ូ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដង្កោ​៤​រូប​ផ្សេងទៀត​។

ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ខណៈ​លោក​កំពុង​បើក​រថយន្ត​ម៉ាក Prius តាមផ្លូវ​៥០​ម៉ែត្រ ក៏​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Prius បើក​មក​កៀរ រថយន្ត​លោក នាំ​ឲ្យ​មានការ​ខូចខាត ប៉ុន្តែ​លោក​មិនបាន​តាម​រថយន្ត​នោះ​ទេ ដោយ​បើក​លឿន​ពេក​។ ភ្លាមៗ​នោះ​ស្រាប់​តែ​មាន​នគរបាល​មួយ​ក្រុម​ខាងលើ មាន​ទាំង​រថយន្ត និង​ម៉ូតូ​ផង​ប្រហែល​៦​គ្រឿង បាន​បើក​ដេញ​ពីក្រោយ​រហូត​តាម​រថយន្ត​លោក​ទាន់ នៅក្នុង​វត្ត​ព្រែក​ថ្លឹង រហូត​ប្រើ​ហិង្សា​យ៉ាងដំណំ មិន​សួររក​ហេតុផល បើ​ទោះ​គាត់​បាន​សុំ​អង្វរ និង​សុំ​ឲ្យ​សួរនាំ​រក​ខុសត្រូវ​សិន​ក៏ដោយ​។

សម្រាប់​សកម្មភាព​ប្រើ​ហិង្សា​នេះ ជនរងគ្រោះ​សុំ​ឲ្យ​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​តាមច្បាប់ និង​ទាមទារ​សំណង​ចំនួន​៥​ម៉ឺន​ដុល្លារ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114