ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​តា​លី​បង់​ប្រកាស​ការវាយលុក​ចំពេល​មានការ​ជំរុញ​សន្តិភាព​អា​ហ្វ​ហ្គា​នី​ស្ថាន​

នៅ​ថ្ងៃ​សុក្រ ក្រុម​តា​លី​បង់​បានប្រកាស​អំពី​ការវាយលុក​ប្រចាំឆ្នាំ​របស់​ពួកគេ​ដែល​ការប្រកាស​នេះ​បាន​កើតឡើង​នៅពេលដែល​អ្នកនយោបាយ​អាមេរិក​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ព្យាយាម​ចរចា​ឲ្យ​មាន​ដំណោះស្រាយ​សន្តិភាព​មួយ​ជាមួយ​ពួក​សកម្មប្រយុទ្ធ​ឥស្លាម​និយម​មួយ​នេះ​។​

ក្រុម​តា​លី​បង់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រតិបត្តិការ Fath ដែលមាន​ន័យ​ជា​ភាសា​អារ៉ាប់​ថា “​ជ័យជំនះ​” នឹង​ត្រូវបាន​អនុវត្ត​នៅ​ទូទាំងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​គោលបំណង​លុបបំបាត់​ការកាន់កាប់​និង​បោសសម្អាត​មាតុភូមិ​មូស្លីម​របស់​យើង​ពី​ការឈ្លានពាន​និង​អំពើពុករលួយ​។​

តាម​ទម្លាប់ ការវាយលុក​និ​ទាឃ​រដូវ​ប្រចាំឆ្នាំ​គឺ​កត់សម្គាល់​ជាការ​ចាប់ផ្តើម​នៃ​រដូវ​ប្រយុទ្ធ​ថ្វីបើ​ការប្រកាស​នេះ​មាន​លក្ខណៈ​ជា​និមិត្តរូប​ក៏ដោយ​ហើយ​ពួក​តា​លី​បង់​បាន​បន្ត​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​សហរដ្ឋអាមេរិក​។​

ពួក​តា​លី​បង់​បាន​និយាយថា “​កាតព្វកិច្ច​ជី​ហាដ​របស់​យើង​មិនទាន់បាន​បញ្ចប់​ទេ​។ ទោះបីជា​ផ្នែក​ធំ​នៃ​មាតុភូមិ​របស់​យើង​ត្រូវបាន​រំដោះ​ចេញពី​សត្រូវ​ក៏ដោយ​ក៏​កងកម្លាំង​កាន់កាប់​បរទេស​នៅតែ​បន្ត​អនុវត្ត​ឥទ្ធិពល​យោធា​និង​នយោបាយ​នៅក្នុង​ប្រទេស​ឥស្លាម​របស់​យើង​”​។​

លោក Qais Mangal អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា ការវាយលុក​និ​ទាឃ​រដូវ​របស់​ពួក​តា​លី​បង់​គឺ​គ្រាន់តែ​ជាការ​ឃោសនា​ប៉ុណ្ណោះ​។​

លោក Mangal បាន​និយាយថា “​ក្រុម​តា​លី​បង់​នឹង​មិនអាច​ឈានដល់​គោលដៅ​ដ៏​កាច​សាហាវ​របស់​ពួកគេ​បានទេ​ហើយ​ប្រតិបត្តិការ​របស់​ពួកគេ​នឹងត្រូវ​បរាជ័យ​ដូច​ឆ្នាំមុនៗ​ដែរ​”​។​

បន្ទាប់ពី​ស៊ូទ្រាំ​នឹង​ការ​បង្ហូរឈាម​យ៉ាង​កាច​សាហាវ​នៅ​ឆ្នាំ​២០១៨ ក្រុង​កា​ប៊ុល​បាន​ជួបប្រទះ​ភាពស្ងប់ស្ងាត់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​

ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ ទាហាន​ម៉ា​រី​ន​អាមេរិក​ចំនួន​៣​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​រប​ស់​ពួក​តា​លី​បង់​នៅឯ​មូលដ្ឋាន​អាកាស Bagram នៅ​ភាគ​ខាងជើង​ទីក្រុង​ហើយ​អាជ្ញាធរ​កំពុង​ប្រុងប្រយ័ត្ន​ខ្ពស់​។​

រដ្ឋបាល​របស់លោក​ប្រធានាធិបតី Ashraf Ghani កាលពីពេល​ថ្មីៗ​នេះ​បានប្រកាសថា ការវាយប្រហារ​និ​ទាឃ​រដូវ​របស់ខ្លួន​គឺ​ប្រតិបត្តិការ Khalid ហើយ​ពួក​តា​លី​បង់​បាន​ប្រើប្រាស់​ការប្រកាស​នោះ​ថា​ជា​យុត្តិកម្ម​សម្រាប់​ការចាប់ផ្តើម​ការវាយលុក​ថ្មី​មួយ​៕ AFP