ព័ត៍មានទាន់​ហេតុការណ៏
Search

ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​រយៈពេល​៣​ថ្ងៃ​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បន្ទាយមានជ័យ ​កើត​មាន​ឡើង​២​ករណី ​របួស​ធ្ងន់​៣​នាក់​ និង​ស្រាល​៣​នាក់

បន្ទាយមានជ័យ​ ៖​ តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍​ខេត្ត​បន្ទាយមានជ័យ ​បាន​ឲ្យ​ដឹង​ថា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤​ ខែ​មេសា ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា ឆ្នាំ​២០១៩​នេះ ​គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង​២​ករណី​ របួសធ្ងន់​៣​នាក់ ​និង​ស្រាល​៣​នាក់។

លោក​វរសេនីយ៍ សួន​ នី​ប៉ូ​ នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ក្នុង​ឱ​កាស​បុណ្យចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ​ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ខេត្តបន្ទាយមានជ័យ​កើតឡើង​ចំនួន​២​ករណី ​ក្នុងនោះ​ស្រុក​មង្គល​បូរី​១ ​ករណី​របួសធ្ងន់​១​នាក់ និង​ស្រុក​ថ្មពួក​១​ករណី ​របួសធ្ងន់​២​នាក់​ និង​របួសស្រាល​៣​នាក់​ ហើយ​គ្រោះថ្នាក់​នេះ​ ប្រភេទ​ធ្ងន់​ចំនួន​២​ករណី ​មូលហេតុ រថយន្តបុក​នឹង​ថ្មើរជើង ម៉ូតូ​បុក​ និង​ម៉ូតូ បណ្តាលមកពី​កត្តា​មនុស្ស​បើក​ក្នុង​ល្បឿន​លឿន​។

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​គ្រោះថ្នាក់​ទាំង​២​ករណីនេះ ​បណ្តាលមកពី​បើកផ្លូវ​ត្រង់ ផ្លូវបំបែក​ជា​បី ហើយ​បើក​នៅពេល​យប់ សម្ភារៈ​ដែល​ខូចខាត​រួមមាន ​ម៉ូតូ​ខូច​ធ្ងន់​១​គ្រឿង​ និង​ស្រាល​១​គ្រឿង​។

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃនេះ​ ជា​មហា​ប្រសើរ ក្នុង​ក្រុម​គ្រួសារ​ខ្មែរ និង​សង្គមជាតិ​ទាំងមូល ក្នុង​ការទទួល​ទេវតា​ឆ្នាំ​ថ្មី​ ឆ្លៀត​ក្នុង​ឱកាស​នក្ខត្តឫក្ស​នេះ​ផងដែរ​ដោយសារតែ​មានការ​អំពាវនាវ​ពី​សំណាក់ លោក​អភិបាលខេត្ត សួន បវរ​ ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ពិសេស​ក្រុមយុវជន យុវនារី​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ កុំ​ប្រើប្រាស់​គ្រឿងញៀន ទាំង​ការផលិត​ចរាចរណ៍ រក្សាទុក​ជួញដូរ ចែកចាយ ព្រោះ​វា​ជា​អំពើ​ខុសច្បាប់​ កុំ​លេងល្បែង​ស៊ីសង គោរព​ច្បាប់​ចរាចរណ៍ កុំ​លេង​គប់​ទឹក​តាម​ដងផ្លូវ​សាធារណៈ និង​ចូល​ប្រុងប្រយ័ត្ន ភ្លើងអគ្គិសនី ធូប ទៀន ភ្លើងចង្ក្រាន ការពារ​ផ្ទុះ​សេ ខ្សែភ្លើង ដែល​បង្ក​ឲ្យ​ឆេះ​រាលដាល បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ជា​ដើម​ ទើប​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​៣​ថ្ងៃនេះ ​មានការ​ថយចុះ​ជាង​ឆ្នាំមុនៗ ​គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ឡើយ​៕​