ព័ត៍មានទាន់​ហេតុការណ៏
Search

រន្ទះបាញ់​ខែចេត្រ ​ឆក់យក​ជីវិត​កុមារី​ម្នាក់​ គួរ​ឲ្យ​សង្វេគ​ នៅ​ស្រុក​ត្រាំកក់​

​តាកែវ ៖ ក្មេង​ស្រី​ដែលមាន​អាយុ​ទើបតែ​១១​ឆ្នាំ​ម្នាក់ ​ត្រូវបាន​រន្ទះបាញ់​ខែចេត្រ​ឆក់យក​ជីវិត​គួរ​ឲ្យ​សង្វេគ​ ខណៈ​ត្រឡប់​មកពី​មើល​គេ​រាំច្រៀង​វិញ​ នា​រដូវ​ចូលឆ្នាំថ្មី​ ក្នុង​វត្ត ​ពេល​មេឃ​កំពុង​ភ្លៀងរលឹម​។​

ហេតុការណ៍​គ្រោះធម្មជាតិ​កើត​រន្ទះបាញ់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​០០​នាទី ចំ​ថ្ងៃ​ចូលឆ្នាំ​ទី​២ ​ស្ថិតនៅ​ភូមិ​នៀល ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។
ក្មេងស្រី​រងគ្រោះ​មានឈ្មោះ សុខ ភក្ដី ភេទ​ស្រី អាយុ​១១​ឆ្នាំ ជា​សិស្ស​។

តាម​ការ​ឲ្យ​ដឹង​ពី​អាណា​ព្យាបាល​បាន​ប្រាប់ថា មុនពេល​កើតហេតុ កូនស្រី​ពួកគាត់​បានមកពី​លេង​នៅ​វត្ត​កោះ​ក្អែក លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ បានធ្វើ​ដំណើរ​ត្រឡប់មកផ្ទះ​វិញ​ស្របពេល​ដែល​មេឃ​កំពុងមាន​ភ្លៀង​ធ្លាក់​ផង​នោះ លុះ​មកដល់​ពាក់​កណ្ដាលផ្លូវ​ក៏ត្រូវ​រន្ទះបាញ់​បណ្ដាល​ឲ្យ​ដួល​ស្លាប់​នៅនឹងកន្លែង​ ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៣០០​ម៉ែត្រ​។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ នៃ​អធិការ​នគរបាល​ស្រុក​ត្រាំកក់​ បាន​ចុះ​ធ្វើ​កំណត់ហេតុ​ និង​កោសល្យវិច័យ​ឃើញថា ក្មេងស្រី​រងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ត្រូវ​រន្ទះបាញ់​ពិតប្រាកដ​មែន​ ហើយ​បាន​ប្រ​គល់​សព​ជូន​ឪពុកម្ដាយ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕