ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Arsenal​លត់​ក្រុម Napoli២-០ នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Europa League

ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​កីឡាករ Aaron Ramsey និង​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Kalidou Koulibaly បានធ្វើ​ឲ្យ​ក្រុម Arsenal​លត់​ក្រុម Napoli២-០ នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Europa League​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍។

ក្រុម Arsenal​បាន​នាំ​មុខមុន​នៅ​នាទី​១៤ ដោយសារ​គ្រាប់​បាល់​របស់​កីឡាករ Ramsey ជាមួយនឹង​ការ​ស៊ុត​បាល់​នឹង​ជើង​ស្តាំ​របស់គាត់​ផុតដៃ​អ្នកចាំទី Alex Meret របស់​ក្រុម Napoli។

ពួកគេ​បាន​រក​២​គ្រាប់​នៅ​១០​នាទី​ក្រោយមក ក្រោយពី​កីឡាករ Lucas Torreira ស៊ុត​មួយ​ជើង​ធ្វើ​ឲ្យ​ប៉ះ​ជើងឆ្វេង​របស់​កីឡាករ Koulibaly បណ្តោយ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​តែម្តង​។

លោក Unai Emery គឺជា​គ្រូបង្វឹក​របស់​ក្រុម Arsenal​បាន​និយាយប្រាប់​ក្រុម​អ្នក​កាសែត​ថា យើង​អាច​សប្បាយចិត្ត​ជាមួយនឹង​លទ្ធផល​មួយ​នេះ ប៉ុន្តែ​ក្រុម Napoli ច្បាស់​ជា​លេង​បាន​ខ្លាំងក្លា​ជាង​នេះ​នៅ​ការប្រកួត​ជើង​ទី​២​។ ហេតុ​ដូច្នេះហើយ យើង​នឹង​ប្រឈម​នឹង​ការងារ​លំបាក​ក្នុងការ​សម្រេចបាន​ជោគជ័យ​។

ក្រុម Arsenal​បាន​ព្យាយាម​លេង​សម្រុក​ខ្លាំង​នៅក្នុង​តង់​ទី​១ ប៉ុន្តែ​ពួកគេ​ធ្វើ​មិនបាន​សម្រេច​នោះឡើយ បើ​ទោះបី​ជា​ស៊ុត​បាល់​ចំ​គោលដៅ​ជាច្រើនលើក​ច្រើន​សារ​ក៏ដោយ ពី​ខ្សែប្រយុទ្ធ Alexandre Lacazette និង Pierre-Emerick Aubameyang ខណៈដែល​អ្នកចាំទី Meret របស់​ក្រុម Napoli​មានការ​ងារ​ធ្វើ​ច្រើន​ផងដែរ​។

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​របស់លោក Carlo Ancelotti បាន​ព្យាយាម​វាយបក​វិញ​ដូច​ទឹកបាក់​ទំនប់ ដើម្បី​អាច​រកបាន​គ្រាប់​បាល់​ក្រៅ​ទឹកដី តែ​ពួកគេ​នៅតែ​មិនអាច​ដដែល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114