ព័ត៍មានទាន់​ហេតុការណ៏
Search

​ឃាត់ខ្លួន​មេខ្លោង​ក្រុមបងធំ​ ដែល​ដេញ​កាប់​គ្នា​បាន​ម្នាក់ ​ចំណែក​បក្ខពួក​មួយ​ចំនួន​ទៀត ​កំពុង​តាម​ចាប់​ខ្លួន​បន្ត​

កំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ ដែល​ជា​មេខ្លោង​ក្រុម​បងធំ ដែល​បាន​ដេញ​កាប់​គ្នា​ កាលពី​រសៀល​ថ្ងៃ​ទី​១៦​មេសា នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ទាំង​កណ្តាល​ថ្ងៃ ផ្អើល​ប្រជាពលរដ្ឋ​តាម​ផ្លូវ បានគេច​ខ្លួន​ត្រឹមតែ​១​ថ្ងៃ ក៏​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​តាម​ប្រមាញ់​ចាប់​ខ្លួនបាន នៅ​វេលា​ម៉ោង២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី។

លោក​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​មេខ្លោង​ក្រុម​ក្មេង​ទំនើង​ដែល​បាន​ឃាត់ខ្លួន​នេះ​មាន ឈ្មោះ កង សារឿន ហៅ​បារាំង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឱក​ញ៉ា​ប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស ដែល​បង្កឡើង​នៅ​ចំណុច​ខ្លា​កូន ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង​១៥​និង​៤០​នាទី។ ដោយ​រូបគេ​ និង​បក្ខ​ពួកក្រុម​ក្មេង​ទំនើង​ទាំងនេះ ​បាន​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្នា​នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​ត្រ​ឡែ​ង​កែង ដោយ​ប្រជាពលរដ្ឋ​បាន​បង្ហោះ​រូបភាព​ដែល​គេ​កំពុង​ដេញ​កាប់​គ្នា សំណូមពរ​ដល់​លោកស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ចាត់វិធានការ​ទៅលើ​ជនសង្ស័យ​ដែល​បង្ក​ការភ័យខ្លាច​ដល់​ប្រជា​ពលរដ្ឋ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​អនុវត្តន៍​គោល​នយោបាយ​ភូមិ/​ឃុំ​មាន​សុវត្ថិភាព ទើប​សមត្ថកិច្ច​ប្រើប្រាស់​កម្លាំង​តាមដាន​យ៉ាងសកម្ម​ចាប់​ខ្លួន​ជនសង្ស័យ​បាន​ជោគជ័យ ចាត់​កាត​តាមផ្លូវ​ច្បាប់។ ដោយឡែក បក្ខ​ពួកគេ​មួយចំនួនទៀត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ចាប់ខ្លួន។

ទាក់ទង​នឹង​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ ធ្វើឲ្យ​ប្រជាពលរដ្ឋ​អបអរសាទរ​យ៉ាង​ខ្លាំង ប៉ុន្តែ​ជនរងគ្រោះ​របួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណីនេះ​មាន​ប៉ុន្មាន​នាក់ ​រស់នៅ​ទីណា ​និង​មាន​សភាព​យ៉ាង​នោះ សមត្ថកិច្ច​មិនទាន់​ប្រាប់​អ្នកកាសែត​ឲ្យ​ដឹង​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114