ព័ត៍មានទាន់​ហេតុការណ៏
Search

បើកបរ​ហួស​ល្បឿន​កំណត់ ​រេ​ចង្កូត​ក្រឡាប់​ស្លាប់​ម្នាក់ ​របួសធ្ងន់​ស្រាល​៧​នាក់​

​រតនគិរី ៖ យ៉ាងហោចណាស់​ មាន​មនុស្ស​ក្មេង​ចាស់​ប្រុស/​ស្រី​ចំនួន​៨​នាក់​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ៧​នាក់​ទៀត ​រង​របួស​ធ្ងន់​ស្រាល​។​

ហេតុការណ៍​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខ្លួនឯង ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ពុធ ១៣​កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ ត្រង់​ចំណុច​ផ្ទះ​ចម្ការ​ ឈ្មោះ ​មឿ​ន លឿន ស្ថិតនៅ​ក្នុង​ភូមិ​វ៉ង ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ ខេត្ត​រតនគិរី​។​

មន្ត្រី​នគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹង​ថា ៖
ទី​១-​ឈ្មោះ នួន ស្រី​នាង ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ឡាវ​(​ស្លាប់​)​ នៅ​នឹង​កន្លែង​។​
ទី​២-​ឈ្មោះ ដៀង ភៀន ភេទ​ស្រី អាយុ​៧០​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​កសិករ របួសធ្ងន់​។​
ទី​៣-​ឈ្មោះ នួន ជួន ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​កសិករ របួសធ្ងន់​។​
ទី​៤-​ឈ្មោះ គិ​ម កា​ការ ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​សិស្ស របួសធ្ងន់​។​
​ទី​៥-​ឈ្មោះ ជា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នកបើកបរ របួសស្រាល។ ជនរងគ្រោះ​ទាំង​៥​នាក់​ខាងលើ រស់នៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។ ចំណែក​ជនរងគ្រោះ​៣​នាក់​ទៀត​ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

​មន្ត្រី​នគរបាល​បាន​បន្តទៀតថា ដោយ​ជនរងគ្រោះ​ទាំង​៨​នាក់​ខាងលើនេះ បាន​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ កំពង់ចាម​2A-4314 បើកបរ​ក្នុង​ល្បឿន​លឿន​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ក្រឡាប់​ជាច្រើន​ត្រឡប់​ផ្ងារជើង​ឡើងលើ​តែម្ដង​។​

​ក្រោយ​កើតហេតុ ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​អន្តរាគមន៍​ ត្រូវបាន​រថយន្ត​សាមុយ​របស់​ស្នងការ​ខេត្ត​ដឹក​ជនរងគ្រោះ​ទាំង​៧​នាក់​ យកទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​ផង​ដែរ​។​

​ដោយឡែក​ សព​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114