ព័ត៍មានទាន់​ហេតុការណ៏
Search

ប៊ែ​ល​ធី គ្រុប ប្រារព្ធ​ពិធីជប់លៀង​ជូន​បុគ្គលិក ជិត ២ ៥០០​នាក់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​

ភ្នំពេញ ​៖ ប៊ែ​ល​ធី គ្រុប បាន​ប្រារព្ធ​ពិធីជប់លៀង​ជូន គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ សរុប​ជិត ២ ៥០០​នាក់ ដើម្បី​អបអរ​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ កាលពី​រសៀល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អគ្គនាយក​ប៊ែ​ល​ធី​គ្រុប និង​លោកស្រី​។​

លោក​បណ្ឌិត លី ឆេង បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ កម្លាំងចិត្ត កម្លាំងកាយ ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន រយៈពេល​ពេញ ១​ឆ្នាំ ទាំង​ផ្នែក ប៊ែ​ល​ធី​សំណង់ ប៊ែ​ល​ធី​ទេសចរណ៍ និង​ប៊ែ​ល​ធី​អប់រំ​។ ក្នុងនោះ​ប៊ែ​ល​ធី​អប់រំ ចែកចេញជា ៣ ៖
​ទី​១-​សាលា ប៊ែ​ល​ធី អន្តរជាតិ បច្ចុប្បន្ន​មាន ២០​ទីតាំង ដែលមាន​សិស្ស​កំពុង​សិក្សា​ជាង ៤២,០០០​នាក់ ដែលមាន​កម្មវិធីសិក្សា​ធំៗ​ទាំង ៥ ៖ ១-​ចំណេះ​ទូទៅ មាន​ពី​ថ្នាក់​ត្រៀម​, ថ្នាក់​ទី​១ ដល់ទី​១២ ២-​ភាសា​អង់គ្លេស​ទូទៅ​(ESL Program) មាន​ពី​ថ្នាក់​ត្រៀម​, Level 1 ដល់​Level 12 ៣-​កម្មវិធី​គណនា​លេខ​រហ័ស IMA (Intelligent Mental-Arithmetic) ជា​កម្មវិធីសិក្សា​ថ្មី ដែល​ទទួល​សិទ្ធិផ្តាច់មុខ​ពី​ប្រទេស​ម៉ាឡេស៊ី នឹង​ជួយ​បង្កើនល្បឿន​នៃ​ការគិត​លេខ និង​អភិវឌ្ឍ​ខួរក្បាល​របស់​កុមារ​ឱ្យមាន​ភាព​វ័យឆ្លាត ស្ទាត់ជំនាញ និង​ឆាប់រហ័ស​តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​ក្បាច់ (Abacus) និង​វិធីសាស្ត្រ​នៃ​ការបង្រៀន​ដ៏​ទំនើប​។ ៤-​វគ្គ​បណ្តុះបណ្តាល​កុំព្យូទ័រ និង​៥-​ថ្នាក់​ត្រៀមប្រឡង​តេស្ត​អន្តរជាតិ ។​
​ទី​២-​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី​១ (​សាខា​ទួលស្លែង​) បច្ចុប្បន្ន​មាន​និស្សិត​កំពុង​សិក្សា​ជាង ១,១២៤​នាក់ ដែលមាន​កម្មវិធីសិក្សា​ជា​ភាសាជាតិ និង អន្តរជាតិ ដែល​កម្មវិធីសិក្សា អន្តរជាតិ គឺ​បង្រៀន​ផ្តោតទៅលើ​ភាសា​អង់គ្លេស ១០០% ជា​កម្រិត​អន្តរជាតិ ដើម្បី​ធ្វើ​ឲ្យ​សិស្ស​មាន​ទំនាក់ទំនង​គ្នា ពីសា​លា រហូតដល់ សាកលវិទ្យាល័យ នៅ​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​។ សាកលវិទ្យាល័យ ក៏បាន​បើក​កម្មវិធីសិក្សា បង្រៀន ភាសា​ចិន និង​ភាសា​ជប៉ុន ដោយ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ដៃគូរ​នៅ​ប្រទេស​ចិន និង​ជប៉ុន សិក្សា​ជាមួយ​គ្រួ​ជនជាតិខ្មែរ និង​ចិន​-​ជប៉ុន ព្រមទាំង​អាច​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ជប៉ុន នៅ​ឆ្នាំ​ទី​២​តែម្តង និង​ទទួលបាន​ការងារ​ធ្វើ​នៅ​ប្រទេស​ជប៉ុន​ស្របច្បាប់​រយៈពេល​៥​ឆ្នាំ តាមរយៈ​ក្រុមហ៊ុន JLS, Cambodia Co.,Ltd ប្រាក់ខែ​ចាប់ពី​១៥០០ ដុល្លា /១​ខែ ជាមួយ​ថ្លៃ​ស្នាក់នៅ សំបុត្រ​យន្តហោះ និង​ទិដ្ឋាការ​នៅ​ប្រទេស​ជប៉ុន ជា​បន្ទុក​របស់​ក្រុមហ៊ុន​។ ករណី​ចង់​រស់នៅ ឬ​បំរើ​ការងារ​បន្ត អាចដាក់​ពាក្យសុំ​ទិដ្ឋាការ​រស់នៅ​អចិន្ត្រយ៍​បាន​ដោយ​ស្របច្បាប់​។​
​ទី​៣-​ប៊ែ​ល​ធី​ទំនាក់ទំនង​អន្តរជាតិ មាន​បម្រើ សេវាកម្ម ធំៗ ៣ ៖ ១-​បញ្ជូន​សិស្ស​-​និស្សិត​ឆ្នើម និង​និទ្ទេស A ប៊ែ​ល​ធី ដែល​ទទួលបាន​អាហារូបករណ៍​ឧកញ៉ា លី ឆេង ទៅ​សិក្សា​នៅក្រៅ​ប្រទេស ២-​បញ្ជូន​សិស្ស​-​និស្សិត​គ្រប់​ប្រភេទ ទូទាំងប្រទេស ដែលមាន​លទ្ធភាព​បង់ថ្លៃ​សិក្សា ទៅ​សិក្សា​នៅក្រៅ​ប្រទេស ៣-​បញ្ជូន​សិស្ស​-​និស្សិត ទូទាំងប្រទេស ទៅធ្វើ​ទស្សនកិច្ច​សិក្សា​ក្រៅប្រទេស​។​

ក្នុងឱកាស​នោះដែរ លោក​បណ្ឌិត លី ឆេង និង​លោកស្រី ក៏បាន​ជូនពរ​ដល់​បុគ្គលិក​ទាំងអស់ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុននេះ ព្រមទាំង​បាន​អញ្ជើញ​ចូលរួម​រាំលេង​កម្សាន្ត និង​ចាប់ឆ្នោត​ផ្សងសំណាង​ជូន​បុគ្គលិក​ទាំងអស់​ផងដែរ​៕