ព័ត៍មានទាន់​ហេតុការណ៏
Search

សេង ស្រឿ​ន អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​លំ ឡេង បាន​ឬ​អត់ ?

ប្រដាល់ ៖ សេង ស្រឿ​ន អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​លំ ឡេង (Loom Leng) នា​យប់​ថ្ងៃ​សៅ​ ទី​២០ ខែ​មេសា​ ឆ្នាំ​២០១៩​នេះ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​TV5 Knock Out Series by K.Cement រដូវ​កាល​ទី​៥ ទម្ងន់​៥៤​គីឡូក្រាម នៅ​សង្វៀន​TV5 ព្រែកកំពឹស។

សេង ស្រឿ​ន និង លំ ឡេង មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០ គីឡូក្រាម។ សេង ស្រឿ​ន គេ​ជា​ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា ទម្ងន់​៦៥​គ​.​ក្រ។ អ្នក​ប្រដាល់​រូបនេះ គេ​ល្អ​ទាំង​កណ្ដាប់ដៃ ជង្គង់ និង កែង។ សេង ស្រឿ​ន ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​២៧​លើក​ហើយ​កន្លងមក ដោយ​ឈ្នះ​១៩​លើក​ និង​ចាញ់​០៧​លើក​និង​ស្មើ​០២​លើក។

អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក​រូបនេះ មួយរយៈ​កន្លងមកនេះ គេ​មានការ​រីកចម្រើន​ខាង​ក្បាច់​គុន​ច្រើន ធ្វើ​ឲ្យ​គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់ ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក​នោះ។

ជាក់ស្តែង ក្នុងការ​ប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Jean Rab ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​៣១​មីនា​២០១៩ តែ​សម្រាប់​លើក​នេះ សេង ស្រឿ​ន មិនដឹងថា​អាច​យកឈ្នះ​លំ ឡេង បាន​ឬ​អត់​នោះទេ​? ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​គេ​ជា​ជើង​ខ្លាំង​និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ​នាពេល​កន្លងមក។

លំ ឡេង អ្នក​ប្រដាល់​ថៃ ដែល​មកជួប​សេង ស្រឿ​ន នេះ គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៣,៥០០ ហើយក៏​ជា​អ្នក​ប្រដាល់​ជើងចាស់ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប្រមាណ​១២​លើក​ហើយ​កន្លង​មក។ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ​រូបនេះ ដែល​មិន​ងាយ​មាន​នរណា​វាយ​ឈ្នះ​គេ​ទេ​។ គេ​ប្រកួត​មាន​ប្លង់​តាម​លក្ខណៈ​បច្ចេកទេស ទាំង​កណ្ដាប់ដៃ ទាំង​ជើង​ទាត់ ជង្គង់​កែង គឺ​មាន​កំប្លេ​តែម្តង។ លំ ឡេង ធ្លាប់​មក​ប្រកួត​ និង​ធ្លាប់​ឈ្នះ​និង​ចាញ់​អ្នក​ប្រដាល់​កម្ពុជា​ច្រើន​នាក់ ហើយ​កន្លងមក​។ ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៧៨​លើក ឈ្នះ​៦៥​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក។​

ចាំមើល ការប្រកួត​លើក​នេះ​ជាមួយ​លំ ឡេង សេង ស្រឿ​ន​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនោះ បាន​ឬ​អត់?។​
​ ​
ចំពោះ​ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.cement ទម្ងន់​៥៤​គីឡូក្រាម លើស​ង្វៀន​TV5 ព្រែកកំពឹស នៅ​យប់​ថ្ងៃ​សៅ​ ទី​២០​ ខែ​មេសា ឆ្នាំ​​២០១៩​នេះដែរ ជាការ​ប្រកួត​លើក​ទី​៧ ក្នុង​ជម្រុះ​ជុំ​ទី​១ ដែលមាន​អ្នក​ប្រដាល់ ៤ រូប ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ជុំ​ទី​២​បន្តទៀត​នោះ។​

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​៧​នេះ សេក សារ៉ាន់ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប នឹង​ជួប​ប្រកួត​ជាមួយ ម៉ៅ ប៉ោក អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី។

ការជួបគ្នា​រវាង​សេក សារ៉ាន់ និង ម៉ៅ ប៉ោក នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា ម៉ៅ ប៉ោក គឺ​មិនអាច​ឈ្នះ​សេក សារ៉ាន់ នោះឡើយ។ ព្រោះ​សេក សារ៉ាន់ គេ​ជា​ជើងចាស់ និង​វាយ​មាន​ផ្លែ​ល្អ​ជាង​ម៉ៅ ប៉ោក។ ហើយ​មួយទៀត សារ៉ាន់​វាយ​បុក​ខ្លាំង ​និង​មាន​កម្លាំង​កាយសម្បទា​ល្អ​រឹងមាំ​ជាង​ម៉ៅ ប៉ោក។ ចាំមើល តើ សេក សារ៉ាន់​អាច​យកឈ្នះ​ម៉ៅ ប៉ោក បានដែរ​ឬ​អត់?។​

​ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង ខ្នើយ នឿន អ្នក​ប្រដាល់​ជើង​ថ្មី នៃ​ក្លិប​មោង​ឬស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង និង លី តក់ អ្នក​ប្រដាល់​ក្លិប​ប្រយុទ្ធ​គុន​ខ្មែរ។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក ដោយសារ​ពួកគេ​ទាំងពីរ ជា​អ្នក​ប្រដាល់​ថ្មី​ស្រករ​ក្រោយ​ដូចគ្នា។ យ៉ាងណា ការ​ប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ពុំ​ដឹងថា​នរណា​ជា​អ្នកមាន​សំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះ​ទេ ?​។​

សូមបញ្ជាក់ថា ការប្រកួត​ក្នុង​ជុំ​ទី​១​នេះ គឺ​ប្រកួត​តែ​បី​ទឹក​ទេ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក​២​នាទី ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Knock Out Series by K.cement ទម្ងន់​៥៤​គីឡូក្រាម មាន​អ្នក​ប្រដាល់​ចំនួន​៣២​នាក់​ចូលរួម ហើយ​ចែកចេញជា ៤ ជុំ និង​មាន​រូបមន្ត​ប្រកួត គឺ​ជុំ​ទី​១​ជាការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់។

មកដល់ពេលនេះ គឺមាន​អ្នក​ប្រដាល់​ចំនួន​១២​រូប​ហើយ ដែល​បាន​កក់​កៅអី​សម្រាប់​ជុំ​ទី​២ គឺ​ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ,​ចាន់ សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ , ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ត​កីឡា​, គួ​ន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ​កីឡា , អេ ហនុមាន ក្លិប​អេ​ភូ​ថង​កីឡា , ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​,​គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​, ខេ​ម ចាន់ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ , ឫទ្ធិ សាស្ត្រា​វុ​ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ ,​សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក ,​អេ​អាំ​ម៉ា​រី​ន ភូ​ថង ក្លិប​អេ​ភូ​ថង​កីឡា និង ជី ឆៃលី ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២៕