ព័ត៍មានទាន់​ហេតុការណ៏
Search

ល្ងាច​ថ្ងៃ​ចូលឆ្នាំ​ដំបូង ​ពលរដ្ឋ​ស្រុក​សៀម​ប៉ាង​ ជួប​គ្រោះធម្មជាតិ​បង្ក​ឲ្យ​ខូចខាត​ផ្ទះ​ជាង​៥០​ខ្នង

ស្ទឹងត្រែង​ ៖ ​នៅ​ក្នុង​រដូវ​ក្ដៅ​ក្នុង​ពេល​អាកាសធាតុ​មានការ​ប្រែប្រួល និង​ឡើង​កម្ដៅ​ផង ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ចូលឆ្នាំ​ដំបូង​ មាន​ព្យុះភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បង្ក​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​ខ្នង​របើក​ដំបូល​ និង​ខ្លះ​ដួល​រលំ។

ហេតុ​ការណ៍​ខាង​លើ​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៥៤​នាទី​យប់​ថ្ងៃ​ទី​១៤​ ខែ​មេសា​ឆ្នាំ​២០១៩​នៅ​ក្នុង​ស្រុក​សៀម​ប៉ាង។

លោក​វរសេនីយ៍ត្រី ជឹម អេ​ន​ អធិការ​ស្រុក​សៀម​ប៉ាង​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​នេះ​ថា ​៖​ ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នេះ ​មាននៅ​ឃុំ​ថ្មកែវ -​ឃុំ​សេកុង និង​ឃុំ​ព្រែក​មាស ​ខ្លះ​រលំ​ខូច​ទាំង​ស្រុង ​ប៉ើង​ដំបូល​ ឈើ​ដួល​រលំ​សង្កត់​ផ្ទះ​ រលំ​ផ្ទះ​ធ្លាក់​ពីលើ​ជើងតាំង ​និង​អាគារ​រដ្ឋ​មួយ​ចំនួន​រង​ផល​ប៉ះពាល់​ផង​ដែរ។

លោក​អធិការ​បន្ត​​​ថា ​៖ ​ក្នុង​នោះ​ផល​ប៉ះពាល់​បង្ក​ឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មកែវ​១៧​ខ្នង ឃុំ​សេកុង​២៣​ខ្នង និង​ឃុំ​ព្រែ​កមាស​១២​ខ្នង សរុប​ចំនួន​៥២​ខ្នង ​រួម​មាន​​សាលារៀន មន្ទីរ​បក្ស សាលាស្រុក និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មួយ​ចំនួន​ទៀត។

លោក​ផាន់ ​យុ​ទ្ទ​ អភិបាលស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់​ថា ​៖​ ផល​ប៉ះពាល់​នេះ​ លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​ជួយ​រុះរើ​ផ្ទះ​ ដែល​បាក់បែក ហើយ​ក្នុង​ករណី​អាច​ជួសជុល​បាន​ យើង​សហការ​គ្នា​ជួយ​ជួសជុល​ជូន​គាត់​វិញ។

លោក​បន្ត​ថា​ ៖​ ករណី​នេះ ​អាជ្ញាធរ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដោយ​យថាហេតុ​នៅ​ពេល​មាន​គ្រោះធម្មជាតិ​កើតឡើង។

សូម​បញ្ជាក់​ថា ​៖ ​ស្រុក​សៀម​ប៉ាង​ក្នុង​ដើម​ឆ្នាំ​២០១៩​នេះ ​ប្រជាពលរដ្ឋ រង​ផល​ប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង ផ្គរ​រន្ទះ​ចំនួន​៣​លើក​ហើយ​ ដោយ​រាប់​បញ្ចូល​ទាំង​លើក​នេះ​ផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114