ព័ត៍មានទាន់​ហេតុការណ៏
Search

លី រិទ្ធី ជួប តា​គួ​ន​សិ​ង្ហា ឯ អ៊ូច ធា​រិ​ទ្ធ ជួប ហ្វា​ម៉ៃ នៅ​សង្វៀន​ស្ទឹងមានជ័យ​ថ្ងៃ​សុក្រ​នេះ

ប្រដាល់ ៖ លី រិទ្ធី អ្នក​ប្រដាល់​មកពី​ក្លិប​មី​ស្ទ័​រលី​គុន​ខ្មែរ​ខេត្ត​សៀមរាប និង​អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​សៅរ៍ ​ទី​១៩​ ខែ​មេសា ឆ្នាំ​២០១៩​នេះ។​

លី រិទ្ធី ដែលជា​អ្នក​ប្រដាល់​ចំណូល​ថ្មី គេ​នឹងត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ តា​គួ​ន​សិ​ង្ហា ថ​.​ចតុ​ថេ​ន ( Takunsingha Thor.Jatutan) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧៥​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ដែល​មក​កម្ពុជា​ច្រើនលើក​ហើយ​កន្លងមក។ តែ​សម្រាប់​លី រិទ្ធី អ្នក​ប្រដាល់​កម្ពុជា​យើង​ជា​លើក​ទី​១​ប៉ុណ្ណោះ ដែល​មក​ប្រកួត​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះ។​

រិទ្ធី ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នា​ក់នៅ​កម្ពុជា។ គេ​មាន​កណ្ដាប់ដៃ និង​ជង្គង់​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។ តែ​អ្នក​ប្រដាល់​រូបនេះ វាយ​រាង​ឆាប់​អស់កម្លាំង​ស៊ុ​ហ្វ តែ​ស៊ូ​ចំពោះ​ការប្រកួត។ នេះ​បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ វាយ​មិន​សំចៃ​ដៃ​ឡើយ​។ ​ប៉ុន្តែ​យ៉ាងណា លី រិទ្ធី​ មិនអាច​មើលស្រាល តា​គួ​ន​សិ​ង្ហា ​បានទេ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ក៏មាន​ផ្លែ​ល្អ និង​កលល្បិច​ខ្ពស់​ផងដែរ​។​

តា​គួ​ន​សិ​ង្ហា ថ​.​ចតុ​ថេ​ន ជា​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុកថៃ។ បើតាម​ដំណឹង​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​បាន​៧៤​លើក ឈ្នះ​៦២​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក។ ចាំមើល លី រិទ្ធី តើ​គេ​អាច​យកឈ្នះ​តា​គួ​ន​សិ​ង្ហា បាន​ឬ​អត់​?។​

ចំពោះ អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ហ្វា​ម៉ៃ ស៊ីត យ៉​ត​ស្យ៉ា​ម ( Famai Siote Yodsiam ) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ ពួកគេ​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​០៣​ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​អ៊ូច ធា​រិ​ទ្ធ ឈ្នះ​ហ្វា​ម៉ៃ ដោយ​ពិន្ទុ​។​ ដូច្នេះ​ការជួបគ្នា​លើក​នេះ ជា​ការជួប​សងសឹករ​បស់​ហ្វា​ម៉ៃ តែ​មិនដឹងថា ហ្វា​ម៉ៃ ​អាច​សងសឹក ​អ៊ូច ធា​រិ​ទ្ធ បានសម្រេច​ឬ​អត់​នោះឡើយ​?។

អ៊ូច ធា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​១៦​លើក និង​ឡាវ​១​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី១៧ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​មុន​ថ្ងៃ​ចូលឆ្នាំ​នោះ (១៣​មេសា​២០១៩) គេ​បាន​ផ្ដួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ ផេ​ត​វី​មុត (Petchvimutti) ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ។​

ធា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៦៦​លើក ក្នុងនោះ​វាយ​ឈ្នះ​៤៧​លើក ចាញ់​១៤លើក និង​ស្មើ០៥​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ធា​រិ​ទ្ធ អាច​យកឈ្នះ​ហ្វា​ម៉ៃ បាន​ទៀត​ដែរ​ឬក៏​អត់​នោះទេ​?។​

​ហ្វា​ម៉ៃ គេ​ក៏​ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧០​លើក ឈ្នះ​៥៨​លើក ចាញ់​១១​លើក និង ស្មើ​០១​លើក។ ចាំមើល រវាង អ៊ូច ធា​រិ​ទ្ធ និង ហ្វា​ម៉ៃ តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​លើក​ទី​២​នេះ?។​

ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ម៉ន វ៉ា​ន្នី ក្លិប​ការិយាល័យ​ទី​៥​កងទ័ព​ជើងគោក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ជន សាវុធ អ្នក​ប្រដាល់​ក្លិប​កងពល​ដឹកជញ្ជូន​លេខ​៩០ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥៤ គីឡូក្រាម។​

រវាង ឯម សុធី និង នី​ម នន នេះ ពួកគេ​ទាំងពីរ​ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កន្លងមក ដែល​ក្នុងការ​ជួបគ្នា​(០៩​មីនា​២០១៩)​នោះ ជុន សាវុធ ចាញ់ ម៉ន វ៉ា​ន្នី ដោយ​ពិន្ទុ ។ ចាំមើល តើ​ជុន សាវុធ អាច​សងសឹក​យកឈ្នះ​ម៉ន វ៉ា​ន្នី បាន​វិញ​ឬ​អត់​? ក្នុង​ការជួប​ប្រកួត​លើក​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114