Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សាការតារបស់ឥណ្ឌូណេស៊ី វ៉ាដាច់​តូក្យូ ក្លាយជាទីក្រុងធំជាងគេបំផុតរបស់ពិភពលោក

បានផុស

នៅ

ទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី បាន​ក្លាយជាទីក្រុង​ដ៏ធំបំផុតរបស់ពិភព​លោក​ដោយមាន​ប្រជាជនរស់នៅប្រមាណ ៤១,៩ លាននាក់ ​ដោយ​ច្រើនជាងទីក្រុងដាការបស់ប្រទេសបង់ក្លាដែស ​និងវ៉ាដាច់ទីក្រុង​តូក្យូរបស់ជប៉ុន។ នេះបើតាម​របាយការណ៍​អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីពេលថ្មីៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍ UN បង្ហាញថា​ ចំនួនប្រជាជនក្រុងតូក្យូ បានកើនឡើងយឺតជាងចំនួនប្រជាជននៃប្រទេសឥណ្ឌូណេស៊ី និងបង់ក្លាដែស ហើយជាលទ្ធផល ក្រុងតូក្យូបាន​ធ្លាក់ចំណាត់ថ្នាក់ «ទីក្រុងដែល​មាន​ប្រជាជនរស់នៅច្រើនជាងគេបំផុតទូទាំងពិភព​លោក​​» ពីលេខ១នៅឆ្នាំ ២០០០ មកលេខ ៣ នៅឆ្នាំ ២០២៥​។

គិតត្រឹមថ្ងៃទី ១ កក្កដា ឆ្នាំ ២០២៥ ក្រុងហ្សាការតាមាន​ប្រជាជនរស់នៅ ៤១,៩ លាន​នាក់ បន្ទាប់មកទីក្រុងដាកា (៣៦,៥ លាននាក់) តូក្យូ (៣៣,៤ លាននាក់) ញូវដេលីរបស់ឥណ្ឌា (៣០,២ លាននាក់) សៀងហៃរបស់ចិន (២៩,៥ លាននាក់) និងក្វាងចូវ (២៧,៥ លាននាក់)។

​របាយការណ៍ដដែល​បាន​ព្យាករថា នៅឆ្នាំ ២០៥០ ទីក្រុងដាកា នឹង​ក្លាយជាទីក្រុងមាន​ប្រជាជនច្រើនជាងគេបំផុតលើពិភព​លោក បន្ទាប់មកគឺហ្សាការតា សៀងហៃ ញូវដេលី ការ៉ាឈី (ប៉ាគីស្ថាន) ខណៈទីក្រុងតូក្យូនឹង​ធ្លាក់ចំណាត់ថ្នាក់ទៅលេខ ៧។

របាយការណ៍ UN បាន​និយាយថា ប្រជាជនរស់នៅទីក្រុងកាន់តែច្រើន ដោយឥឡូវនេះ ៤៥% នៃប្រជាជនសរុប ៨,២ ប៊ីលាន​នាក់លើពិភព​លោក​ រស់នៅទីក្រុង​ ដែលភាគរយនេះគឺខ្ពស់ជាងទ្វេដងធៀបនឹង​សមាមាត្រនៅឆ្នាំ ១៩៥០។ ២/៣ ​នៃកំណើនប្រជាជនពិភពលោកចាប់ពីឆ្នាំ ២០២៥ ដល់ ២០៥០ ត្រូវបានព្យាករថានឹងកើតឡើងនៅក្នុងទីក្រុង ​ខណៈភាគច្រើនដែលនៅសល់ គឺកើតឡើងនៅទីប្រជុំជនផ្សេងៗ។

របាយការណ៍​បន្តថា ទីក្រុងតូក្យូ និងសេអ៊ូល(កូរ៉េខាងត្បូង) គឺជាទីក្រុងតែ២គត់ក្នុងចំណោមទីក្រុងធំៗទាំង ១០ ក្នុងឆ្នាំ ២០២៥ ​ដែលឃើញពី​ការធ្លាក់ចុះនៃចំនួនប្រជាជននៅឆ្នាំ ២០៥០​ ដោយសារតែអត្រាមានកូនទាប និងការធ្លាក់ចុះចំនួនប្រជាជនសរុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម