ព័ត៍មានទាន់​ហេតុការណ៏
Search

ស្លាប់​បាត់​បង់ជីវិត​ម្នាក់​ របួស​ធ្ងន់​ស្រាល​បួន​នាក់​ ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​តាកែវ

តាកែវ ​៖​ គិត​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​មាន​រយៈពេល​បី​ថ្ងៃ សម្រាប់​ខេត្តតាកែវ​ទាំងមូល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២​ករណី បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​មនុស្ស​០៥​នាក់​។​

​លោក សៅ ច័ន្ទ​សំណាង នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០២​ករណីនេះ បាន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​០៥​នាក់ លើ​១៣​នាក់ ថយចុះ​០៨​នាក់​ស្មើ​នឹង​៦១,៥៣​ភាគរយ ក្នុងនោះ​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​០១​នាក់​(​ប្រុស​) លើ​០៤​នាក់ ថយ​ចុះ​០៣​នាក់ ស្មើ​នឹង​៧៥​ភាគរយ។ ចំណែក​របួសធ្ងន់​មាន​ចំនួន​០៣​នាក់​(​ប្រុស​) លើ​០៨​នាក់ ថយចុះ​០៥​នាក់ ស្មើ​នឹង​៦២,៥​ភាគរយ។ របួសស្រាល​០១​នាក់​(​ប្រុស)។

លោក​នាយ​ការិយាល័យ​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​ឲ្យ​ខូច​ខាត​មធ្យោបាយ​សរុប​០៤​គ្រឿង លើ​១២​គ្រឿង ថយ​ចុះ​០៨​គ្រឿង (ម៉ូតូ​ទាំង​០៤​គ្រឿង​​) ហើយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ជា​កត្តា​របស់​មនុស្ស​ដោ​យ​បើកបរ​យានជំនិះ​មិន​គោរព​ច្បាប់​ចរាចរណ៍​និង​ខ្វះ​ការយោគយល់​គ្នា​គឺ​លើស​ល្បឿន​កំណត់​មួយ​ករណី វ៉ា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន​មួយ​ករណី។

​លោក សៅ ច័ន្ទ​សំណាង នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​នៅពេល​បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ជៀសវាង​កើត​គ្រោះថ្នាក់​ជាយថាហេតុ ហើយ​ហាម​ដាច់​ខាត​កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ដែល​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114