ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​កំប្លែង​អ៊ុយ​ក្រែ​ន​លោក Zelensky នឹង​ជួប​លោក Macron មុន​ការបោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី​ពីរ​

តារា​កំប្លែង​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky ដែលជា​អ្នកនយោបាយ​ថ្មី​និង​ជា​បេក្ខភាព​សង្ឃឹម​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ទីក្រុង​គៀវ​ នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron​។​

ខណៈដែល​មនុស្ស​ជាច្រើន​នាំគ្នា​គិតថា​វា​ជា​រឿង​កំប្លែង​មួយ​ក្នុងការ​ប៉ុនប៉ង​របស់​លោក​ដើម្បី​ដឹកនាំ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែលជា​ប្រទេសមួយ​មាន​សង្គ្រាម​ជាមួយ​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​ក្រុង​មូ​ស្គូ​នោះ​, លោក Zelensky បាន​ផ្តួល​លោក​ប្រធានាធិបតី Petro Poroshenko នៅក្នុង​ការបោះឆ្នោត​ជុំ​ដំបូង​។ ការ​ស្ទាបស្ទង់​មតិ​បាន​ព្យាករណ៍​ថា លោក​ក៏​នឹង​ឈ្នះ​ការបោះឆ្នោត​ជុំ​ទី​ពីរ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​ផងដែរ​។​

តារា​សម្តែង​រូបនេះ​នឹងត្រូវ​ជួប​លោក Macron នៅ​វិមាន Elysee​។​
​ទន្ទឹមនឹង​នេះដែរ លោក Poroshenko នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ដើម្បី​ជួប​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel មុននឹង​ជួបប្រជុំ​ជាមួយ​លោក Macron ដូចគ្នានេះ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​។​

មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​និយាយថា កិច្ចពិភាក្សា​មុន​ការបោះឆ្នោត​នៅ​ប្រទេស​បារាំង​និង​អាល្លឺម៉ង់​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ជោគវាសនា​របស់​រដ្ឋ​អ៊ុយ​ក្រែ​ន​និង​សន្តិសុខ​របស់​អ៊ឺរ៉ុប​។​

លោក​បាន​និយាយថា វា​មាន​សារៈសំខាន់​ខ្លាំងណាស់​នៅ​ចំពោះមុខ​ការប៉ុនប៉ង​ដើម្បី​ដក​ទណ្ឌកម្ម​របស់លោក​ខាងលិច​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​ដែល​បានដាក់​លើ​ក្រុង​មូ​ស្គូ​បន្ទាប់ពី​ការ​កាត់​បញ្ចូល​ឧបទ្វីប Crimea របស់​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​២០១៤​។​

ប្រទេស​បារាំង​និង​អាល្លឺម៉ង់​គឺជា​ផ្នែក​មួយ​នៃ​អ្វីដែល​គេ​ហៅថា​កិច្ចចរចា​សន្តិភាព Normandy ជាមួយ​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ដែលមាន​បំណង​បញ្ចប់​ជម្លោះ​រវាង​ក្រុង​គៀវ​និង​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​ក្រុង​មូ​ស្គូ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ សង្គ្រាម​នេះ​បានសម្លាប់​មនុស្ស​ចំនួន​១៣,០០០​នាក់​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លងមកនេះ​។​

ក្រុង​គៀវ​និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​គាំទ្រ​ពួក​ឧទ្ទាម​ប៉ុន្តែ​ក្រុង​មូ​ស្គូ​បដិសេធ​។​
លោក Poroshenko ដែលជា​អតីតរដ្ឋមន្ដ្រី​ក្រសួងការបរទេស​វ័យ​៥៣​ឆ្នាំ​បាន​បញ្ជាក់ថា លោក​ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​អាច​ក្រោកឈរ​តតាំង​នឹង​វិមាន​ក្រឹម​ឡាំង​បាន​៕ AFP