ព័ត៍មានទាន់​ហេតុការណ៏
Search

បុណ្យ​ចូលឆ្នាំ​ខ្មែររយៈពេល៣ថ្ងៃ នៅខេត្ត​ត្បូងឃ្មុំ​​ មានគ្រោះថ្នាក់​ចរាចរណ៍១​ករណី

​ត្បូងឃ្មុំ ​៖ បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ ឆ្នាំ​២០១៩​នេះ រយៈពេល​៣​ថ្ងៃ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍១​ករណី ដែល​បង្កឡើង​ដោយ​រថយន្ត​កាមរី​បា​ឡែ​ន បាន​ព្រលះ​ជាមួយ​រថយន្ត​ហ៊ីយិន​ដាយ​ពីក្រោយ​ចំ​យ៉ាង​ពេញទំហឹង បណ្ដាលឲ្យ​មនុស្ស​៣​នាក់ បាន​ត្រដរ​ខ្យល់​ស្លាប់​មួយ​រំពេច​នៅ​នឹងកន្លែង​កើតហេតុ និង​ មនុស្ស​ម្នាក់ទៀត​ បាន​ប្រកាច់​ដង្ហើមចង្រិត​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ នៅ​ម៉ោង​២​ទៀបភ្លឺ ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៧ ចំណុច​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៤៨-១៤៨ ស្ថិត​ក្នុងភូមិ​ពណ្ណរាយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។ ក្រោយ​កើតហេតុ ​អ្នកបើកបរ​រថយន្ត​ហ៊ីយិន​ដាយ​ បាន​រត់​បាតជើង​ស​ព្រាត​ គេចខ្លួន​បាត់ស្រមោល​តែម្តង​ទៅ។​

លោក​ឧត្ដមសេនីយ៍​ត្រី ឈឹម គឹមហុង ស្នងការ​រង​ទទួល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខេត្ត​ត្បូងឃ្មុំ​បានបញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ថ្ងៃបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ខ្មែរ​នេះ ខេត្ត​ត្បូងឃ្មុំ​របស់​យើង ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​១​ករណី​គត់ ពោលគឺ នៅ​ថ្ងៃកើតហេតុ​ខាងលើ មូលហេតុ​ដោយសារ​ការបើកបរ​​ប្រើ​ល្បឿន​លឿន ក្នុងទិសដៅ​ស្រប​ទិស​គ្នា ជាហេតុ​បណ្ដាលឲ្យ រថយន្ត​កាមរី ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បាន​បុក​ចំ​ពីក្រោយ​រថយន្ត​ហ៊ីយិន​ដាយ​ ពណ៌​ស គ្មាន​ស្លាក​លេខ លាន់ឮ មិន​ចាញ់​មីស៊ីល​បាញ់​នៅ​ស៊ីរី​នោះ​ទេ ជា​លទ្ធផល អ្នកបើកបរ​រថយន្ត​កាមរី​បា​ឡែ​ន​ ១-​ឈ្មោះ សៅ សុធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ស្លាប់​មុនគេ​នៅនឹងកន្លែង​កើតហេតុ។ ២-​ឈ្មោះ កាន់ សា​វី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)។ ៣-​ឈ្លោះ លី ផល្លា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល (​ស្លាប់​នៅ​នឹងកន្លែង​កើតហេតុ​)។ និង​អ្នកជិះ​រួម​ដំណើរ​ម្នាក់ទៀត​ ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​អូ​តា​គាំ​១ សង្កាត់​ទួល​តា​អែក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង (​របួសធ្ងន់​)។​

លោក​ស្នងការរង​បានបញ្ជាក់​ទៀតថា ក្រោយ​កើតហេតុ អ្នករបួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្តកំពង់ចាម រី​ឯ​សាកសព​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ រថយន្ត​ទាំង​ពីរ​ អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​សួង ចាត់ការ​ទៅតាម​នីតិ​វិធី។​

លោក​ស្នងការរង​បានបញ្ជាក់​ទៀតថា បុណ្យចូលឆ្នាំ​ខ្មែរ ​ឆ្នាំ​២០១៩​នេះ ខេត្ត​ត្បូងឃ្មុំ​របស់​យើង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ តែ​១​ករណីនេះ​ទេ បើ​ធៀប​ឆ្នាំទៅ​ឆ្នាំនេះ​លើស​១​ករណី ខណៈ​ឆ្នាំទៅ មិន​មាន​កើតហេតុ​អ្វី​នោះ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114