ព័ត៍មានទាន់​ហេតុការណ៏
Search

សាលាខេត្ត​កំពង់ឆ្នាំង រៀបចំ​ពិធី​ស្រង់​ព្រះ​ និង​ងូតទឹក​ជូន​ចាស់ៗ​ នៅ​សួនច្បារ​ដើម​ពោធិ៍​ក្រុង​កំពង់​ឆ្នាំង​​

កំពង់ឆ្នាំង ៖ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង នៅរសៀល ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ទី​បី​ នៃ​ពិធី​ចូលឆ្នាំ​ខ្មែរ ក្នុង​ពិធី​ស្រង់​ព្រះ និង​ងូតទឹក​ជូន​ចាស់ៗ​នៅក្នុង​សួនច្បារ​ដើម​ពោធិ៍ ​ក្រុង​កំពង់ឆ្នាំង​ បាន​ថ្លែងថា​ ពិធី​ស្រង់​ព្រះ និង​ងូតទឹក​ជូន​ចាស់ៗ​ជា​អ្នកមានគុណ គឺជា​ទំនៀម​ទម្លាប់​របស់​ដូនតា​ខ្មែរ​ពី​បុរាណកាល​មក ដែល​យើង​ជា​កូនចៅ ​ត្រូវតែ​ថែរក្សា​គោរព​ប្រតិបត្តិ​ជា​រៀង​រហូត​តទៅ ​កុំ​ឲ្យ​​បាត់បង់ ព្រោះ​ការគោរព​ធ្វើ​ពិធី​នេះ ដើម្បី​សុំខមាទោស​នូវ​ការខុសឆ្គង​នូវ​អំពើ​ផ្សេងៗ​ក្នុង​ឆ្នាំ​ចាស់​ពី​ព្រះពុទ្ធ​ជា​ម្ចាស់​ និង​អ្នកមានគុណ​របស់​យើង និង​សេចក្តីសុខ សេចក្ដីចម្រើន​សូម​មាន​ដល់​កូនចៅ ក្នុង​ឆ្នាំ​ថ្មី​នេះ។ ដោយឡែក ​នៅក្នុង​ពិធី​នេះ ក៏មាន​លោកជំទាវ​អភិបាលរង​ខេត្ត លោក​ លោកស្រី​ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត និង​ចាស់ព្រឹទ្ធាចារ្យ និង​ យាយជី តាជី នៅក្នុង​ខេត្ត​ផង​ដែរ។​

​ឯកឧត្ដម​អភិបាលខេត្ត​បាន​បន្តថា​ ពិធី​ស្រង់​ព្រះ​នេះ ​អាជ្ញាធរខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត តែង​ប្រារព្ធ​ធ្វើឡើង​មិនដែល​ដាច់​នៅពេល​ចូលឆ្នាំ​ខ្មែរ​ម្ដងៗ ដោយមាន​ជំនឿ​ពី​បុរាណ​មក​ថា ការ​ស្រង់ ព្រះ​បដិមា និង​ងូតទឹក​ជូន​ចាស់ៗ ទទួល​បាន​មក​វិញ​នូវ​សេចក្ដី​សុខ​ចម្រើន និង​ភាព​ត្រជាក់ត្រជំ ដល់​ខ្លួន​យើង និង​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​ផងដែរ។

ដូច្នេះ​ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ត្រូវតែ​ធ្វើ​ពិធី​នេះ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​រៀងរាល់​ឆ្នាំ​ កុំ​បោះបង់​ចោល​ឡើយ ដើម្បី​ថែរក្សា​ប្រពៃណី​នេះ​ឲ្យ​បាន​គង់វង្ស​រហូត​ទៅ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បន្តវេន​ប្រតិបត្តិ​តាម​យើង​ជា​មាតាបិតា និង​ជា​គ្រូអាចារ្យ ជា​គ្រូបាធ្យាយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114