ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កែប បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ទេសចរ​​សម្រុក​ម​ក​អបអរសាទរ​ដូច​ទឹកបាក់​ទំនប់​

កែប​ ៖ ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កែប បានធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​ជិត ឆ្ងាយ​នាំគ្នា​សម្រុក​មក​អបអរ​យ៉ាង​ពេញទំហឹង​ ដែល​ស្ទើរ​តែ​ពុំ​ធ្លាប់​មាន​ពីមុន។

សង្ក្រាន្ត​ខេត្ត​កែប​នេះ បាន​ធ្វើឡើង​ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ និង​អបអរសាទរ ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ​ឯកស័ក ព​.​ស​២៥៦៣​នេះ ​ទើប​រដ្ឋបាល​ខេត្ត​កែប បាន​បង្កើត​ព្រឹត្តិការ​ស​ង្ក្រា​ន្ត​កែប​នេះ​ឡើង ដែល​មាន​រយៈពេល​បី​ថ្ងៃ​បី​យប់ ដោយមាន​កម្មវិធី​សប្បាយៗ ជាច្រើន​ដូចជា ការតាំង​ពិព័រណ៍​ផលិតផល​ក្នុងស្រុក ពិព័រណ៍​ផលិតផល​ភេសជ្ជៈ​ផ្សេងៗ ស្តង់​លក់​ម្ហូបអាហារ​សមុទ្រ និង​មានការ​ប្រគំ​តន្ត្រី​ដ៏​​​អស្ចារ្យ​ផង​ដែរ ក្រៅពី​នេះ​ក៏​មាន​ព្រឹត្តិការ​ណ៍​លេងល្បែង​ប្រជា​ប្រិយ​ខ្មែរ ដូចជា​ចោល​ឈូង បោះ​អ​ង្គញ់ ទាញព្រ័ត្រ វាយក្អម ជាដើម​។​ល​។​

ក្នុង​ពិធី​បើក​ស​ង្ក្រា​ន្ត​ខេត្ត​កែប​នេះ លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ចំនួន​ភ្ញៀវ​ទេសចរ​ ទាំង​ជាតិ និង​អន្តរជាតិ បាន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កាន់​តែមាន​ជីវភាព​ធូរធារ តាមរយៈ​ការ​ទាញយក​ចំណូល​ពី​ការផ្តល់​សេវាកម្ម​ទេសចរណ៍​នេះ​។​

​លោក​បាន​បន្ថែមទៀតថា ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​គ្រប់​មជ្ឈដ្ឋាន​មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ ក៏ដូចជា​ដៃគូ​អភិវឌ្ឍ បាន​ធ្វើ​ឲ្យ​ខេត្ត​កែប ពីមួយថ្ងៃ​ទៅមួយថ្ងៃ មានការ​ប្រែប្រួល​គួរ​ជាទី​មោទនៈ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ សំណង់​អគារ និង​ការកែលម្អ​សោភណភាព​ជាដើម​។ លើសពីនេះ​ខេត្ត​កែប ​បាន​ទទួល​ជ័យ​លាភី​ជា​បន្តបន្ទាប់ លើ​ការងារ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​ជា​សំខាន់​លើ​ការងារ​អនាម័យ​បរិស្ថាន។

លោក​អភិបាលខេត្ត បាន​សង្កត់​ធ្ងន់​ថា​ ខេត្ត​កែប​នឹង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​កម្រិត​ខ្ពស់ និង​ទេសចរណ៍​អាយុ​វែង (Long life sity) នា​ពេល​អនាគត ដូច្នេះ​ដើម្បី​សម្រេច​ បាន​ទិសដៅ​នេះ ត្រូវតែ​មាន​ការចូលរួម​ពី​យើង​ទាំង​អស់គ្នា ទាំង​ការ​សម្អាត​បរិស្ថាន ការ​ថែរក្សា​ធនធានធម្មជាតិ និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​មកលេង​សូម​បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវមាន​អធ្យាស្រ័យ​គ្នា ចំពោះ​ការបើកបរ​តាម​ដងផ្លូវ ត្រូវ​ពាក់មួក ពាក់​ខ្សែ​​ក្រ​វាត់​សុវត្ថិភាព និង​កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ដែល​នឹង​អាច​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ក្រៅពីនេះ​ការរៀបចំ​គ្រឿង​សក្ការៈបូជា​ទទួល​ទេវតា​ឆ្នាំ​ថ្មី ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ ជៀសវាង​អុច​ធូប​ទៀន​ទុកចោល អាច​នឹង​ឆាបឆេះ​ផ្ទះសំបែង ខូចខាត​ទ្រព្យសម្បត្តិ​ដែរ​ខិតខំរ​កដោយ​លំបាក​ជា​យូរ​មកហើយ​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114