ព័ត៍មានទាន់​ហេតុការណ៏
Search

វាយ​ប្លន់​ម៉ូតូ​១​គ្រឿង​បាន​សម្រេច​ពេលយប់ ​ព្រឹក​ឡើង​សមត្ថកិច្ច​ចាប់​បាន​៤​នាក់

ភ្នំពេញ ​៖​ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​សហការ​​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​១ ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ក្នុងចំណោម​បក្ខពួក​៥​នាក់ ​នៅក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ​(​មហាលាភ​)​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​ម៉ូតូ​មួយគ្រឿង​ពី​ជនរងគ្រោះ​បានសម្រេច​រួច​យកទៅ​លាក់ទុក​នៅក្នុង​ដី​ឡូត៍​មួយកន្លែង​កាលពី​យប់​ លុះ​ព្រឹក​ឡើង​ម្ចាស់​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្តង។

ហេតុការណ៍​ឃាត់ខ្លួន​នោះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០១៩ ​នៅ​ចំណុច​ផ្ទះសំណាក់​មួយកន្លែង​យីហោ​(​មហាលាភ​)​ផ្លូវ​លេខ​២៧៣ ​ក្រុម​១​ ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​១ ​ខណ្ឌ​ឫស្សីកែវ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ទី​១/​ឈ្មោះ​ចាន់ ស​ម្ភ​ស្ស​ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ​(​មាន​សារធាតុ​ញៀន​)​។ ជនសង្ស័យ​ទី​២/​ឈ្មោះ​គ្រឿន ធា​រ៉ូ​ត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវ​បេតុង​ ភូមិ​២​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​(​មាន​សារធាតុ​ញៀន)។ ជនសង្ស័យ​ទី​៣/​ឈ្មោះ​សៅ មករា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះ​ជួល​ផ្លូវ​បេតុង​ ភូមិ​២​សង្កាត់​ជ្រោយចង្វារ​(​មាន​សារធាតុ​ញៀន)។ ជនសង្ស័យ​ទី​៤/​ឈ្មោះ​ម៉ាត់ ម៉ានស៊ូ​ត​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ​ផ្លូវ​បេតុង​ ភូមិ​២​សង្កាត់​ជ្រោយចង្វារ​(​មាន​សារធាតុ​ញៀន​)​។ ​ចំណែក​បក្ស​ពួកគេ​ម្នាក់ទៀត​ដែល​គេចខ្លួនបាត់ មិន​ត្រូវ​​​បាន​ស្គាល់​ឈ្មោះ​នោះ​ទេ​។​

រីឯ​ជនរងគ្រោះ​មានឈ្មោះ​គង់ សារី​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មាន​​មុខរប​ជាង​សំណង់​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ផ្សារ​លិច ​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ។ ​ម៉ូតូ​ជនសង្ស័យ​យកទៅ​នោះ​ម៉ាក​ឌ្រី​ម​C125១​គ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HF-1348​ បាន​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​។ ២/​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​នពណ៌​ស​។​

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៦ ​ខែមេសា ​ឆ្នាំ​២០១៩​វេលា​ម៉ោង​១​និង៣០​នាទី​អធ្រា​ត្រ​ជនរងគ្រោះ ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​៧០​ពី​កើ​តទៅ​លិច​ ពេល​ជិះ​ដល់​កន្លែង​កើតហេតុ​ផ្លូវ​បេតុង​ក្រុម​១​ ភូមិ​ទួល​សំពៅ​ សង្កាត់​ទួល​សង្កែ​១ ក៏​ជួប​ជនសង្ស័យ​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​
C125 ចំនួន​៣​គ្រឿង​ បាន​កៀរ​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ឈប់ ​រួច​បាន​ធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ​ដោយ​ដៃ ​ព្រមទាំង​គំរាម​ឲ្យ​ជនរងគ្រោះ​ថយ​ចេញពី​ម៉ូតូ​ ហើយ​ឲ្យ​ប្រគល់​សោ​ម៉ូតូ​ឲ្យ​ពួកវា។ បន្ទាប់មក​ជនសង្ស័យ​បាន​លើក​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់​ទៅ​យក​ទៅ​លាក់​ទុក​នៅក្នុង​ដី​ឡូត៍​មួយកន្លែង​នៅ​ភូមិ​២​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ។

សមត្ថកិច្ច​បាន​បន្តទៀត​ថា លុះ​ព្រឹក​ឡើង​ម៉ោង​៧ និង ០០​នាទី​ព្រឹក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ​ទី​១​។ បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​ខណ្ឌ​សហការ​​​ជាមួយ​ប៉ុ​ស្ដិ៍​ទួល​សង្កែ​១​បាន​បើក​ការស្រាវជ្រាវ​ឈានទៅ​ឃាត់​ជនសង្ស័យ​ចំនួន​៤​នាក់​នៅ​ចំណុច​ផ្ទះសំណាក់​មហាលាភ​ផ្លូវ​២៧៣​ក្រុម​១​សង្កាត់​ទួល​សង្កែ​ទី​១។ ភ្លាមៗ​នោះ​ក្រោយពី​សាកសួរ​ក្រុម​ជនសង្ស័យ​បាន​សារភាពថា ​ពួកគេ​បាន​យក​ម៉ូតូ​ដែល​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​រួច​យក​ទៅ​លាក់ទុក​កន្លែង​ខាងលើ ​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​យក​ម៉ូតូ​បាន​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​។​

​បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​រង់ចាំ​កសាង​ឯកសារ​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114