ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទះ​១​ខ្នង​ ដែល​ទើប​​​សាងសង់​ថ្មីៗ​អស់​លុយ​រាប់​លាន​បាត ​ត្រូវ​រន្ទះបាញ់​ឆេះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់

បន្ទាយមានជ័យ​ ៖ ផ្ទះ​១​ខ្នង ​​​ទើប​នឹង​សាងសង់​ថ្មីៗ​អស់​លុយ​រាប់​លាន​បាត ​ដែល​ជា​លុយ​ញើស​ឈាម​បាន​មក​ពី​ ឪពុក ម្តាយ​និង​កូន​ពួតដៃគ្នា​ទៅ​ធ្វើ​កម្មករ​នៅ​ស្រុក​ថៃ​ ត្រូវបាន​រន្ទះបាញ់​ឆេះ​ខ្ទេច ខ្ទី​អស់​គ្មាន​សល់​មួយ​ប៉ប្រិច​ភ្នែក​​​​ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ស្រ​ណា​ល ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ តែ​ក្នុង​រន្ទះបាញ់​នោះ​មិន​ប៉ះពាល់​ដល់​មនុស្ស​ទេ។

លោក​រ័ត្ន ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​រងគ្រោះ​មាន​ឈ្មោះ ងី​ន ងិ​ក និង​ប្រពន្ធ​ឈ្មោះ កែវ ថង​ឌី រស់នៅ​ភូមិស្រ​ណា​ល ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

លោក​រ័ត្ន ដា​ស៊ី​ណង់​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ បើតាម​ការ​អះអាង​របស់​ម្ចាស់ផ្ទះ ​បាន​ប្រាប់​ថា ​ផ្ទះ​របស់​គាត់​ ដែល​ឆេះ​នោះ​ មាន ទំហំ ៧​ម៉ែត្រ គុណ ៨​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ក្រោម លើ​ឈើ បាន​មកពី​ការ​ពួតដៃគ្នា​ជាមួយ​គ្រួសារ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ​សន្សំ​បាន​លុយ​ម្តង​បន្តិចៗ​យកមក​កសាង​ផ្ទះ​នេះ​ចំណាយ​ធ្វើ​អស់​ខ្ទង់លាន​បាត។

គាត់​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ដី​របស់​គាត់​នេះ ​ធ្លាប់​មាន​បញ្ហា​រន្ទះបាញ់​២​លើក​កន្លងមក​ហើយ​ ដោយ​សារ​តែ​គ្មាន​ដី​ធ្វើ​គាត់​បន្តធ្វើ​នៅលើ​ដី​នេះ ​ហើយ​ផ្ទះ​នេះ​ធ្វើ​រួចរាល់​អស់ហើយ​ រក​តែ​វេលា​ល្អ​ដើម្បី​ធ្វើ​ពិធី​ឡើង​នៅ ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៥​ជា​ថ្ងៃ​ចូលឆ្នាំ​ទី​២​ នៅ​វេលា​ម៉ោង​ជិត​៤​ល្ងាច​​​ ​ក៏មាន​ភ្លៀង​ខ្លាំង អម​ទៅដោយ​ខ្យល់​កន្ត្រាក់​មួយសន្ទុះ​ផ្ទះ​របស់គាត់​ត្រូវ​រន្ទះបាញ់​ចំ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ទាំង​មេឃ​នៅតែ​ភ្លៀង។ ស្របពេលនោះ​ដោយសារតែ​ផ្លូវ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ឡានទឹក​របស់​ស្នងការ​មិនអាច​មកជួយ​ពន្លត់​បាន​មួយ​ម៉ោង​ ក្រោយមក​ផ្ទះ​របស់គាត់​ឆេះ​អស់ទាំង​ស្រុង​។​

បើ​តាម​ការ​ប៉ាន់ស្មាន​របស់​សមត្ថកិច្ច​របស់​របរ ​ដែល​ខូចខាត​រួមមាន ផ្ទះ​១​ខ្នង​ទើបតែ​ធ្វើ​រួច និង​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ផ្ទះ​ បើ​គិត​ជា​ទឹកប្រាក់​អស់​រាប់​លាន​បាត​ឯណោះ​។​ លោក​ងី​ន ងិ​ក និង​ប្រពន្ធ​ឈ្មោះ កែវ ថង​ឌី ថា​ ដី​នេះ​គាត់​បោះបង់ចោល​ហើយ​គាត់​ឈប់​ធ្វើ​ផ្ទះ​នៅ​បន្តទៀត​ហើយ ​នេះ​ជា​លើក​ទី​៣​ហើយ ​ត្រូវ​រន្ទះបាញ់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114