ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​បង្ក​ហិង្សា​ក្នុង​គ្រួសារ ​បណ្តាល​ឲ្យ​ប្រពន្ធ​ម្តាយក្មេក​និង​ប្អូនថ្លៃ​របួសធ្ងន់​ស្រាល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

រតនគិរី ​៖ បុរស​ម្នាក់​ បាន​ប្រើ​អំពើហិង្សា​នៅក្នុង​គ្រួសារ ​ដោយ​បាន​យក​កាំបិត​កាប់​ទៅលើ​ប្រពន្ធ ម៉ែក្មេក​និង​ប្អូនថ្លៃ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​។​

ហេតុការណ៍​បង្ក​ហិង្សា​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​សៅរ៍ ៩​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​ស្រុក​វើ​ន​សៃ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​៣​នាក់ ទី​១- ឈ្មោះ ប៉ាន ម៉ាលី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​កាចក់ ត្រូវជា​ប្រពន្ធ​ជនបង្ក របួសធ្ងន់​ត្រង់​ផ្ទៃមុខ​ខាងស្តាំ​។​​ ទី​២- ឈ្មោះ ប៉ាន វ៉ាន់ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​កាចក់ ត្រូវជា​ប្អូនថ្លៃ​ជនបង្ក របួសធ្ងន់​ត្រង់​ត្រគាក​ខាងឆ្វេង​។ ទី​៣- ឈ្មោះ រ៉ែ រី ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិ​កាចក់ ត្រូវជា​ម្តាយក្មេក​ជនបង្ក របួសស្រាល​។ ​​អ្នក​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។

​ក្រោយ​កើតហេតុ ​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ​។​

​រីឯ​ជនសង្ស័យ​ឈ្មោះ ឈុន ឆៃ​តិក ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ (​ត្រូវជា​ប្តី​ជនរងគ្រោះ​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕