ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ហាយ​ឡេ​ន​ដឺ ​បែក​កង់​ខាង​ក្រោយ ​រេ​ចង្កូត​បុក​ម៉ូតូ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​៣​នាក់​ឪពុក​ កូន ​និង​ប្រពន្ធ​បាក់​ជើង​ខាងឆ្វេង​ដូច​គ្នា

ឧត្តរមានជ័យ ​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​រវាង​រថយន្ត និង​ម៉ូតូ ​បើកបរ​បញ្ច្រាស​ទិស​គ្នា លើ​កំណាត់​ផ្លូវ​ក្រាល​​ក្រួស​ក្រហម​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​យប់ ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច ភូមិ​អូរ​ក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​រង​របួស​ធ្ងន់។

សមត្ថកិច្ច​ចរាចរណ៍​ស្រុក​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ដឺ​ ពាក់​ស្លាក​លេខ​ សៀមរាប 2B.6242 ពណ៌​ស​ បើកបរ​ពី​ត្បូង​ទៅ​ជើង​ ​ហើយ​អ្នក​បើកបរ​រថយន្ត ឈ្មោះ​ស៊ឺ សីលា​ ភេទ​ប្រុស ​អាយុ ២៧​ឆ្នាំ រស់នៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប ​ខេត្ត​សៀមរាប។ រីឯ​ម៉ូតូ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1O.0935 ជិះ​គ្នា ០៣​នាក់ គ្មាន​ពាក់​មួក​សុវត្ថិភាព បើកបរ​ពី​ជើង​ទៅ​ត្បូង។

អ្នក​បើកបរ​ម៉ូតូ ​ឈ្មោះ​ឆាយ ឈឿន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​រស់នៅ​ភូមិ​សំរោង ឃុំ​លាំង​ដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប (​រង​របួស​បាក់ជើង​ឆ្វេង​ និង​រួម​ដំណើរ ០២​នាក់​ទៀត​ ១.​ឈ្មោះ តែម យ៉​ន ភេទ ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា (​រង​របួស​បាក់​ជើង​ឆ្វេង)។ ២.​ឈ្មោះ ឈឿន វាសនា ភេទ ប្រុស អាយុ ០៧ ឆ្នាំ (​រង​របួស​បាក់ជើង​ឆ្វេង​ដូចគ្នា)។

សមត្ថកិច្ច​បាន​បន្ត​ថា ស្ថានភាព ផ្លូវត្រង់​រថយន្ត (​ខូច​ស្រាល​) ម៉ូតូ (​ខូច​មធ្យម)។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ ៖​ បណ្តាល​មក​ពី​បែក​កង់​រថយន្ត​ផ្នែក​ខាងក្រោយ ​កង់​ខាងស្តាំ បណ្តាល​អោយ​រេ​ចង្កូត​ទៅ​បុក​ជាមួយ​នឹង​ម៉ូតូ​ ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា​តែម្តង។

ភ្លាមៗ​នោះ​ សមត្ថកិច្ច​ បាន​ចុះ​ទៅ​ដល់​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ។ ​ ចំណែក​វត្ថុ​តាង​ទាំងពីរ កម្លាំង​ជំនាញ ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114