ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន KUBOTA Leasing (Cambodia)​ ពង្រីក​ទីផ្សារ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​នៅក្នុង​តំបន់​អាស៊ាន

ភ្នំពេញ​ ៖​ ក្រុមហ៊ុន ​SIAM KUBOTA Leasing Co. , Ltd កំពុង​បោះជំហាន​ចូល​ក្នុង​ទីផ្សារ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​ដាក់​ឲ្យ​ដំណើរការ​ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ជាមួយ​ដើមទុន​រហូតដល់​ទៅ ១៨ លាន​ដុល្លារ​ អាមេរិក ដោយ​បាន​ចាប់ផ្ដើម ប្រតិបត្តិការ​កាលពី​ថ្ង​ទី​៨ ខែ សីហា ឆ្នាំ​២០១៨​កន្លងម។

នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ក្រុមហ៊ុន KUBOTA Leasing (Cambodia)​កាលពី​ថ្ងៃទី​១០​ខែមេសា ​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ លោក Piyachart Srimarut ប្រធាន​ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. បានឱ្យដឹងថា ការឆ្លើយតប​របស់​ក​សិ​ករ​កម្ពុជា កាលពី​ឆ្នាំ ២០១៤ កន្លងទៅ​មាន​លក្ខណៈ​វិជ្ជមាន​ល្អ​ប្រសើរ​គួរ​ជាទី​មោទនៈ ចំពោះ​ការដាក់អោយ ដំណើរការ​គ្រឿងចក្រ​ក​សិ​កម្ម​ទំនើប​របស់ ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd.,​។ ក្រុមហ៊ុន KUBOTA បានចាប់ផ្តើម​សិក្សា​លទ្ធភាព​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​បង់​រំលស់​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ប្រតិបត្តិការ​រួមគ្នា ដោយ​យក​គំរូ​តាម​ភាពជោគជ័យ​របស់​ក្រុមហ៊ុន Siam Kubota Leasing Co. Ltd., ដែល​បាន​ជំរុញ​យ៉ាងខ្លាំង​ដល់​ការលក់​គ្រឿងចក្រ​កសិកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅក្នុង​ប្រទេស​ថៃ​។ ក្រុមហ៊ុន​មួយ​នេះ​ជា​កម្មសិទ្ធិ ១០០% របស់​ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd., ជាមួយនឹង​ការវិនិយោគ​បន្ថែមទៀត​ដើម្បី​តាម​អោយទាន់​កំណើន​នៃ​ការលក់​ផលិតផល KUBOTA នៅក្នុង​ប្រទេស​កម្ពុជា​។​ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ផ្តល់ជូន​នូវ​សេវាកម្ម​បង់​រំលស់​ក្នុងការ​គាំទ្រ​ដល់​ការលក់​គ្រឿងចក្រ​កសិកម្ម​របស់​KUBOTA ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ភាពជា​ម្ចាស់​នៃ​គ្រឿងចក្រ​កសិកម្ម​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​សម្រាប់​កសិករ​កម្ពុជា ។ ចំណុច​ដ៏​លេចធ្លោ​នៃ​សេវាកម្ម​របស់​ក្រុមហ៊ុន​នេះ​រួមមាន​៖ អត្រា​ការប្រាក់​ទាប ការបង់​ត្រឡប់មកវិញ​មាន​ច្រើន​ប្រភេទ​ទៅតាម​ទំហំ​នៃ​ប្រាក់ចំណូល គ្មាន​បង្កប់​កម្រៃ​សេវា ឬ​ថ្លៃ​សេវា​បន្ថែម​ផ្សេងៗ​ឡើយ​។ កត្តា​ទាំងនេះ​បង្ហាញ​ឃើញ​ពី​ភាពត្រឹមត្រូវ និង​ភាពស្មោះត្រង់​របស់​ក្រុមហ៊ុន​។

អត្ថប្រយោជន៍​នៃ​ការបង់​រំលស់​ប្រភេទ​នេះ​គឺ អតិថិជន​មិនចាំបាច់​ចំណាយ​ពេលវេលា ដើម្បី​បង្កើន​សាច់ប្រាក់ ឬ​ដាក់​ទ្រព្យ​បញ្ចាំ​ផ្សេងទៀត​ដូចជា ដីធ្លី​ជាដើម ដើម្បី​ដាក់ពាក្យ​ស្នើសុំ​នោះទេ ។ ដរាបណា អតិថិជន​អាច​បង់ប្រាក់​កក់​មុន និង​មានលទ្ធភាព​សង ត្រឡប់មកវិញ​បាន នោះ​ក្រុមហ៊ុន​អាចធ្វើ​ការអនុម័ត​ភ្លាមៗ ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​ទទួលបាន​គ្រឿងចក្រ​កសិកម្ម​សម្រាប់​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​បំផុត​។​

បច្ចុប្បន្ននេះ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc មាន​ទីស្នាក់ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ហើយក៏​មាន​ផែនការ​ពង្រីក​សាខា និង​សេវាកម្ម​បន្ថែម​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀតផង​ដែរ​។ ឥឡូវនេះ លោកអ្នក​អាច​ស្នើសុំ​សេវាកម្ម​បង់​រំលស់​នៅ​គ្រប់​ដេប៉ូ​ចែកចាយ​របស់​KUBOTA ទាំង​២៤​កន្លែង នៅ​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​លេខ ០២៣ ៩០១ ៧៤៥៕