ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ឃ្លាំមើល​ការបោះឆ្នោត​ឥណ្ឌា ​បញ្ជា​ឲ្យ​មានការ​ទប់ស្កាត់​ប៉ុស្តិ៍​ទូរទស្សន៍​របស់លោក Modi

មន្ត្រី​បោះឆ្នោត​ឥណ្ឌា​បាន​បញ្ជា​ឲ្យ​ទប់ស្កាត់​បណ្តាញ​ទូរទស្សន៍​មួយ​ដែល​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី Narendra Modi ដែល​ពួកគេ​និយាយថា បាន​រំលោភច្បាប់​យុទ្ធនាការ​។​

ខណៈដែល​ប្រទេស​មាន​ប្រជាជន​១.៣​ពាន់​លាន​នាក់​មួយ​នេះ​បានចាប់ផ្តើម​ការបោះឆ្នោត​ដ៏​ធំ​របស់ខ្លួន​នោះ គណៈកម្មាធិការ​បោះឆ្នោត​បាន​និយាយថា ទូរទស្សន៍ NaMo ដែល​ត្រូវបាន​ឧបត្ថម្ភ​ដោយ​គណបក្ស​ស្តាំនិយម​របស់លោក Modi ត្រូវតែ​ដាក់​មាតិកា​របស់ខ្លួន​ទាំងអស់​ដើម្បី​អនុម័ត​មុន​ការផ្សាយ​។​

ក្រោម​ច្បាប់​នៃ​ការបោះឆ្នោត​របស់​ប្រទេស​ឥណ្ឌា មាតិកា​ណាមួយ​ដែល​គេ​ចាត់ទុកថា​ជា​យុទ្ធនា​ការឃោសនា​រួមទាំង​ការផ្សាយពាណិជ្ជកម្ម ខ្សែភាពយន្ត​និង​សូម្បីតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផងដែរ​នោះ​គឺ​ចាំបាច់​ត្រូវ​មានការ​ការអនុញ្ញាត​ពី​ស្ថាប័ន​បោះឆ្នោត​។​

បទបញ្ជា​ដែល​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​មួយ​នេះ​គឺជា​បញ្ហា​ប្រឈម​ទី​ពីរ​របស់​គណៈកម្មាធិកា​រ​ចំពោះ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក Modi ក្នុង​រយៈពេល​៤៨​ម៉ោង​បន្ទាប់ពី​គណៈកម្មាធិការ​បាន​ពន្យា​រ​ពេល​ការចេញផ្សាយ​ខ្សែភាពយន្ត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ស្តីពី​នាយករដ្ឋមន្ត្រី​វ័យ​៦៨​ឆ្នាំ​រូបនេះ​រហូតដល់​ក្រោយ​ការបញ្ចប់​ការបោះឆ្នោត​។​

ទូរទស្សន៍ NaMo បានបង្ហាញ​កម្មវិធី​២៤​ម៉ោង​ស្តីពី​ការប្រមូលផ្តុំ​របស់លោក Modi, ការ​ថ្លែង​សុន្ទរកថា​និង​សូម្បីតែ​បទ​ចម្រៀង​រ៉េ​ប​ឬ​របាំ​ដែលជា​ទម្លាប់​បាន​ជួយ​ជំរុញ​ឲ្យ​មានការ​ពេញចិត្ត​ដល់​មេដឹកនាំ​។​

គណៈកម្មាធិការ​បោះឆ្នោត​នៃ​ប្រទេស​ឥណ្ឌា​ដែលជា​ស្ថាប័ន​ស្វយ័ត​មួយ​ទទួលបន្ទុក​ត្រួតពិនិត្យ​ការបោះឆ្នោត​រយៈពេល​៦​សប្តាហ៍​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ទូរទស្សន៍ NaMo បាន​បំពាន​ច្បាប់បោះឆ្នោត​ដែលមាន​គោលបំណង​ផ្តល់នូវ​ស្ថានភាព​ស្មើគ្នា​សម្រាប់​គណបក្សនយោបាយ​។​

វា​បាន​និយាយថា ប៉ុស្តិ៍​នេះ​ត្រូវបាន​ឧបត្ថម្ភ​ដោយ​គណបក្ស Bharatiya Janata របស់លោក Modi ហើយ​គ្រប់ការ​ផ្សាយពាណិជ្ជកម្ម​នយោបាយ​ទាំងអស់​និង​កម្មវិធី​ដែល​បាន​ថត​ទុក​ជាមួយនឹង​ខ្លឹមសារ​នយោបាយ​គឺ​ត្រូវ​បានទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ​ជា​ចាំបាច់​មុន​ពេលដែល​ពួកគេ​អាច​ត្រូវបាន​ចាក់ផ្សាយ​៕ AFP