ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ សម្រេច​ឃុំខ្លួន​បុរស​ដៃ​រន្ទះ​ ដែល​ទះ​នារី​ម្នាក់​មួយ​ដៃ​ដួល​ដាច់​ផ្ងារ​អុក​គូទ

ភ្នំពេញ ៖ នៅ​ទីបំផុត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថា​ន់ ឡេង នៅ​រសៀល​ថ្ងៃទី ១៤​មេសា ឆ្នាំ​២០១៩​នេះ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ដៃ​រន្ទះ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្ដោះអាសន្ន​​​ក្រោម​ការចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

ជនដៃដល់​ដែល​តុលាការ​ឃុំខ្លួន​ឈ្មោះ ឡោ ប៊ុន​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មានមុខ​របរ​ជា​អ្នកបើកបរ​រថយន្ត​អោយ​ក្រុមហ៊ុន​ឯកជន​មួយ។

ពាក់ព័ន្ធ​ការ​ចាប់​ខ្លួន ​​ការ​ចោទប្រកាន់ និង​ចេញ​ដីកា​ឃុំខ្លួន បុរស​ឈ្មោះ ឡោ ប៊ុន​ភ័​ក្រ, មន្ត្រី​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ថ្លែងថា កន្លងមក ជនសង្ស័យ​ធ្លាប់​ជាប់គុក​ព្រៃ​ស​ម្ដង​រួចមកហើយ​រយៈពេល​១​ឆ្នាំ​ក្នុង​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០០៨ ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ដែល​ត្រូវបាន​ប្តឹង​ដោយ​ឪពុកម្ដាយ​បង្កើត​តែម្ដង។

កាលពី​ថ្ងៃទី​៩​ខែមេសា ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវ​លេខ​១៣៦ កែង​នឹង​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​មាន​ករណី​ហិង្សា​មួយ​កើតឡើង​ដោយ​ជនរងគ្រោះ​ជា​ស្ត្រី​ទន់ខ្សោយ​មានឈ្មោះ​ថា ទូច លីន​ដា ត្រូវបាន​បុរស​ឈ្មោះ ឡោ ប៊ុន​ភ័​ក្រ ​ទះកំផ្លៀង​នាង​ឱ្យ​ដួល​អុកគូទ​នៅ​នឹង​ថ្នល់​។​

បើតាម​សម្តី​របស់​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ហិង្សា​កើតឡើង គឺ​ដំបូង​ឡើយ​រូបនាង​និង​ប្អូនស្រី បាន​ដើរ​ចេញពីផ្ទះ​ទៅ​ផ្សារ​ដើម្បី​ទិញ​បាយ​ហូប​ហើយពេល​ដើរ​ត្រឡប់មកវិញ​ដល់​ចំណុចកើតហេតុ​ ក៏មាន​រថយន្ត​មួយគ្រឿង បាន​បើក​យ៉ាង​លឿន​សំដៅ​មករក​រូបនាង​ ឃើញ​ដូច្នោះ​ប្អូនស្រី​របស់​នាង​ក៏​ស្ទុះ​ចាប់ដៃ​នាង​អូស​គេច​ចេញ​ ពេលនោះ​នាង​ក៏បាន​សួរ​អ្នក​បើករថយន្ត​ថា​បើក​ប្រញាប់​ទៅណា​? ហើយ​អ្នកបើករថយន្ត​ក៏បាន​ចុច​កញ្ចក់​ចុះ និង​ជេរ​រូបនាង​ដោយ​ពាក្យសម្តី​មិន​សមរម្យ​ជាច្រើន ឮ​ដូច្នោះ​នាង​ក៏បាន​ជេរ​តបត​វិញ ស្រាប់តែ​អ្នកបើករថយន្ត​នោះ ដើរមក​វាយ​នាង​ចំ​កណ្តាល​មុខ បណ្តាល​ឲ្យ​ដួល​តែម្តង។

បន្ទាប់មក​នាង​ក៏បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ។ ក្រោយពេល​ទទួល​ពាក្យបណ្តឹង អាវុធហត្ថ​ បាន​បើក​ការស្រាវជ្រាវ​រហូត​ឈាន​ទៅ​កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​ជនសង្ស័យ។

ក្រោយ​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​អាវុធហត្ថ ជនសង្ស័យ​បាន​សារភាព​ឲ្យ​ដឹងថា រូបគេ​មានឈ្មោះ ឡោ ប៊ុន​ភ័ក្ត្រ អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​មួយកន្លែង​នៅលើ​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ហើយ​រូបគេ​ទើបតែ​បម្រើ​ការងារ​បាន​ប្រហែល​១​ខែ​ប៉ុណ្ណោះ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​និង​​​តុលាការ ឡោ ប៊ុន​ភ័​ក្រ បាន​សារភាព​ទទួល​កំហុស​ថា​ ពិតជា​បាន​ប្រើ​ហិង្សា ដូច​ការចោទប្រកាន់​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន។

​នា​រសៀល​នេះ​ផងដែរ ក្រោយពី​ចៅក្រម​សើ​ប​សួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​រួចហើយ សមត្ថកិច្ច​អាវុធហត្ថ​បាន​បញ្ជូន​ឈ្មោះ ឡោ ប៊ុ​ម​ភ័​ក្រ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​តាម​សេចក្ដីសម្រេច​របស់​តុលាការ ៕