ព័ត៍មានទាន់​ហេតុការណ៏
Search

ជំនួយការ​លោក Assange ត្រូវ​ចាប់ខ្លួន​ ខណៈ​ព្យាយាម​ចាក​ចេញពី​ប្រទេស​អេ​ក្វា​ឌ័​រ

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អេ​ក្វា​ឌ័​រ​ បាន​និយាយ​ថា សហការី​របស់​ស្ថាបនិក Wikileaks លោក Julian Assange ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​ ខណៈ​ពេល​ព្យាយាម​រត់គេច​ទៅកាន់​ប្រទេស​ជប៉ុន។

លោកស្រី Maria Paula Romo មិនបាន​កំណត់​អត្តសញ្ញាណ​បុគ្គល​ម្នាក់​នោះទេ ​ប៉ុន្តែ​បាន​ប្រាប់​វិទ្យុ Sonorama ថា គាត់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក Assange ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ទីក្រុង​ឡុង​ដ៍​តាម​សំណើ​ធ្វើ​បត្យាប័ន​របស់​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​បាន​ចំណាយពេល​៧​ឆ្នាំ​ក្នុង​ស្ថានទូត​អេ​ក្វា​ឌ័​រ​នៅ​ទីនោះ។

ទូរទស្សន៍ Teleamazonas បាន​កំណត់ថា គាត់​មានឈ្មោះ Ola Bini ជា​អ្នក​អភិវឌ្ឍ​កម្មវិធី software ដែល​ផ្តោតលើ​ឯកជន​ភាព សន្តិសុខ​និង​ការសិក្សា​ពី​អក្សរ​ឬ​លេខ​សម្ងាត់​។ ទោះបីជា​យ៉ាងណាក៏ដោយ ប៉ុស្តិ៍​នេះ​មិនបាន​ប្រាប់​ឈ្មោះ​ប្រភព​របស់​វា​ទេ។

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី​រដ្ឋមន្ត្រី​បាន​ភ្ជាប់​អ្នក​សហការ​រូបនេះ​ទៅនឹង​ការចោទប្រកាន់​អំពី​ការប៉ុនប៉ង​ធ្វើ​ឲ្យ​អស្ថិរភាព​ដល់​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Lenin Moreno​។​

លោកស្រី​បាន​និយាយថា គាត់​ត្រូវបាន​ឃាត់ខ្លួន​ដោយ​គ្រាន់តែ​សម្រាប់​ការស៊ើបអង្កេត​ប៉ុណ្ណោះ​។ លោកស្រី​បន្ថែមថា គាត់​បានធ្វើ​ដំណើរ​ទៅ​បរទេស​ជាមួយ​អតីតរដ្ឋមន្ត្រី​ការបរទេស​អេ​ក្វា​ឌ័​រលោក Ricardo Patino ដែល​បានផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​លោក Assange ក្នុង​ឆ្នាំ​២០១២​។​

លោកស្រី​បាន​និយាយថា “​យើង​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែលថា គាត់​បាន​សហការគ្នា​ក្នុងការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​អស្ថិរភាព​ដល់​រដ្ឋាភិបាល​”​។​

ការប្រកាស​របស់លោក​ស្រី Romo បាន​ធ្វើឡើង​បន្ទាប់ពី​ការចាប់ខ្លួន​លោក Assange កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​

ប៉ូលិស​អង់គ្លេស​បានទទួល​ភារកិច្ច​បន្ទាប់ពី​ប្រទេស​អេ​ក្វា​ឌ័​របា​ន​ដកសិទ្ធិ​ជ្រកកោន​របស់ខ្លួន​សម្រាប់​លោក Assange ហើយ​បាន​លុបចោល​សញ្ជាតិ​របស់គាត់​ដែល​ត្រូវ​បានផ្តល់​ឲ្យ​នៅក្នុង​ឆ្នាំ​២០១២៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114