ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​មកពី​ក្រោយ​ បុក​ស្លាប់​យ៉ាង​សង្វេគ

រតនគិរី​ ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ពីក្រោយ ក្នុង​ទិសដៅ​ស្របគ្នា​ពី​លិច​ទៅ​កើត បណ្តាល​ឲ្យ​បុរស​ម្នាក់​បោក​ក្បាល​នឹង​ផ្លូវថ្នល់​ស្លាប់​មួយ​រំពេច។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី ថ្ងៃអាទិត្យ ១០​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​៥៣៤-៥៣៣ ចំណុច​មុខផ្ទះ​លោក​ហេង ចាន់ថន ស្ថិតនៅ​ក្នុងភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគីរី​។​

អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​សាធារណ:​លោក ពុធ សា​វី បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ញៀន សុផាត ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគីរី រងរបួស​ធ្ងន់​បែកក្បាល​ (​ស្លាប់​) ​ក្រោយពេល​ដឹក​បញ្ជូន​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្ត ហើយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​(​ស៊េរី​ចាស់​) អត់​ស្លាក​លេខ។

​លោក​អធិការរង​បាន​បន្តថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ចិន សារឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​២ ឃុំ​ស្រែ​អ​ង្រ​ង ស្រុក​កូន​មុំ ខេត្តរតនគិរី រងរបួស​ស្រាល ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​2017 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម 1Q-0704​។​

​លោក​ថា ម៉ូតូ​ជនរងគ្រោះ​ជិះ​នៅ​ពីមុខ ខណៈពេលនោះ​ជនរងគ្រោះ​បាន​បត់​ចេញ​បន្តិច ស្រាប់តែ​ម៉ូតូ​មួយគ្រឿង​ជិះ​មកពី​ក្រោយ​យ៉ាង​លឿន ក៏បាន​បុក​យ៉ាង​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ បណ្តាល​ឲ្យ​ជនរងគ្រោះ​ផ្លោង​ ហើយ​បោក​ក្បាល​ទៅ​នឹង​ផ្លូវថ្នល់​ហូរឈាម​ពេញ​ផ្លូវថ្នល់​។​

ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​និង​កម្លាំង​ជំនាញ​ បាន​ចុះមក​វាស់វែង​នៅ​កន្លែង​កើតហេតុ ​និង​រឹបអូស​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​កូន​មុំ រង់ចាំ​ធ្វើការ​សម្របសម្រួល​គ្នា ក្រោយ​ចូលឆ្នាំ​ខ្មែរ​ហើយ ចេញថ្លៃ​ធ្វើបុណ្យ​ទៅ​ឲ្យ​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ដើម្បី​បញ្ចប់​រឿង។

ចំណែក​សាកសព ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូនទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114