ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​ធុង​ហ្គាស៍​ឆេះ​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​ ម៉ូតូ​១​គ្រឿង​ និង​ផ្ទះ​លក់​សម្ភារៈ​ក្មេង​ បណ្ដាល​អោយ​របួសធ្ងន់ ​មនុស្ស​៣​នាក់​

កណ្ដាល ​៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​រង​របួស​ធ្ងន់ធ្ងរ​រលាក​រលួយ​ខ្លួនប្រាណ​ ​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ចាត់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ​និង​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង ម៉ូតូ​១​គ្រឿង ផ្ទះ​លក់​​សម្ភារៈ​ក្មេង​លេង​ ត្រូវ​អណ្ដាតភ្លើង​ឆេះ​ផ្ដើម​ឡើង ​ដោយ​ការ​ផ្ទុះ​ធុង​ហ្គាស៍​បំពាក់​ក្នុង​រថយន្ត​ប្រើ​ជំនួស​សាំង​ និង​ម៉ាស៊ូត។

ហេតុការណ៍​អគ្គិភ័យ​ ​ផ្តើម​ចេញពី​ការ​ផ្ទុះ​ធុង​ហ្គាស៍​បំពាក់​រថយន្ត​នេះ ​បាន​​កើត​ឡើង​នៅ​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​មុខ​ផ្សារ​តាខ្មៅ​(​ចាស់​) មាត់​ស្ទឹង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល។

បើតាម​ការ​អោយ​ដឹង​ពី​​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ប្រាប់​អោយ​ដឹងថា ​ជនរងគ្រោះ​របួស​រលាក​រលួយ​នោះ​ ​ ឈ្មោះ ង​ន គ​ន្ធា ​ភេទ​ប្រុស ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផ្នែក​នីតិ​វិធី​នៃ​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​ស្នងការ​ព័ត៌មាន ​និង​សន្តិសុខ​ មាន​ឋានន្តរសក្ដិ​វរសេនីយ៍ទោ។ ដោយឡែក​រថយន្ត​២​គ្រឿង ​ត្រូវ​ភ្លើង​ឆេះ​ម៉ាក​ឡិចស៊ីស​GX៤៧០​និង​១​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ីស​RX៣៣០។

សាក្សី​ឃើញ​ហេតុការណ៍​និយាយ​ថា ​នៅ​ផ្លូវ​មាត់​ស្ទឹង​ពី​ខាងត្បូង​មុខ​ផ្សារ​តាខ្មៅ​ចាស់​ មាន​រថយន្ត​ម៉ូតូ​ឆ្លងកាត់​ទៅមក​ជាច្រើន​(​ទីប្រជុំជន​) ​ស្រាប់តែ​នៅ​វេលា​ម៉ោងជាង​១​រសៀល ​គេ​ឃើញ​រថយន្ត​ឡិចស៊ីស​GX៤៧០ បើក​​ក្នុង​ល្បឿន​យឺត​ៗ​ដល់​មុខ​ផ្ទះ​លក់​សម្ភារៈ​ក្មេង​(​ជ័រ​)​ ក៏​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​ត្រង់​ក្បាល​រថយន្ត។ បន្ទាប់មក​ផ្សែង​ខ្មៅ​ និង​អណ្ដាត​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ ហើយ​រថយន្ត​ឡិច​ស៊ីស​១​គ្រឿង​ម៉ា​RX៣៣០ ​ដែល​ដំណើរ​ទន្ទឹមគ្នា​លាន់​សំឡេង​ផ្ទុះ​ធុង​ហ្គាស៍​ដែរ​ ក៏​រាលដាល​ដល់​ម៉ូតូ​១​គ្រឿង​ និង​ផ្ទះ​លក់​សម្ភារៈ​ជ័រ​ឆេះ​​បន្តិចបន្តួច។

សាក្សី​បន្ត​ថា ​ពេល​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​រថយន្ត​GX៤៧០​មាន​មនុស្ស​ប្រុស​ម្នាក់​ បើក​ទ្វារ​រថយន្ត​ស្រែក​យ៉ាង​សន្ធាប់​ជួយ​ខ្ញុំ​ផង ​ជួយ​ខ្ញុំ​ផង​ ដោយ​សំលៀកបំពាក់​ពោរពេញ​អណ្តាតភ្លើង​ឆេះ​រលាក​រលួយ​ខ្លួនប្រាណ។ ភ្លាមៗ​ប្រជាពលរដ្ឋ​ និង​​សមត្ថកិច្ច​នៅ​ជិត​នោះ ​បាន​ជួយ​អន្តរាគមន៍​យក​ទឹក​ទៅ​ជះ​ពន្លត់ភ្លើង​ ហើយ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្តកណ្តាល​រហ័សរហែង​បាញ់​ទឹក​ពន្លត់​មិន​អោយ​រាលដាល​ និង​រលត់​ជា​ស្ថាពរ​ភ្លាមៗ​ផងដែរ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ ​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​នៅមុន​នេះ​បន្តិច​ថា ​នៅ​ក្នុង​រថយន្ត​របស់​ប្ដី​ខ្លួន​មាន​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ទៀត ​ក៏​បាន​រង​របួស​ធ្ងន់​ផង​ដែរ ​ប៉ុន្តែ​ប្ដី​របស់​ខ្លួន​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ ​ដោយ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែតប្រាប់​ថា ​មាន​សង្ឃឹម​រស់​មិន​ដល់​១ភាគ​រយ​ផង។ ចំណែក​ករណី​ដែល​ថា ​រថយន្ត​ផ្ទុះ​ ខណៈ​កំពុង​ធ្វើ​ដំណើរ​នោះ​គឺ​មិន​ពិត​ទេ ​តាម​ពិត​វា​ផ្ទុះ​ឡើង​ ខណៈ​ប្ដី​ខ្លួន​បាន​ឈប់​រថយន្ត ​ហើយ​បើក​គូទ​ឡាន ​ដើម្បី​យក​កាដូរ​ឲ្យ​គេ ​ស្រាប់តែ​ផ្ទុះ​ឆេះ​តែម្ដង។

ចំពោះ​មូល​ហេតុ ដែល​បណ្ដាល​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់​អោយ​ដឹង​នៅ​ឡើយ ​ដោយ​កំពុង​ដុតដៃដុតជើង​ជួយសង្គ្រោះ​មនុស្ស​ និង​ពន្លត់​អណ្តាតភ្លើង​ តែ​យ៉ាងណា​គេ​ឃើញថា​ អគ្គិភ័យ​នេះ​ផ្តើមឡើង​ពី​ការ​ផ្ទុះ​ហ្គាស៍ ​ដែល​បំពាក់​ក្នុង​រថយន្ត៕