ព័ត៍មានទាន់​ហេតុការណ៏
Search

អណ្ដូងទឹក​មច្ចុរាជ​ឆក់យក​ជីវិត​កសិករ​៣​នាក់ ​ពេល​ចុះ​ត​ទុយោ​បូមទឹក

ភ្នំពេញ ៖ អណ្ដូងទឹក​មួយ ​បាន​ឆក់យក​ជីវិត​កសិករ​៣​នាក់​អោយស្លាប់​យ៉ាង​រន្ធត់​ភ្ញាក់ផ្អើល​ពេញ​ភូមិ​នៅមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នេះ​ ដោយសារតែ​ក្នុង​អណ្ដូងទឹក​នោះ ​គ្មាន​អុក​ស៊ី​ហ្សែ​ន​ទ្រទ្រង់​ដង្ហើម​ដក។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ ក្នុងភូមិ​តា​លាវ ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប។​

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ទាំង​៣​នាក់​ ដែល​ស្លាប់​ក្នុង​អណ្ដូងទឹក​ដោយសារតែ​គ្មាន​អុកស៊ីហ្សែ​ន​ដកដង្ហើម​នោះ ទី​១ មានឈ្មោះ លន់ ឡុ​ក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កសិករ ។ ជនរងគ្រោះ​ទី​២ មានឈ្មោះ ហ៊​ន់ ជាតិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កសិករ និង​ជនរងគ្រោះ​ទី​៣ មានឈ្មោះ ធុន ធឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កសិករ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា។

ពាក់ព័ន្ធ​ដល់​ការស្លាប់​របស់​ជនរងគ្រោះ​ទាំង​៣​នាក់​នេះ សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់ មាន​ម្នា​ក់ បាន​ចុះ​ត​ទុយោ​បូមទឹក ក្នុង​អណ្តូង ដែលមាន​ជម្រៅ ៦ ទៅ ៧​ម៉ែត្រ ដោយហេតុថា​ខែប្រាំង​នេះ​ខ្សត់​ទឹក ពិបាក​​ក្នុង​ការយោង​ទឹក​ឡើងមក​ប្រើប្រាស់ ។​

ពេល​អ្នក​ទី​១​ចុះទៅ​ក្នុង​អណ្ដូង​មួយសន្ទុះ ក៏​ស្រាប់តែ​ដួល​ទៅក្នុង​ទឹក​អណ្ដូង​។ ឃើញ​ដូច្នេះ ២​នាក់​ទៀត​ដែល​នៅ​ខាងលើ​ក៏​ចុះទៅ​ជួយ​លើកគ្នា តែ​គ្រាន់តែ​ចុះទៅ​ដល់​បាត​អណ្ដូង​ក៏​ដួល​សន្លប់​ទាំងអស់គ្នា​ទៅ ទម្រាំ​អ្នកភូមិ​ដឹង​មកជួយ អ្នក​ទាំង​៣​នាក់​បាន​ស្លាប់​បាត់អស់​ទៅហើយ​ ដោយសារ​អត់​អុកស៊ីហ្សែ​ន​ដកដង្ហើម។​

ក្រោយ​កើតហេតុ​ភ្ញាក់ផ្អើល​ពេញ​ភូមិ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ដល់​កន្លែងកើតហេតុ និង​បានធ្វើ​កំណត់ហេតុ ប្រគល់​សព​ជនរងគ្រោះ​ទៅ​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយ​ក្នុងពេល​តែមួយ​នោះ នៅក្នុង​ភូមិ​គេ​ឮ​សម្រែក​ទួញ​សោក​របស់​ក្រុមគ្រួសារ​សព​ឡើង​ទ្រហឹ​ង​អឺងអាប់​ជាមួយនឹង​សំឡេង​ភ្លេង​ខ្លងខែក​បី​ទិស​ព្រម​គ្នា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114