ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រោង​ជួសជុល​កែលំអ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្រាល​កៅស៊ូ​DBST ប្រវែង​១.៥០០​ម៉ែត្រ​ ទទឹង​១១​ម៉ែត្រ នៅក្នុង​ក្រុង​កំពង់ឆ្នាំង កសាង​បាន​៤០%​ហើយ

កំពង់ឆ្នាំង ​៖​ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​១២​ខែ មេសា ឆ្នាំ​២០១៩ នេះ​ បានអោយដឹងថាៈ ការជួសជុល​កំណាត់​ជាតិ​លេខ​៥​ ផ្លូវ ក្រាល​កៅស៊ូ DBST នៅ ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ប្រវែង​១.៥០០​ម៉ែត្រ ទទឹង​១១​ម៉ែត្រ ដែល​រង​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក គិត​ត្រឹម​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩​នេះ កសាង​សម្រេចបាន​៤០%​ហើយ ដើម្បីអោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​សុវត្ថិភាព កែលំអ​​សោភ័ណភាព​ក្នុង​ក្រុង និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​កុំអោយ​កើតឡើង។

លោក កែវ ពៅ បានបញ្ជាក់​អោយដឹងទៀតថាៈ ថវិកា​ជួសជុល​ផ្លូវ​នេះ គឺជា​ថវិកា​របស់​ក្រសួង អនុវត្ត​គម្រោង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង ដោយបាន​ការសហការ និង​អបអរសាទរ​ពី​ប្រជាពលរដ្ឋ ទើប​ការអនុវត្ត​កសាង​ទៅបាន​ដោយ​រលូន និង​ជោគជ័យ។​

អាជ្ញាធរខេត្ត និង​លោក កែវ ពៅ ប្រធាន​គម្រោង សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ទី​លំនៅ​សងខាង​ផ្លូវ​ដែល​កំពុងធ្វើការ​ជួសជុល​នេះ និង​អ្នកធ្វើដំណើរ សូមមេត្តា​មានការ​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​ផលប៉ះពាល់​មួយចំនួន​នៅក្នុងពេល​កំពុង​ជួសជុល​ផ្លូវ​នេះ។ ដោយ​សូម​ជូនពរ​ដល់​ប្រជាពលរដ្ឋ​យើង ធ្វើដំណើរ​ទៅ​ជួបជុំ​ក្រុមគ្រួសារ ប្រកបដោយ​សេចក្តីសុខ និង​សុវត្ថិភាព នៅក្នុង​បុណ្យចូលឆ្នាំ​ខ្មែរ​យើង​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114