ព័ត៍មានទាន់​ហេតុការណ៏
Search

យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​មុន​ពេល​ចូលឆ្នាំ​ខ្មែរ​ដល់​សិស្ស និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ និង ខេត្ត​ត្បូងឃ្មុំ​

តាកែវ-ត្បូងឃ្មុំ ៖ គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​២ បាន​សហការ​ជាមួយនឹង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ បានរៀបចំ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្ស​ក្នុង​សាលារៀន និង​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅតាម​ដងផ្លូវ​នៃ​គម្រោង​កែលម្អ​ផ្ឡូ​វ​ជនបទ​ក្នុង​ខេត្តតាកែវ និង​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ចាប់​អនុវត្ត​ពីថ្ងៃ​ទី ២​ដល់​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០១៩​។

ដោយឡែក​នៅ​ថ្ងៃទី ២ និង ទី​៣ ខែមេសា​ឆ្នាំ ២០១៩ កន្លងទៅ​ថ្មីៗ​នេះ សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​អំពី​កិច្ច​បង្ការ​ហានិភ័យ​សំខាន់ៗ ដោយមាន​ប្រជាពលរដ្ឋ​ចំនួន​ចូលរួម ១៤១​នាក់ (​ស្រី​៦៣​នាក់​) ក្នុង​ឃុំ សំរោង ស្រុក​ត្រាំកក់​ខេត្តតាកែវ​។ នៅក្នុង​យុទ្ធនាការ​នេះ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍ របស់​គម្រោង​កែលម្អ​ផ្លូវលំ​ជនបទ​ជំហាន​ទី​២ បាន​ផ្សព្វផ្សាយ​អំពី ចំណេះដឹង​ទាក់ទង សុវត្ថិភាព​ចរាចរណ៍ ដល់​អ្នកបើកបរ​គោយន្ត​ចំនួន ១២​គ្រឿង ម៉ូតូ ៨០​គ្រឿង និង កង់​៤០​គ្រឿង​។

​ជាង​នេះ​ទៅ​ទៀត យើង​បាន​បិទ​ស្ទិ​គ័​រ​ចំណាំង ដែល​មាន​សារ​សុវត្ថិភាព​ទាក់ទង​និង​ការប្រើប្រាស់​ល្បឿន និង ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ កម្មវិធី​នេះ​មានការ​ចូលរួម​យ៉ាង​ផុលផុស​ពី​សំណាក់ អាជ្ញាធរ​ឃុំ​សំរោង មន្ត្រី​អន្តរ​វិស័យ​របស់​ស្រុក​ត្រាំកក់ និង​បងប្អូន​ប្រជា​ការពារ មន្ត្រីនគរបាល ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀតផង​។ ក្រុមការងារ​បានធ្វើកា​រហែ​ក្បួន គោយន្ត ម៉ូតូ និង​កង់ កាត់​តាម​ទីប្រជុំជន សាលារៀន វត្ត​អារាម និង ភូមិ​របស់​ប្រជាពលរដ្ឋ ដោយមាន​ការផ្តល់​សារ​អប់រំ តាមរយៈ​ឧបករណ៍​បំពង​សម្លេង​(​ម៉េ​ក្រូ​) ផ្តោតលើ​ចំណេះដឹង​អំពី​ល្បឿន គ្រឿង​ស្រវឹង មួក​សុវត្ថិភាព ជាពិសេស​ការគោរព​តាមច្បាប់​ចរាចរណ៍​។

​នៅពេល​រសៀល មានការ​ចូលរួម​ពី​សិស្សានុសិស្ស ជាង​១០០​នាក់ មកពី​អនុវិទ្យាល័យ​អង្គ​សីមា ក្នុង​ឃុំ​សំរោង ស្រុក​ត្រាំកក់ ក្នុង​កម្មវិធី ដែលមាន​ការរៀបចំ​ស្តង់ អមដោយ​កម្មវិធី អប់រំ និង សំណួរចម្លើយ ដែលមាន​រង្វាន់ ជា​មួកសុវត្ថិភាព អាវយឺត សៀវភៅ​ច្បាប់​ចរាចរណ៍ និង សម្ភារៈ​លួង​ចិត្ត​មួយចំនួនទៀត​។ សិស្ស​ទាំងអស់​ទទួលបាន​អារម្មណ៍​រីករាយ និង​ចំណេះដឹង​ទាក់ទង សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​តាម​ដងផ្លូវ ជាពិសេស​សម្រាប់​អ្នកជិះ​កង់ និង ថ្មើរជើង​។

ចំណែកឯ​ខេត្ត​ត្បូងឃ្មុំ ក្រោយពី​បាន​បណ្តុះបណ្តាល​ជំនាញ ដល់​ជន​បង្គោល​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​រួចមក ក្រុមការងារ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​២ បាន​សហការ​និង គាំទ្រ ការរៀបចំ​សកម្មភាព អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ សិស្ស និង អ្នកប្រើប្រាស់​ផ្លូវថ្នល់​ជាពិសេស​អ្នកបើកបរ​ក្នុង​ឃុំ ចំនួន​១៣ តាម​បណ្តា​ស្រុក​មួយចំនួន នៃ​ខេត្ត​ត្បូងឃ្មុំ​។ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍ គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​២ បាន​ផ្តល់នូវ សម្ភារៈ​អប់រំ​ផ្សព្វផ្សាយ មានដូចជា ស្ទី​គ័​រ​ចំណាំង ខិត្តប័ណ្ណ​អប់រំ​ពី​ហានិភ័យ បដា​ពាក្យស្លោក​អប់រំ និង ផ្ទាំង​រូបភាព​អប់រំ​មួយចំនួនធំ ដែល​អាច​ជួយ​សម្រួល​ដ​ល់​ដំណើរការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ប្រព្រឹត្ត​ទៅដោយរ​លួ​ន​។

លោក​គង់​សុវណ្ណ ទីប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​នៃ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​២ បាន​ឲ្យ​ដឹងថា ក្រុម​របស់​លោក​នឹង​បន្តធ្វើ​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ សិស្ស​តាម​សាលា មាតាបិតា ឬ អាណាព្យាបាល​សិស្ស ក៏ដូចជា​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក​ផងដែរ អំពី​ការ​ធ្វើដំណើរ​ដោយ​សុវត្ថិភាព​ក្នុង​ខេត្ត​ចំនួន​១០ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់តំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ដែលមាន​ផ្លូវ​ចំនួន​៧០​ខ្សែ និង​ចម្ងាយ​ផ្លូវ​សរុប​ជាង​១២០០​គីឡូម៉ែត្រ​។ លោក​បញ្ជាក់ថា គោលបំណង​ដ៏​ធំ​មួយ​ក្នុងចំណោម​គោលបំណង​ច្រើន​ទៀត​របស់​គម្រោង​គឺ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ការបាត់​បង់ជីវិត និង​របួស​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ផ្លូវ​របស់​គម្រោង​។ ក្រៅពី​ការអប់រំ​ផ្សព្វផ្សាយ​ដល់​អ្នកធ្វើដំណើរ​វ័យចាស់ៗ ការ​បណ្ដុះបណ្ដាល​ពី​សុវត្ថិភាព​ចរាចរណ៍ និង​ជំរុញ​ការចូលរួម​អនុវត្ត​គោរព​ច្បាប់​ចរាចរណ៍​របស់​សហគម​ន៍​គឺជា​យុទ្ធសាស្ត្រ​ស្នូល​ក្នុងការ​ផ្ដួចផ្ដើម​បង្កើត​ចេរភាព​នៃ​វប្បធម៌​បើកបរ​ដោយ​សុវត្ថិភាព ដើម្បី​គ្រប់គ្នា​ជាស​ឆ្ងាយ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​បាន​។

តាមរយៈ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ក្នុង​ខេត្ត​ទាំង​១០​ខាងលើនេះ ក៏​នឹង​អាចរួមចំណែក​ក្នុងការ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​នៅក្នុង​ប្រទេស​កម្ពុជា ស្របតាម​ផែនការ​សកម្មភាព​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​រាជរដ្ឋាភិបាល​បានកំនត់​កាត់បន្ថយ​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​៥០%​នា​ឆ្នាំ​២០២០​ខាង មុខ​៕