ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ស្ទាវ​២​ក្រុម ​បើក​​​ឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ ​ក្រុម​មួយ​ចូល​ដេក​គុក ​ហើយ​​​ក្រុម​១​ទៀត​​សំណាង​មាន​មួក​សុវត្ថិភាព​ជួយ​ទប់​កុំ​អី​ស្លាប់

បន្ទាយមានជ័យ ​៖ ​​ក្មេង​ស្ទាវ​២​ក្រុម​ បើក​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ក្រុម​មួយ​ចូល​ដេក​គុក ​ហើយ​១​ក្រុម​ទៀត​សំណាង​មាន​មួក​សុវត្ថិភាព​ជួយ​ទប់​កុំ​អី​ស្លាប់។ ករណី​នេះ ​​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ​​ចុះ​បង្ក្រាប​បាន​ចំនួន​៣​នាក់​​​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ភូមិ​កោះ​ឈ្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ឲ្យ​ដឹងថា យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ សន សុភា ភេទ ប្រុស អាយុ ២៣​ឆ្នាំ មាន​ទៅ​លំនៅ​ស្ថិត​ក្នុងភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹង ថា​កាលពី​ថ្ងៃទី​១២​ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​យប់​ខ្លួន ​និង​មិត្ត​ភក្ដិ​បាននាំគ្នា​ជិះ​ម៉ូតូ​ក្នុង​គោលបំណង​ទៅ​ញ៉ាំ​បង្អែម លុះ​ជិះ​ដល់​ចំណុច​កើតហេតុ បាន​ឃើញ​ម៉ូតូ​២​គ្រឿង មាន​គ្នា​ប្រមាណ​៣​នាក់​ជិះ​សំដៅ​មក​ពួក​ខ្លួន​ ពេល​ជិះ​មកដល់ ក៏​ដក​កាំបិត​កាប់​មក​លើ​រូប​ខ្លួន​១​កាំបិត ត្រូវ​ចំ​មួក​សុវត្ថិភាព ពេល​កាប់​រួច​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​គេច​ចេញ​បាត់។ ក្រោយពី​កើតហេតុ​ហើយ ខ្លួន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នៅ​នឹង​កន្លែង​១​មានឈ្មោះ ហុច គឹម​សេង ភេទ ប្រុស អាយុ ១៨​ឆ្នាំ​ ២​មានឈ្មោះ ផាត ជាវ​មិញ ភេទ ប្រុស អាយុ ១៩​ឆ្នាំ​ ៣​មានឈ្មោះ ខន ឈិ​ត ភេទ ប្រុស អាយុ ១៨​ឆ្នាំ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​ដកហូត​វត្ថុតាង​មាន​ដាវ​កែច្នៃ ១​ដើម ប្រវែង ៧១​ស​.​ម។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បានបញ្ជាក់​បន្ថែមទៀត​ថា​ យោងតាម​ការបំភ្លឺ​របស់​ជនរងគ្រោះ ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ ហិង្សា​ដោយ​ចេតនា​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕​