ព័ត៍មានទាន់​ហេតុការណ៏
Search

យានអវកាស​អ៊ីស្រាអែល​ បាន​ធ្លាក់​អំឡុងពេល​ចុះចត​នៅ​ឋាន​ព្រះ​ចន្ទ

ការប៉ុនប៉ង​របស់​ប្រទេស​អ៊ីស្រាអែល​ក្នុងការ​ចុះចត​នៅ​ឋាន​ព្រះ​ចន្ទ​ បាន​បរាជ័យ​នៅ​នាទីចុងក្រោយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅពេលដែល​យានអវកាស​មាន​បញ្ហា​ម៉ាស៊ីន​ ខណៈ​វា​រៀបនឹង​ចុះចត​និង​បាន​ធ្លាក់ចូល​ទៅក្នុង​ផ្ទៃ​ព្រះចន្ទ​។​

អ្នកបង្កើត​គម្រោង​និង​អ្នកគាំទ្រ​ដ៏​ធំ​លោក Morris Kahn បាន​និយាយ​នៅក្នុង​វីដេអូ​ខ្លី​មួយ​ដែល​ផ្សាយ​ផ្ទាល់​ចេញពី​ស្ថានីយ​គ្រប់គ្រង​បេសកកម្ម​នៅក្បែរ​ទីក្រុង Tel Aviv ថា “​យើង​ធ្វើ​វា​មិន​បានទេ​ប៉ុន្តែ​យើង​ពិតជា​ព្យាយាម​”​។ លោក​និយាយថា “​ខ្ញុំ​គិតថា សមិទ្ធផល​នៃ​ការ​ទៅ​កន្លែង​ដែល​យើង​ទទួលបាន​ពិតជា​អស្ចារ្យ​ណាស់ ខ្ញុំ​គិតថា​យើង​អាចមាន​មោទនភាព​”​។​

ក្នុងអំឡុងពេល​នៃ​ការផ្សាយ​នេះ បុគ្គលិក​គ្រប់គ្រង​អាច​ត្រូវបាន​គេ​ឮ​និយាយថា ម៉ាស៊ីន​បានធ្វើ​ឲ្យ​ការ​ចុះចត​របស់​យានអវកាស​មាន​លក្ខណៈ​យឺត​និង​បណ្តាល​ឲ្យ​ការ​ចុះចត​ត្រូវ​ទទួល​បរាជ័យ​ហើយ​ទំនាក់ទំនង​ជាមួយ​វា​ត្រូវ​បាត់បង់​។​

បុគ្គលិក​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បាន​និយាយថា “​យើង​ស្ថិតនៅលើ​ព្រះ​ចន្ទ​ប៉ុន្តែ​មិនមែន​លើផ្លូវ​ដែល​យើង​ចង់​បានទេ​”​។ មនុស្ស​ម្នាក់ទៀត​បាន​និយាយថា “​យើង​គឺជា​ប្រទេស​ទី​៧​ដែល​ធ្វើ​គោចរ​លើ​ភព​ព្រះ​ច័ន្ទ​ហើយ​ជា​ប្រទេស​ទី​បួន​ដែល​បាន​ទៅដល់​ផ្ទៃ​របស់​ព្រះ​ចន្ទ​”​។​

មានតែ​ប្រទេស​រុស្ស៊ី សហរដ្ឋអាមេរិក​និង​ចិន​ប៉ុណ្ណោះ​ដែល​បានធ្វើ​ដំណើរ​ចម្ងាយ​៣៨៤,០០០​គីឡូម៉ែត្រ​ហើយ​បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅលើ​ឋាន​ព្រះ​ចន្ទ​។​

យានអវកាស​គ្មាន​មនុស្ស​បើក​ទម្ងន់​៥៨៥​គីឡូក្រាម​មួយ​នេះ​មាន​ឈ្មោះថា Beresheet​។​
​អង្គការក្រៅរដ្ឋាភិបាល​អ៊ីស្រាអែល SpaceIL និង​ក្រុមហ៊ុន​ឧស្សាហកម្ម​អវកាស​អ៊ីស្រាអែល​គ្រប់គ្រង​ដោយ​រដ្ឋ (IAI) ដែលជា​ដៃគូ​ដ៏​សំខាន់​របស់​គម្រោង​នេះ​បានចាត់ទុក​វា​ថា​ជា “​យានអវកាស​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ដែល​បង្កើតឡើង​នៅក្នុង​បេសកកម្ម​មិនមែន​រដ្ឋាភិបាល​”​។​

លោក Khan ដែលជា​សប្បុរសជន​និង​ជា​ប្រធាន​អង្គការ SpaceIL បានដាក់​ប្រាក់​ចំនួន​៤០​លាន​ដុល្លារ​ក្នុង​កញ្ចប់​ថវិកា​១០០​លាន​ដុល្លារ​របស់​គម្រោង​នេះ​។​

យោងតាម​គេហទំព័រ​របស់ IAI បាន​ឲ្យ​ដឹងថា ដៃគូ​ផ្សេងៗ​ទៀត​ដែល​បាន​ចូលរួម​នៅពេល​ក្រោយ​គឺ​មកពី​វិស័យ​ឯកជន រដ្ឋាភិបាល​និង​សាកលវិទ្យាល័យ​៕ AFP