ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​កាន់សាសនា​មូស្លីម​ ​ភ័យខ្លាច​មិន​ហ៊ាន​ទៅ​ព្រះវិហារ​ក្រុង Christchurch មួយខែ ​បន្ទាប់ពី​ការវាយប្រហារ​

បួន​សប្ដាហ៍​បន្ទាប់ពី​ការសម្លាប់​រង្គាល​នៅ​វិហារ​ឥស្លាម​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​, សហគមន៍​មូស្លីម​ទីក្រុង Christchurch កំពុង​ព្យាយាម​ដើម្បី​ជំរុញ​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​យកឈ្នះ​លើ​ភាពភ័យខ្លាច​របស់​ពួកគេ​ហើយ​ត្រលប់​ទៅធ្វើ​ការ​អធិស្ឋាន​ថ្ងៃ​សុក្រ​វិញ​។​

បព្វជិត​នៃ​វិហារ​ឥស្លាម Linwood លោក Ibrahim Abdelhalim បាន​ប្រាប់ AFP ថា “​ពួកគេ​នៅតែ​ភ័យខ្លាច​។ ជាធម្មតា យើង​រំពឹងថា​នឹងមាន​មនុស្ស​ប្រហែល​១០០​នាក់​ប៉ុន្តែ​ពេលនេះ​មាន​ប្រហែល​៣០​នាក់​ប៉ុណ្ណោះ​”​។​

ជនជាតិ​អូស្ត្រាលី​អាយុ​២៨​ឆ្នាំឈ្មោះ Brenton Tarrant ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​ចំនួន​៥០​ករណី​និង​ប៉ុនប៉ង​ឃាតកម្ម​ចំនួន​៣៩​ករណី​បន្ទាប់ពី​បើក​ការបាញ់ប្រហារ​នៅ​វិហារ​ឥស្លាម Linwood និង Al Noor កាលពី​ថ្ងៃទី​១៥​ខែមីនា​។​
​សហគមន៍​មូស្លីម​ត្រូវបាន​រង្គោះរង្គើ​ជា​បន្តទៀត​ក្នុង​សប្តាហ៍​នេះ​នៅពេល​បុរស​វ័យ​៣៣​ឆ្នាំ​ម្នាក់​ដែល​ពាក់​អាវយឺត​មានឈ្មោះ​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ស្រែកថា​ឲ្យ​អ្នក​ថ្វាយបង្គំ​នៅ​វិហារ Al Noor ។​

លោក Daniel Nicholas Tuapawa ដែល​បាន​សារភាព​កំហុស​ក្នុង​តុលាការ​កាលពី​ថ្ងៃ​សុក្រ​ថា​បានធ្វើ​សកម្មភាព​ដែល​ទំនងជា​បង្ក​ឲ្យ​មាន​អំពើហិង្សា​បាន​និយាយថា គាត់​មិនដឹងថា​អ្វីដែល​គាត់​បានធ្វើ​នោះទេ​រហូត​ទាល់តែ​ប៉ូលិស​បង្ហាញ​គាត់​នូវ​វីដេអូ​មួយ​ដែល​ក្នុងនោះ​គាត់​បាន​ស្រែកថា​ឲ្យ​គេ​រួមទាំង​ពាក្យ​ថា “​ជន​មូស្លីម​ទាំងអស់​គឺជា​ភេរ​វករ​” ផងដែរ​។​

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​ត្រូវបាន​គេ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​រហូតដល់​ថ្ងៃទី​៣១​ខែកក្កដា​សម្រាប់​ការកាត់ទោស​ថា “​ខ្ញុំ​មិនអាច​ជឿ​នូវ​អ្វីដែល​ខ្ញុំ​បានធ្វើ​នោះទេ​”​។​
​លោក Tuapawa និយាយថា លោក​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ហើយ​គ្មានអ្វី​ប្រឆាំងនឹង​ជន​មូស្លីម​ទេ​។​
​ប៉ូលិស​នូ​វែ​ល​ហ្សេ​ឡង់​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយថា កម្រិត​នៃ​ការគំរាមកំហែង​ថ្នាក់ជាតិ​នៅតែ​ខ្ពស់​, មួយខែ​បន្ទាប់ពី​ការសម្លាប់​បើទោះបីជា​ខ្មាន់កាំភ្លើង​ត្រូវបាន​គេ​គិតថា​ធ្វើ​សកម្មភាព​តែម្នាក់ឯង​ក៏ដោយ​៕ AFP